សេដ្ឋកិច្ច
ឆ្នាំ ២០២១ ធនាគារជាតិ បានលក់ប្រាក់ដុល្លារអាមេរិកជាង ៥០០ លាន ដើម្បីសង្គ្រោះប្រាក់រៀល
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជាបានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ តាមរយៈការលក់ប្រាក់ដុល្លារអាមេរិកជាង ៥០០ លាន ដើម្បីស្រូបយកប្រាក់រៀលពីសេដ្ឋកិច្ច និងរក្សាអត្រាប្តូរប្រាក់លើទីផ្សារឱ្យមានស្ថិរភាព ក្នុងរង្វង់ ៤.០៩៩ រៀល ក្នុងមួយដុល្លារអាមេរិក។

ថ្លែងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងទិសដៅការងារឆ្នាំ ២០២២ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៣ ខែមករានេះ លោក ជា ចាន់តូ បានបន្តថា ការបញ្ចេញរូបិយប័ណ្ណដុល្លារអាមេរិកលើទីផ្សារនេះ បានចូលរួមចំណែកធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា សម្រេចបានក្នុងរង្វង់៣ភាគរយនៅឆ្នាំ ២០២១ បន្ទាប់ពីកាលពីឆ្នាំ ២០២០ ធ្លាក់ដល់៣,១ភាគរយ និងអាចគ្រប់គ្រងបាននូវសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ ឬហៅថា «អតិផរណា» ឱ្យនៅក្នុងកម្រិតទាបក្នុងរង្វង់ ២,៩ ភាគរយ។

លោកទេសាភិបាល បានឱ្យដឹងទៀតថា ធនាគារជាតិនៃកម្ពុជា បានបន្តដាក់ចេញវិធានការបុរេសកម្មនានា ជាពិសេសការបន្តការបន្ធូរបន្ថយបទប្បញ្ញត្តិ និងការអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្ម ដែលផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានសាច់ប្រាក់គ្រប់គ្រាន់ សម្រាប់ពង្រឹងស្ថានភាពដើមទុន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះរៀបចំឥណទានឡើងវិញសរុបជាង ៣៧ ម៉ឺនគណនី ស្មើនឹង ៥,៥ ប៊ីលានដុល្លារអាមេរិក ដែលបានសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងអាជីវកម្មបានមួយកម្រិត។
លោក ជា ចាន់តូ បានបន្ថែមទៀតថា ស្របតាមដំណើរការសេដ្ឋកិច្ចនិងការរស់នៅតាមគន្លងថ្មី ធនាគារជាតិនៃកម្ពុជា បានអភិវឌ្ឍនិងអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិកត្រូនិក ដែលបានសម្រួលដល់ការទូទាត់ និងការផ្ទេរប្រាក់ ក្នុងប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទាំងក្នុងនិងក្រៅប្រទេស។ ជាមួយគ្នានេះដែរ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានពង្រឹងជាប្រចាំនូវការអនុវត្ត ច្បាប់ បទប្បញ្ញត្តិ និងកាតព្វកិច្ចនានាពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មរបស់បុគ្គលរាយការណ៍។


ជាក់ស្តែងនៅឆ្នាំ ២០២១ ធនាគារជាតិនៃកម្ពុជាបានទទួលពានរង្វាន់ជាបន្តបន្ទាប់ ពីទស្សនាវដ្ដីអន្តរជាតិ The Banker, ពីភ្នាក់ងារប្រឹក្សាយោបល់និងវាយតម្លៃក្នុងវិស័យហិរញ្ញវត្ថុ The Asian Banker និងថ្មីៗនេះពីទស្សនាវដ្ដីជប៉ុន Nikkei លើសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាសម្រេចបាន ក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ ប្រព័ន្ធទូទាត់ និងសេដ្ឋកិច្ចជាតិ។ សូមបញ្ជាក់ថា ធនាគារពិភពលោក បានធ្វើការព្យាករជាថ្មីថា ក្នុងឆ្នាំ២០២២នេះ សេដ្ឋកិច្ចកម្ពុជា អាចស្ថិតក្នុងរង្វង់ ៤,៥ ភាគរយ និងនៅឆ្នាំ២០២៣ ក្នុងរង្វង់៥,៥ភាគរយ។
ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី ធ្លាប់បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងស្ថិតក្នុងរង្វង់ ៥,៥% ក្នុងឆ្នាំ ២០២២ នេះដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ ប្រទេសកម្ពុជា។ រីឯ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន បានចេញមកដាក់ក្តីរំពឹងថ្មីនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅថា កម្ពុជានឹងអាចមានកំណើនសេដ្ឋកិច្ចលើស ៥% នៅឆ្នាំ ២០២២ ដោយសារការនាំចេញផលិតផលកសិកម្ម៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ