សេដ្ឋកិច្ច
ពាណិជ្ជកម្មកម្ពុជាថៃ ៩ខែ មានទំហំ ៦ ពាន់លានដុល្លារ កើន ១៨%
ទោះបីជាមានការរាតត្បាតនៃកូវីដ-១៩ តែការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ មានទឹកប្រាក់សរុបជិត ៦ពាន់លានដុល្លារអាមេរិក កើនឡើង ១៨%។ នេះបើយោងតាមរបាយការណ៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

របាយការណ៍បានបញ្ជាក់ថា គិតត្រឹមត្រីមាសទី៣ ពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០២១នេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ សម្រេចបានទឹកប្រាក់សរុប ៥.៩៧ ប៊ីលានដុល្លារអាមេរិក កើនឡើង ១៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ដែលមានទឹកប្រាក់ ៥.០៨ប៊ីលានដុល្លារអាមេរិក។
ក្នុងរយៈពេល៩ខែនេះ ការនាំចេញពីកម្ពុជាទៅថៃមានតម្លៃ ៦៨៧ លានដុល្លារអាមេរិក ធ្លាក់ចុះ ២៨% ធៀបនឹងឆ្នាំ២០២០ ដែលមានទឹកប្រាក់ ៩៥៨ លានដុល្លារអាមេរិក ខណៈការនាំចូលពីថៃមកកម្ពុជាវិញមានតម្លៃ ៥.២៨ ប៊ីលានដុល្លារអាមេរិក កើនឡើង ១៤% ធៀបនឹងឆ្នាំ២០២០ ដែលមានទឹកប្រាក់ ៤.៦១ ប៊ីលានដុល្លារអាមេរិក។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានឱ្យដឹងថា ការណ៍ដែលទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ នៅតែបន្តកើនឡើងដោយសារ ទោះបីរដ្ឋាភិបាលប្រទេសទាំងពីររឹតត្បិតការធ្វើដំណើរឆ្លងដែនរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ប៉ុន្តែរដ្ឋភិបាលមិនបានបិទការឆ្លងកាត់ទំនិញនៅតាមព្រំដែនប្រទេសទាំងពីរនោះទេ ពោលគឺសកម្មភាពដោះដូរពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរនៅបន្តមាននិរន្តរភាពរៀងរាល់ថ្ងៃ។
រីឯមូលហេតុនៃការធ្លាក់ចុះការនាំទំនិញពីកម្ពុជាចូលទៅប្រទេសថៃ ដោយសារតែកន្លងមកប្រទេសថៃបានរឹតបន្តឹងការនាំចូលកសិផលពីប្រទេសកម្ពុជា ក្រោមហេតុផលដើម្បីទប់ស្កាត់ការចម្លងមេរោគលើផលិតផលកសិកម្មកម្ពុជា (Mealybugs) ដែលភាគីថៃតែងយកបញ្ហាភូតគាមអនាម័យ និងអនាម័យ (Sanitary & Phyto-Sanitary) ធ្វើជារបាំងបច្ចេកទេស ដើម្បីកាត់បន្ថយការនាំចូលទំនិញកសិផលកម្ពុជា។
ចំណែកការនាំចូលពីថៃកើនឡើងដោយសារ ប្រទេសថៃបានដាក់ចេញផែនការសកម្មភាពចំនួន ១៣០ ដើម្បីធ្វើពិពិធកម្មវិស័យនាំចេញគ្រប់រូបភាព សំដៅឈានទៅសម្រេចឱ្យបាននូវប្រាក់ចំណូលពីការលក់មិនតិចជាង ២០ ប៊ីលានបាត នៅត្រឹមបំណាច់ឆ្នាំ២០២១។ ម៉្យាងទៀតក៏ដោយសារតែតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសផលិតផលសម្រេចមានការកើនឡើងកំឡុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាបិទខ្ទប់ប្រទេស។
មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកាន់ប្រទេសថៃរួមមាន៖ វាយនភណ្ឌ កសិផល ត្បូងថ្មមានតម្លៃ វត្ថុធាតុដើម និងប្រភេទទំនិញពាក់កណ្តាលសម្រេច។ ខណៈថៃបាននាំចូលកម្ពុជាវិញ មានថាមពល ត្រី សាច់ បន្លែ រថយន្ត ជីសរីរាង្គ ស៊ីម៉ង់តិ៍ គ្រឿងឧបភោគ-បរិភោគ គ្រឿងសំអាង និងសម្ភារៈសំណង់។
ដោយឡែកសម្រាប់ក្នុងខែកញ្ញាឆ្នាំ២០២១ ការដោះដូរទំនិញពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា និងថៃសម្រេចបាន ៧៣២ លានដុល្លារអាមេរិក កើនឡើង ៤៨% ធៀបនឹងខែដូចគ្នានៃឆ្នាំ២០២០ ដែលមានទឹកប្រាក់ត្រឹមតែ ៤៩៥ លានដុល្លារអាមេរិក៕
អត្ថបទ៖ ណារី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ