សេដ្ឋកិច្ច
កម្ពុជាប្រើរយៈពេលយូរប៉ុណ្ណា ទើបអាចស្តារវិស័យទេសចរណ៍ឡើងវិញបាន
វិស័យទេសចរណ៍ គឺជាវិស័យសំខាន់មួយក្នុងការជួយស្តារសេដ្ឋកិច្ចជាតិឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រួលដល់ការចេញចូលរបស់ភ្ញៀវទេសចរបរទេស ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ក្រោយធ្វើតេស្តម៉ាស៊ីនធំ PCR លទ្ធផលអវិជ្ជមានកូវីដ-១៩ អាចធ្វើដំណើរបានគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស(២ដូសឡើង)។ សម្តេចតេជោ នាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃដដែល។

ពាក់ព័ន្ធការសម្រួលដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិចូលកម្ពុជានេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក ណបានថ្លែងថា នេះគឺជាដំណឹងរីករាយមួយចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល ដែលជាសញ្ញាណល្អថ្មីមួយទៀត សម្រាប់វិស័យទេសចរណ៍។ លោកបន្ថែមថា« ចំណុចនេះ ខ្ញុំគិតថា អាចទាក់ទាញភ្ញៀវទេសចរបានច្រើន ប៉ុន្តែក្នុងកម្រិតណាមួយនោះ មិនទាន់អាចវាយតម្លៃបានទេ ដោយសារស្ថានភាពបច្ចុប្បន្ន ប្រទេសជិតខាងរបស់យើង នៅប្រឈមនឹងបញ្ហានៃការឆ្លងរាលដាលកូវីដ-១៩ ដូច្នេះការធ្វើដំណើររបស់ទេសចរ នៅមានលក្ខណៈស្ទាបស្ទង់ ដែលធ្វើឲ្យទីផ្សាររបស់យើងនៅតូចចង្អៀតក្នុងដំណាក់កាលនេះ អ្វីដែលសំខាន់ទេសចរ គឺធ្វើដំណើរទៅកាន់ទីកន្លែងណាដែលមានសុវត្ថិភាព»។

អ្នកនាំពាក្យក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា នៅក្នុងដំណាក់កាលកូវីដនេះ ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ គឺឆ្ពោះទៅគោលដៅណាដែលមានសុវត្ថិភាព និងទំនុកចិត្ត ដែលចំណុចនេះ ក្រសួងទេសចរណ៍កំពុងធ្វើការរាល់ថ្ងៃ ទាំងការបណ្តុះបណ្តាលធនធានមនុស្ស ការពង្រឹងគុណភាពផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍ ធ្វើយ៉ាងណាឲ្យសមស្របទៅតាមបរិបទថ្មី ឬគន្លងប្រក្រតីភាពថ្មី ដើម្បីធានាបាននូវសុវត្ថិភាពជូនភ្ញៀវ។
លោក តុប សុភ័ក បានឲ្យដឹងទៀតថា បច្ចុប្បន្នកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិផ្ទៃក្នុង(ជនបរទេសរស់នៅកម្ពុជា) កើនឡើងជារៀងរាល់សប្តាហ៍ បន្ទាប់ពីកម្ពុជា បានគ្រប់គ្រងការរីករាលដាលកូវីដ-១៩ បានល្អប្រសើរ។
លោក សុភ័ក បន្ថែមថា ផែនការយុទ្ធសាស្រ្ត ដែលចង្អុលបង្ហាញវិស័យទេសចរណ៍ ក្នុង និងក្រោយពេលវិបត្តិកូវដី-១៩ ដែលរដ្ឋាភិបាលបានអនុម័តកន្លងទៅ បានព្យាករណ៍ថា វិស័យទេសចរណ៍ អាចប្រើពេលរហូតដល់ចុងឆ្នាំ ២០២៤ ឬដើមឆ្នាំ ២០២៥ ទើបអាចត្រឡប់មកស្ថានភាពដូចដើមវិញ និងយ៉ាងយូរបំផុតត្រឹមឆ្នាំ ២០២៧ ប្រសិនបើស្ថានភាពប្រែប្រួលដោយប្រការណាមួយ។

លោក ឌិន សុមេធារិទ្ធិ ប្រធានសមាគមសណ្ឋាគារ បានលើកឡើងថា ការបញ្ចប់ការធ្វើចត្តាឡីស័ក គឺជាជំហានមួយនៃក្តីសង្ឃឹមដ៏ធំ របស់វិស័យទេសចរណ៍ តែក៏នឹងត្រូវការពេលយ៉ាងតិច៦ខែ ដើម្បីរៀបរយ។
លោក ឌិន សុមេធារិទ្ធិ ធ្លាប់បានប្រាប់កម្ពុជាថ្មីថា មុនរីករាលដាលជំងឺកូវីដ-១៩ នៅឆ្នាំ ២០១៩ ភ្ញៀវទេសចរបរទេស មកកម្សាន្តនៅកម្ពុជា មានចំនួនជាង ៦លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានចំនួនជាង ២លាននាក់ ប្រទេសអាស៊ានជាង ២លាននាក់ និងជាង ២លានទៀតមកពីប្រទេសប៉ែកអឺរ៉ុប។ ចំណែកប្រទេសនៅក្នុងតំបន់អាស៊ាន ដែលចូលមកកម្សាន្តនៅកម្ពុជា មានដូចជា ប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរីជាដើម។
លោកថា រយៈពេល២ឆ្នាំ នៃវិបត្តិកូវីដ-១៩ អ្នកប្រកបអាជីវកម្មក្នុងវិស័យសណ្ឋាគារខាតបង់ប្រាក់អស់រាប់លានដុល្លារ ដោយសារការបិទភ្ញៀវទេសចរអន្តរជាតិ។ «បើទោះបីជានៅពេលនេះកម្ពុជា បើកប្រទេសឡើងវិញក្តី ក៏មិនទាន់មានភ្ញៀវអន្តរជាតិមកលេងច្រើនដែរ ដោយសារប្រទេសរបស់ពួកគេនៅជួបវិបត្តិកូវីដនៅឡើយ»។

ធនាគារពិភពលោក បានឲ្យដឹងថា វិស័យទេសចរណ៍មានចំណែក ១៧ភាគរយនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ប្រចាំឆ្នាំរបស់កម្ពុជា ហើយមានការកើនឡើងជាលំដាប់ចាប់តាំងពីឆ្នាំ២០១០មក។ ទោះជាយ៉ាងនេះក្តី ការធ្លាក់ចុះនូវកំណើនក្នុងវិស័យទេសចរណ៍ក្នុងពេលថ្មីៗនេះ ជាសញ្ញាប្រាប់អំពីភាពចាំបាច់ឱ្យកម្ពុជាជំរុញការធ្វើពិពិធកម្មវិស័យនេះថែមទៀត។
នៅក្នុងឆ្នាំ២០១៩ ផ្នែកទេសចរណ៍ធម្មជាតិមានទំហំ១៦ភាគរយ នៃចំនួនភ្ញៀវទេសចរសរុប ហើយចំនួនទស្សនកិច្ចទៅកាន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិបានកើនទ្វេដង រវាងឆ្នាំ២០១៤ និងឆ្នាំ២០១៩៕
អត្ថបទ៖ ទួន សុផល


-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច