សេដ្ឋកិច្ច
របរចិញ្ចឹមត្រីពិបាកបន្តិចតែផ្តល់ផលច្រើន អាចរកប្រាក់ខ្ទង់ម៉ឺនដុល្លារក្នុងមួយឆ្នាំ
លោក ទុយ សុខមាន ពីអ្នករត់ម៉ូតូឌុប និងដាក់មងយកត្រីលក់ក្លាយជាអ្នកចិញ្ចឹមត្រីក្នុងស្រះដែលមានបទពិសោធន៍ ហើយទទួលបានជោគជ័យ ក្នុងចំណោមអ្នកប្រកបរបរចិញ្ចឹមត្រីត្រឹមខ្នាតមធ្យមជាច្រើនទៀតនាបច្ចុប្បន្ននេះ នៅក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ត្រីជាសត្វរស់នៅក្នុងទឹកមួយប្រភេទដែលងាយស្រួលចិញ្ចឹម ពិសេសត្រីប្រាតែម្តង។ បើទោះជាមុខរបរចិញ្ចឹមត្រីមួយនេះ ត្រូវការដើមទុនច្រើនសម្រាប់អ្នកចិញ្ចឹមយ៉ាងណាក៏ដោយ ក៏នៅតែមានអ្នកចង់ប្រកបអាជីពជាអ្នកចិញ្ចឹមត្រីនៅក្នុងស្រៈច្រើនផងដែរ ព្រោះវាអាចទទួលផលពីការចិញ្ចឹមនេះបានច្រើនក្នុងការចិញ្ចឹមមួយលើកៗ។

តួរយ៉ាងដូចជា លោក ទុយ សុខមាន ជាប្រជាពលរដ្ឋរស់នៅសង្កាត់សំរោង បានប្រកបមុខរបរចិញ្ចឹមត្រីនេះប្រមាណជាង១០ឆ្នាំមកហើយ ហើយសព្វថ្ងៃលោកក៏នៅតែប្រកបរបរចិញ្ចឹមត្រីប្រាដូចមុនដដែល។ នៅក្នុងឆ្នាំនេះ លោកបានដាក់ចិញ្ចឹមត្រីប្រាចំនួនសរុប ៦០០០០ក្បាល ក្នុងស្រៈដែលមានផ្ទៃដីទទឹង៦០ម៉ែត្រនិងបណ្តោយ៨០ម៉ែត្រ។
ជួបជាមួយ«កម្ពុជាថ្មី» លោក ទុយ សុខ មានបានប្រាប់ឲ្យដឹងថា មុខរបរចិញ្ចឹមត្រីតាមស្រៈនេះ វាមិនសុទ្ធតែទទួលបានជោគជ័យទាំងអស់នោះទេនៅក្នុង១ឆ្នាំៗនោះ អ្នកខ្លះទទួលបានផលច្រើន រីឯអ្នកខ្លះទៀតទទួលបានផលតិចតាមដែលយើងមើលថែរវាបានដិតដល់ យ៉ាងណាក៏ដោយមានប្រជាពលរដ្ឋច្រើនគួរសមដែរនៅចង់បំពេញតម្រូវការផ្នែកកសិកម្មមួយនេះ ហើយបានព្យាយាមចិញ្ចឹមត្រីប្រភេទខុសៗគ្នាតាមដែលខ្លួនបានដឹងតៗគ្នា និងសិក្សាកន្លងមក។
លោកប្រាប់ឲ្យដឹងទៀតថា ការចិញ្ចឹមកូនត្រីមានការលំបាក និងត្រូវការថែទាំច្រើនមុននឹងវាគ្រប់អាយុពី៣ទៅ៤ខែដែលអាចឲ្យយើងលក់ចេញបាននោះ។ ការមើលថែត្រីមិនមែនត្រឹមតែការអោយចំណីត្រីមួយថ្ងៃពីរដងគឺចប់នោះទេ គឺយើងត្រូវតាមដានមើលវាថាតើត្រីទាំងនោះមានអ្វីខុសប្រក្រតីដែររឺទេ ព្រោះពេលខ្លះត្រីអាចឈឺ ឫងាប់ដែលយើងមិនដឹងក៏មានដែរ។

លោកបន្តថា នៅក្នុងការមើលឲ្យដឹងថា ត្រីឈឺឬអត់នោះ ទាល់តែអ្នកចេះមើលទើបបានដឹងហើយការងាទាំងនេះ វាជាអ្នកបង្រៀនយើងទេដល់ពេលយើងចិញ្ចឹមវាយូទៅយើងអាចដឹងហើយថាត្រីនោះវាអន់ជាងគេ ហើយត្រីដែលខ្លួនវាមានដំបៅគឺជាត្រីឈឺ។ ពេលនោះយើងត្រូវព្យាបាលវាដោយលាយថ្នាំក្នុងចំណីឲ្យវាស៊ី ខ្លះបើវាឈឺធ្ងន់ធ្ងរជាងគេ ហើយក៏ងាប់ តែខ្លះទៀតវាអាចជាវិញបានដូចធម្មតា។ ហើយនៅពេលខ្លះមេឃក្តៅខ្លាំងគ្មានខ្យល់ហើយភ្លាមៗក៏មានភ្លៀងធ្លាក់មកពេលនោះត្រីនឹងពុលដោយសារខ្វះ អុកស៊ីសែននេះជាហេតុដែលអាចបង្កអោយត្រីងាប់មានចំនួនច្រើនក្នុងរយះពេលដ៏ខ្លីក៏មានដែរ។ ដូច្នេះដើម្បីកុំឲ្យត្រីងាប់គេត្រូវទិញដុំអុកស៊ីសែនដើម្បីឲ្យត្រីដកដង្ហើមបាន។
លោកបន្ថែមថា គុណភាពទឹកពិតជាសំខាន់ខ្លាំងណាស់ក្នុងការចិញ្ចឹមត្រីនេះ បើសិនជាយើងមានត្រីច្រើនគុណភាពទឹកត្រូវតែល្អ ហើយយើងត្រូវការទឹកគ្រប់គ្រាន់ដើម្បីបូមវាចេញបូមចូល។ ហើយយើងមិនអាចនិយាយបានថា ទឹកប្រើប្រាស់រាល់ថ្ងៃមានអុកស៊ីសែនគ្រប់គ្រាន់សម្រាប់ត្រីនោះទេ។ ឧទាហរណ៍ត្រីប្រាជាប្រភេទត្រីរឹងមាំជាងគេនិងអាចរស់នៅក្នុងទឹកកខ្វក់ និងល្អក់បានជាងត្រីដទៃទៀតដែលត្រូវការទឹកស្អាត។

លោកបានលើកឡើងពីការយល់ច្រឡំដែលអ្នកចិញ្ចឹមត្រីខ្លះតែងតែគិតថា ទឹកម៉ាស៊ីនគឺជាទឹកល្អសម្រាប់ត្រីប៉ុន្ដែលោកបានពន្យល់ទៀតថា ពេលខ្លះទឹកពណ៌បៃតងមិនមែនមានន័យថា វាជាទឹកកខ្វក់សម្រាប់ត្រីនោះទេ ប៉ុន្ដែវាអាចល្អក់ដោយសារតែប្លង់តុងជាដើម។ ចំពោះប្រូតេអ៊ីននៃចំណីរបស់ត្រីលោកពន្យល់ថា ចំណីមួយចំនួនមានតម្លៃថ្លៃតែគុណភាពល្អ ពីព្រោះវាមានកម្រិតប្រូតេអ៊ីនច្រើនបើធៀបនឹងចំណីថោក។ អ្នកចិញ្ចឹមអាចលាយចំណីដោយខ្លួនឯងបាន តែត្រូវយល់ពីប្រភេទ និងការប្រើប្រាស់ចំពោះចំណីនីមួយៗផងដែរ។
បុរសដែលមានវ័យជា៥០ឆ្នាំរូបនេះបន្តទៀតថា កាលពីមិនទាន់ប្រកបមុខរបរនេះ លោកជាអ្នករត់ម៉ូតូឌុបនិងជាអ្នកដាក់មងម្នាក់ប៉ុណ្ណោះ ហើយកាលដំបូងឡើយលោកមិនដែលនឹកនាមានបំណងចង់ធ្វើកសិកម្មអ្វីដែរទេព្រោះគ្មានជំនាញសូម្បីបន្តិចអំពីកសិកម្មចិញ្ចឹមត្រីនេះ។ គាប់ជួនថ្ងៃមួយលោកបានចេញទៅរត់ម៉ូតូឌុបដូចសព្វមួយដង ហើយបានដឹកអ្នកដែលគេចិញ្ចឹមត្រី១ថ្ងៃពេញ នៅពេលនោះក៏បានសួរនាំពីនេះពីនោះពីគ្នាទៅវិញទៅមក ក៏ធ្លាក់ដល់ការចិញ្ចឹមត្រីនេះតែម្តង។ ហើយក៏បានដឹងតិចតួចក្នុងការចិញ្ចឹមត្រី ខណៈនោះដោយជឿជាក់ថា ខ្លួនអាចប្រកបរបរនេះបានទើបចាប់ផ្តើមពីនោះរហូតមក។

លោក សុខមាន បានប្រាប់ទៀតថា កាលលោកចាប់ផ្តើមចិញ្ចឹមដំបូងមិនសូវមានដើមទុនសម្រាប់ចំណាយច្រើននោះទេ ហើយថែមទាំងជួលស្រៈគេថែមទៀត។ ដំបូងឡើយដោយសារតែត្រូវអោយចំណីត្រីអស់ច្រើនក្នុងមួយថ្ងៃៗ លោកនៅតែប្រកបរបរដាក់មងនិងរត់ម៉ូតូឌុបជារៀងរាល់ថ្ងៃដែលអាចរកប្រាក់បានគ្រាន់ទប់គ្នាដែរ កុំឲ្យចំណាយច្រើនពេក។ ព្រោះក្នុង១ថ្ងៃបើត្រីធំជិតបានលក់ចំណាយប្រមាណ២០ទៅ៣០ម៉ឺនរៀលឯណោះ។ ចំណែកប្រាក់មួយចំនួនទៀត គឺបានមកពីអ្នករកស៊ីទិញដូរត្រីម្នាក់ដោយសន្យាជាមួយគេថា ពេលត្រីលោកធំល្មមអាចលក់បានលោកនឹងលក់ឲ្យទៅអ្នកដែលអោយប្រាក់លោកខ្ចីនោះ។
លោក ទុយ សុខមាន ដែលមានកូន៣នាក់ក្នុងបន្ទុកគ្រួសារបានទទួលស្គាល់ថា ទោះជាមានការចំណាយប្រាក់ច្រើនចំពោះមុខរបរចិញ្ចឹមត្រីនេះយ៉ាងណាក៏ដោយក៏វាបានធ្វើអោយលោកមានជីវភាពធូធារជាងមុន ដោយលែងដាក់មងនិងរត់ម៉ូតូឌុបទៀតហើយ និងបានទិញស្រះ១ផ្ទាល់ខ្លួនឯងផងដែរ។ បើយើងមានស្រះទំហំទទឹង៦០ម៉ែត្របណ្តោយ៨០ម៉ែត្រអាចរកចំណូលពីការលក់ត្រីបានប្រមាណជា១ម៉ឺនដុល្លារក្នុងមួយឆ្នាំប្រសិនបើត្រីដែលយើងដាក់ចិញ្ចឹមនោះមិនងាប់ច្រើន។
នាបច្ចុប្បន្ននេះ បើទោះជាមានបញ្ហាខ្លះៗខាងផ្នែកថវិកា ក៏លោកនៅតែសង្ឃឹមថានៅតែអាចរកប្រាក់បានពីការចិញ្ចឹមត្រីនេះទៅថ្ងៃអនាគត៕
អត្ថបទ៖ ឧត្តរ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត