សេដ្ឋកិច្ច
មាសលក់លើទីផ្សារកម្ពុជាបច្ចុប្បន្ន នាំចូលពីប្រទេសណាខ្លះ?
កម្ពុជា នាំចូលមាសពីបណ្តាប្រទេសជាច្រើន ប៉ុន្តែមាសដែលអ្នកលក់ និងពលរដ្ឋពេញនិយមប្រើប្រាស់បំផុត គឺមាសនាំចូលពីប្រទេសស៊្វីស។
កញ្ញា ហុង ហ៊ុយហ្គិច ម្ចាស់ហាងលក់មាស គា ឃីម នៅផ្សារសាលាលេខ៥ ខេត្តកំពង់ឆ្នាំង បានឲ្យកម្ពុជាថ្មីដឹងថា មាសដែលកំពុងចរាចរណ៍នៅកម្ពុជាបច្ចុប្បន្ន ភាគច្រើននាំចូលពីប្រទេសស្វ៊ីស ព្រោះមាសនៅប្រទេសនេះមានគុណភាពល្អ និងពេញនិយមប្រើប្រាស់នៅកម្ពុជា។ កញ្ញាលើកឡើងដូច្នេះថា« និយាយទៅមាសគីឡូដុំ គឺមាសស្វ៊ីសនេះហើយដែលល្អជាងគេនៅកម្ពុជា មានលក់ច្រើនទាំងហាងតូច និងហាងធំៗ។ តាមពិតទៅមាស មានមកពីច្រើនកន្លែងណាស់ ប៉ុន្តែមាសដែលល្បី គេជឿជាក់ថាមាសសុទ្ធ និងគេជាវប្រើប្រាស់ច្រើនបំផុត គឺមាសស្វ៊ីស»។
កញ្ញា ហុង ហ៊ុយហ្គិច បន្ថែមថា ប៉ុន្មានថ្ងៃនេះ មាសចាប់ផ្តើមមានសន្ទុះទិញលក់កើនឡើងវិញ ពោលគឺក្នុងសប្តាហ៍នេះមាស ១តម្លឹងមានតម្លៃ ២២៤០ដុល្លារ ពោលគឺឡើងថ្លៃ ២០ដុល្លារ បើធៀបនឹងសប្តាហ៍មុន។ ទោះយ៉ាងណា កញ្ញាបានបញ្ជាក់ថា តម្លៃមាសមិននៅថេរនោះទេ គឺឡើងចុះជាប្រចាំទៅតាមទីផ្សារអន្តរជាតិ។
ដូចគ្នានេះដែរ លោក ទី មង្គល ម្ចាស់ហាងមាសពេជ្រទីមង្គល បានប្រាប់កម្ពុជាថ្មី នៅថ្ងៃសុក្រនេះថា តម្លៃមាសមានសន្ទុះឡើងថ្លៃខ្លាំងរយៈពេល២ថ្ងៃចុងក្រោយនេះ ពោលគឺកាលពីថ្ងៃទី ១១ ខែវិច្ឆិកា មាស១តម្លឹងតម្លៃចន្លោះពី ២២៣០-២២៤០ដុល្លារឡើងចុះតាមហាងឆេង។ លោក មង្គល បានឲ្យដឹងទៀតថា កាលពីខែមុន មាសមានតម្លៃត្រឹមតែ ១តម្លឹង ២២១០ដុល្លារប៉ុណ្ណោះ។ បើតាមការប៉ាន់ស្មានរបស់លោក ទី ម៉ង្គល មានបទពិសោធន៍ក្នុងវិស័យមាសជាង ៦ឆ្នាំមកហើយនោះ បានលើកឡើងថា មាសអាចនៅបន្តឡើងថ្លៃដល់ចុងខែវិច្ឆិកានេះ ប៉ុន្តែការប្រែប្រួលយ៉ាងណាទៀតនោះ អាស្រ័យទៅលើស្ថានការសេដ្ឋកិច្ចពិភពលោក។
ផ្ទុយពីការលើកឡើងរបស់អាជីវករ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ ហិរញ្ញវត្ថុ នៃក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍ លីងឃែភីថល មើលឃើញថា កម្ពុជា ភាគច្រើននាំចូលមាសពីប្រទេសចិន ដោយយោងតាមទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងទាំងពីរ។ ប៉ុន្តែលោកយល់ស្របចំពោះការលើកឡើងថា តម្លៃមាសឡើងថ្លៃនៅអំឡុងពេលនេះ។ លោក សំណាង បានកត់សម្គាល់ថា តម្លៃមាសឡើងថ្លៃខ្លាំងដោយសារអត្រាអតិផរណានៅសហរដ្ឋអាមេរិក។ លោកថា «មួយរយៈនេះលុយដុល្លារធ្លាក់ថ្លៃខ្លាំងដោយសារឥទ្ធិពលអតិផរណានៅអាមេរិកកើនទ្វេ ដែលធ្វើឲ្យទំនិញកើនឡើងដល់ ៥.៨% ។ ជាធម្មតាតម្លៃមាសឡើងចុះ មើលលើតម្លៃលុយដុល្លារ និងតម្រូវការផ្គត់ផ្គង់មាស»។ លោក សំណាង បន្ថែមថា មាសអាចនឹងចុះថ្លៃនៅដើមឆ្នាំ ២០២២ ខាងមុខ ប៉ុន្តែនឹងអាចឡើងថ្លៃវិញនៅមុនចូលឆ្នាំខ្មែរ។
«បើពលរដ្ឋចង់ទិញមាសទុកចំណេញ អាចរង់ចាំក្រោយចូលឆ្នាំខ្មែរ ព្រោះមាសនឹងអាចចុះថ្លៃបន្តិចវិញ» នេះបើតាមការវិភាគរបស់លោក ឡុង សំណាង»។
បន្ថែមលើនេះ លោក ឡុង សំណាង បានសង្កត់ធ្ងន់ថា មាសក៏បានជួយទ្រទ្រង់វិស័យសេដ្ឋកិច្ចកម្ពុជាខ្លាំងផងដែរ។ ដោយលោកមើលឃើញថា គ្រប់ប្រទេសទាំងអស់ តែងតែមានមាសតម្កល់ទុក ដើម្បីការពារពេលប្រទេសជួបវិបត្តិសេដ្ឋកិច្ច គឺមានមាសទុកសម្រាប់ដោះស្រាយ៕
អត្ថបទ៖ ទួន សុផល
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ