សេដ្ឋកិច្ច
បញ្ហាប្រឈមចំពោះក្រុមងាយរងគ្រោះក្នុងពេលសាំងកំពុងឡើងថ្លៃ
ក្រុមនុស្សដែលងាយរងគ្រោះនៅក្នុងបរិបទសាំងកំពុងឡើងថ្លៃនេះ រួមមានអ្នកប្រកបរបរសេវាកម្មដឹកជញ្ជូន កម្មករ និងកសិករ ស្របពេលដែលវិបត្តិកូវីដ-១៩ អូសបន្លាយអស់រយៈពេលជិត២ឆ្នាំ បណ្តាលឱ្យសេដ្ឋកិច្ចគ្រួសាររបស់ក្រុមអ្នកងាយរងគ្រោះធ្លាក់ចុះយ៉ាងដំណំ។

ក្រុមអ្នកប្រកបសេវាកម្មដឹកជញ្ជូនបានលើកឡើងថា ពួកគេជួបបញ្ហាប្រឈមធ្ងន់ធ្ងរក្នុងវិបត្តិកូវីដ-១៩នេះ ខណៈដែលសាំងក៏ឡើងថ្លៃឥតឈប់ឈរ ដែលជាហេតុនាំឱ្យជីវភាពគ្រួសារធ្លាក់ចុះចំណូលស្ទើរជាងពាក់កណ្តាល។ ក្រុមអ្នកប្រកបរបរដឹកជញ្ជូន អះអាងទៀតថា តម្លៃនៃការដឹកជញ្ជូននៅថេរដដែល មិនអាចឡើងថ្លៃតាមតម្លៃសាំងនោះទេ បើទោះជាសាំងឡើងថ្លៃយ៉ាងណាក៏ដោយ ដូច្នេះហើយទើបចំណូលធ្លាក់ចុះជាលំដាប់ ខណៈដែលភ្ញៀវក៏មិនសូវចេញដើរ នៅក្នុងវិបត្តិកូវីដនេះ។ ទោះយ៉ាងណា រាជរដ្ឋាភិបាលបានបើកសេដ្ឋកិច្ចជាតិឡើងវិញ ស្ទើរទាំងអស់ហើយ ចាប់តាំងពីដើមខែ វិច្ឆិកា ឆ្នាំ ២០២១ ដូច្នេះអ្នកប្រកបរបរក្នុងវិស័យដឹកជញ្ជូនអាចនឹងមានទីផ្សារឡើងវិញ ជាបណ្តើរៗដែរ។

ងាកទៅមើលក្រុមកម្មករឯណោះវិញ ក៏មិនខុសគ្នាប៉ុន្មានដែរ គ្រាន់តែពួកគេប្រើមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន។ នៅក្នុងកាលៈទេសៈនេះ សង្វាក់ផលិតកម្មធ្លាក់ចុះកម្មករ ប្រឈមបាត់បង់ការងារ និងមានការងារតិចតួច ជាហេតុនាំឲ្យប្រាក់ចំណូលបានតិច ចំណែកការចំណាយនៅដដែល។ ក្រៅពីរអ៊ូរទាំថា ទំនិញនៅលើទីផ្សារឡើងថ្លៃ ក្រុមកម្មករ ក៏បានត្អូញត្អែរពីតម្លៃសាំងផងដែរ។ ពួកគេថា ការឡើងថ្លៃសាំងខ្ពស់ពេក ដូចសព្វនេះ តួនាទីជាកម្មករ មិនអាចទទួលយកបានទេ និងសូមឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍បញ្ចុះតម្លៃសាំងនៅត្រឹមជាង ៣០០០រៀលដូចពីមុន។

ចំណែកក្រុមកសិករឯណោះវិញ កំពុងខ្វល់ខ្វាយមិនស្រណុកចិត្តដូចគ្នា។ ពួកគេបាននិយាយថា ក្នុងស្ថានភាពនេះ ជី និងថ្នាំកសិកម្ម បានឡើងថ្លៃជាបន្តបន្ទាប់ ដែលបានធ្វើឲ្យកសិករមួយចំនួនរងការខាតបង់ប្រាក់ចំណូលកាន់តែខ្លាំង ខណៈកសិផល គ្មានឈ្មួញទិញ និងលក់បានតម្លៃថោក។ កសិករខ្លះ ចង់បោះបង់មុខរបរធ្វើស្រែចម្ការ ដោយងាកទៅធ្វើការងាររោងចក្រវិញ ក៏មាន។ ទន្ទឹមនឹងជី ថ្នាំ សាំងឯណេះវិញ ក៏ឡើងថ្លៃខ្ពស់ ដែលជាទំទម្ងន់បន្ថែមដល់កសិករក្នុងការប្រកបរបរកសិកកម្មផងដែរ។ ពួកគេបានលើកឡើងថា កសិករត្រូវការសាំងប្រើប្រាស់ជាចាំបាច់ សម្រាប់បូមទឹកដាក់ស្រែ តែបើសាំង ជី ថ្នាំ ឡើងថ្លៃបែបនេះ ពួកគេកាន់តែរស់នៅក្នុងស្ថានភាពលំបាក។

ពាក់ព័ន្ធនឹងតម្លៃសាំងនេះ អ្នកនាំក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បានឲ្យកម្ពុជាថ្មីដឹងថា តាមការប៉ាន់ស្មានតម្លៃប្រេងសាំងនៅកម្ពុជា អាចនឹងចុះថ្លៃបន្តិចវិញ នៅដើមឆ្នាំ ២០២២ ខាងមុខ។ លោក សុវិជាតិ សង្កត់ធ្ងន់ថា យើងត្រូវទ្រាំលំបាកប្រហែល២ខែទៀត ពោលគឺដើមឆ្នាំក្រោយអាចជាសញ្ញាល្អមួយ គឺសាំងនឹងធ្លាក់ចុះតម្លៃ នៅពេលដែលប្រទេសផលិតប្រេងប្រឹងប្រែងផលិត ផលិតកម្មរបស់ខ្លួន។ លោកថា « គេមិនអាចទុកឱ្យវិបត្តិប្រេងបន្តអូសបន្លាយយូរទេក្នុងរឿងនេះ»។

គិតត្រឹមថ្ងៃទី ០៦ ខែ វិច្ឆិកានេះ តម្លៃប្រេងសាំងស៊ុបពែនៅកម្ពុជា មានតម្លៃ១លីត្រ ៥០៥០រៀល សាំងធម្មតា១លីត្រ តម្លៃ ៤៥៥០រៀល និងប្រេងម៉ាស៊ូតតម្លៃ១លីត្រ ៤១០០រៀល៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ