សេដ្ឋកិច្ច
វិស័យដឹកជញ្ជូនអ្នកដំណើរ ចាប់ផ្តើមមានសកម្មភាព ក្រោយការបើកសង្គម-សេដ្ឋកិច្ច
បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺកូវីដ-១៩ មានការថមថយបន្តិចហើយនោះ មានវិស័យជាច្រើនក៏បានបើកដំណើរការឡើងវិញផងដែរ។ ក្នុងនោះ វិស័យដឹកជញ្ជូនអ្នកដំណើរ ក៏បាននិងកំពុងដំណើរឡើងវិញដែរ។
លោក ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះថា បន្ទាប់ពីមានការបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១មក គឺមានក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរមួយចំនួន បានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីបានផ្អាកដំណើរអស់រយៈពេលជាច្រើនខែ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ប៉ុន្តែការក៏មានក្រុមហ៊ុនមួយចំនួនដែរ ដែលមិនទាន់បានបើកដំណើរការឡើងវិញ។ ចំណែកប្រជាពលរដ្ឋ ក៏បានចាប់ផ្ដើមធ្វើដំណើរ តាមរថយន្តក្រុងឡើងវិញជាបណ្ដើរៗ ហើយដែរ ដោយមានការការពារខ្លួនយ៉ាងល្អពីជំងឺកូវីដ-១៩។

លោក ឆឹម ចំណាន បានឲ្យដឹងថា «តាំងពីរាជរដ្ឋាភិបាល ប្រកាសបើកប្រទេសឡើងវិញហ្នឹង គឺផ្នែកវិស័យដឹកជញ្ជូនហ្នឹងបានបើក ក្រុមហ៊ុនខ្លះគាត់បានបើកហើយ បានដំណើរការពីរ បីរថ្ងៃហើយ ហើយក្រុមហ៊ុនខ្លះក៏អត់ទាន់បើកដែរ ទើបតែរៀបចំខ្លួន ប្រម៉ែប្រមូលបុគ្គលិកអញ្ចឹងទៅ ហើយឃើញថា បើកពីរ បីរថ្ងៃនេះ ឃើញថា មានបងប្អូនប្រជាពលរដ្ឋហ្នឹង គាត់ក៏មានការធ្វើដំណើរមកខ្លះដែរ វាមិនទាន់បានច្រើនទេ ប៉ុន្តែជាការចាប់ផ្ដើម ដូចជាការចាប់ផ្ដើមថ្មី ការរស់នៅបែបគន្លងថ្មី»។
ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរ បានបញ្ជាក់បន្ថែមថា ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩មក មានក្រុមហ៊ុនខ្លះបានបិទទ្វារលែងដំណើរការតែម្ដង ហើយក្រុមហ៊ុនខ្លះទៀតបានប្ដូរពីដឹកអ្នកដំណើរ ទៅដឹកជញ្ជូនទំនិញវិញ តែលោកមិនទាន់មានរបាយការណ៍ជាក់លាក់ នៅឡើយទេ។ លោកបានលើកឡើងថា «រយៈពេលជិត ២ឆ្នាំមកនេះ គាត់មានការស្មុគស្មាញ គាត់មានការវិបត្តិមែនទែន ហើយមកដល់ម៉ោងនេះ គឺមានក្រុមហ៊ុននៅខាងសមាគមរបស់ខ្ញុំ ប្រហែលជា ៥០ភាគរយដែរ បានបើកដំណើរការ ហើយ៥០ភាគរយទៀត កំពុងធ្វើការងារមួយចំនួន ដើម្បីធ្វើម៉េចបម្រើប្រជាពលរដ្ឋ ក៏ដូចជាអាជីវកររបស់ ឲ្យល្អប្រសើរ»។
លោក មឿន សម្បត្តិ អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុនដឹកអ្នកដំណើរឡារីតា បានឲ្យដឹងដែរថា ប្រជាពលរដ្ឋចាប់ផ្ដើមធ្វើដំណើរតាមរថយន្តក្រុងមានចំនួនច្រើនជាងមុន បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកដំណើរការសង្គម-សេដ្ឋកិច្ច ឡើងវិញមក ជាពិសសគោលដៅភ្នំពេញ-សៀមរាប និងភ្នំពេញ-ព្រះសីហនុ។

លោក មឿន សម្បត្តិ មានប្រសាសន៍ថា «ដោយសារយើងឃើញថា នៅខាងកំពង់សោមវិស័យផ្សេងៗ បានដំណើរការឡើងវិញទាំងអស់ អញ្ចឹងអ្នកដែលគាត់ត្រូវធ្វើដំណើរទៅកម្សាន្ដ ទៅធ្វើការជាដើម ចាប់ផ្ដើមមានសកម្មភាពឡើងវិញហើយ សូមអបអរសាទរ និងស្វាគមន៍ នូវអ្វីដែលជាការប្រកាស របស់ប្រមុខរាជរដ្ឋាភិបាលផងដែរ ដែលជួយឲ្យសេដ្ឋកិច្ចកម្ពុជារបស់យើង វិលទៅរកស្ថានភាពដើមត្រឡប់មកវិញ»។

ជាមួយគ្នានេះ សម្រាប់ក្រុមហ៊ុនដឹកអ្នកដំណើរឡារីតា គឺបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសេចក្ដីណែនាំ របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសបានតម្រូវឲ្យភ្ញៀវអ្នកធ្វើដំណើរ ពាក់ម៉ាស់ជាប់ជាប្រចាំ នៅពេលធ្វើដំណើរតាមរថយន្តរបស់ខ្លួន។
ចំណែកឯលោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានឲ្យដឹងដែរថា ក្រុមហ៊ុនដឹកអ្នកដំណើររបស់លោក នឹងចាប់ផ្ដើមដំណើរការឡើងវិញ នៅថ្ងៃទី៥ ខែវិច្ឆិកាស្អែកនេះ បន្ទាប់ពីទទួលបានភ្លើងខៀវពីរាជរដ្ឋាភិបាល ។

លោកឧកញ៉ា សួរ វីរៈ មានប្រសាសន៍ថា «ចាប់ពីថ្ងៃទី៥ ខែ១១ យើងចាប់ផ្ដើមដំណើរការសេវាកម្ម ដឹកជញ្ជូនភ្ញៀវតាមរថយន្តពេលយប់ ហើយនិងពេលថ្ងៃជាធម្មតាវិញ ហើយដោយឡែកយើងអត់ទាន់ទិន្នន័យ រង់ចាំយើងដំណើរការមួយរយៈសិន យើងនឹងអាចដឹងថាតើ គាត់អាចដំណើរការប្រហែលប៉ុន្មានភាគយ យើងអាចដឹងពេលហ្នឹង»។
លោក ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរ បានគូសបញ្ជាក់ថា ទោះបីជាស្ថានភាពជំងឺកូវីដ-១៩ បានថមថយបន្តិចក៏ពិតមែន តែសមាគមដឹកជញ្ជូនអ្នកដំណើរ តែងតែចុះត្រួតពិនិត្យ និងណែនាំដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ត្រូវធ្វើយ៉ាងណាអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការផ្សេងៗទៀត ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៨ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន