សេដ្ឋកិច្ច
បារាំងផ្តល់ហិរញ្ញប្បទានជាង ២០ លានអឺរ៉ូ ស្តារប្រព័ន្ធធារាសាស្រ្ត
រដ្ឋាភិបាលបារាំងផ្តល់ហិរញ្ញប្បទានបន្ទាន់ដល់កម្ពុជាចំនួនប្រមាណជាង ២០ លានអឺរ៉ូ ដល់កម្ពុជាដើម្បីការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្ត ដែលបានខូចខាតដោយសារគ្រោះទឹកជំនន់ កាលពីខែតុលា ឆ្នាំ ២០២០ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ និង ហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់ចំនួន ៣០០ ០០០ អឺរ៉ូ សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង ស្តារឡើងវិញស្ទឹងស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ។

ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក FABRICE Έtienne លេខាទី១ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងលោកស្រី Oph–lie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា បានចុះហត្ថលេខាតាមប្រព័ន្ធ Video Conference (VC) លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ០២។
កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ០២ រួមមាន៖
១. កិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែមសម្រាប់កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មសម្រាប់ប្រទេសកម្ពុជាដំណាក់កាលទី១ មានទឹកប្រាក់ចំនួន ២០ លានអឺរ៉ូ (ប្រមាណ ២៣,១៣ លានដុល្លារអាមេរិក) សម្រាប់ហិរញ្ញប្បទានបន្ទាន់ដល់ការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្តដែលបានខូចខាតដោយសារគ្រោះទឹកជំនន់កាលពីខែតុលា ឆ្នាំ ២០២០ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ប្រព័ន្ធធារាសាស្រ្តដែលត្រូវស្តារឡើងវិញមានដូចជា៖ ស្តារឡើងវិញនូវទំនប់អាងស្តុកទឹកចំនួន ២ កន្លែងក្នុងខេត្តបាត់ដំបង គឺ ទំនប់សណ្តអាងទឹកកំពីងពួយ ក្នុងស្រុកបាណន់ និងទំនប់អាងទឹកភាសន៍ក្នុងស្រុកឯកភ្នំ។ ស្តារឡើងវិញនូវទំនប់អាងស្តុកទឹកចំនួន ៦ កន្លែងក្នុងខេត្តបន្ទាយមានជ័យរួមមាន ១. ទំនប់តាដុក ២. ទំនប់អាងគ្រុឌ ៣. ទំនប់អាងស្ទឹង ៤. ទំនប់អន្លង់ត្រាច ក្នុងស្រុកថ្មពួក ៥. ទំនប់អាងបន្ទាត់បោះ ៦. ប្រាសាទប្រាំ ក្នុងស្រុកស្វាយចេក។ ស្តារឡើងវិញនូវប្រព័ន្ធប្រឡាយចំនួន៨ កន្លែងក្នុងខេត្តបាត់ដំបងគឺ ១. ប្រឡាយលេខ១ ២. ប្រឡាយលេខ២ ៣. ប្រឡាយលេខ៣ ៤. ប្រឡាយលេខ៤ ៥. ប្រឡាយលេខ៥ ក្នុងស្រុកថ្មគោល ៦. ប្រព័ន្ធស្រោចស្រពមង្គលបុរី ៧. ប្រឡាយព្រៃខ្ពស់ ក្នុងស្រុកបវេល និង៨. ប្រព័ន្ធស្រោចស្រពកង្ហត ក្នុងស្រុកបាណន់។ ស្តារឡើងវិញនូវប្រព័ន្ធប្រឡាយ ចំនួន ២ កន្លែងក្នុងខេត្ត បន្ទាយមានជ័យ៖ ១. អាងប្រសាទប្រាំ និង ២. អាងអន្លង់រុត ក្នុងស្រុកស្វាយចេក។
២. កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង មានទឹកប្រាក់ចំនួន ៣០០ ០០០ អឺរ៉ូ (ប្រមាណ ៣៤៦ ៨០០ ដុល្លារអាមេរិក) ពីមូលនិធិ Facility for Support, Preparation and Implementation of Project (FAPS) សម្រាប់ហិរញ្ញប្បទានដល់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងស្តារឡើងវិញស្ទឹងស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ការផ្តល់ហិរញ្ញប្បទានដល់គម្រោង/កម្មវិធីខាងលើនេះគឺបានឆ្លើយតបយ៉ាងជាក់ច្បាស់ទៅនឹងសេចក្តីត្រូវការជាអាទិភាព ក្នុងការរួមចំណែកការអភិវឌ្ឍន៍ និងស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិកូវិដ-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជាដោយលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ តាមរយៈការសាងសង់ប្រព័ន្ធធារាសាស្រ្តដែលស្របទៅនឹងមុំទី១ នៃចតុកោណទី៤ ដូចមានចែងក្នុងឯកសារយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា សាធារណរដ្ឋបារាំងមិនត្រឹមជាប្រទេសដែលបានចូលរួមយ៉ាងសកម្មក្នុងការនាំមកនូវសុខសន្តិភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ជាមិត្តដ៏ប្រពៃដែលតែងតែជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ការអភិវឌ្ឍកម្ពុជា ហើយភាពជាដៃគូនេះនឹងពង្រឹងឱ្យកាន់តែខ្លាំងឡើងនូវចំណងមិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ។
ក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង លោកស្រីនាយក AFD ប្រចាំនៅកម្ពុជាបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការ និងវិធានការនានាដែលរាជរដ្ឋាភិបាល បាន និងកំពុងដាក់ចេញក្នុងការប្រយុទ្ធទៅនឹងការរាលដាលនៃជម្ងឺកូវិដ-១៩។ ជាពិសេសការដាក់ចេញនូវគោលការណ៍ ៣កុំ ៣ការពារ ការដាក់វិធានការបិទខ្ទប់ដោយគ្មានការបិទប្រទេសទាំងមូល និងការជំរុញយ៉ាងសកម្មក្នុងការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដល់កងកម្លាំងមន្រ្តីរាជការ គ្រូបង្រៀន និយោជិក កម្មករ-កម្មការ និងប្រជាជនទូទៅ៕
អត្ថបទ៖ ណារី

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?