ព័ត៌មានជាតិ
ប្រធានវារីវប្បករកម្ពុជា សង្ឃឹមចិនឲ្យតម្លៃត្រីប្រាសមរម្យ និងទំហំនាំចេញច្រើន
នៅចុងខែ មករានេះ ទំនងជាដឹងលទ្ធផលនៃការនាំចេញត្រីប្រាកម្ពុជា ទៅទីផ្សារប្រទេសចិនហើយ ព្រោះរដ្ឋបាលគយចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា នឹងរៀបចំកិច្ចប្រជុំវាយតម្លៃ តាមរយៈវីដេអូទៅលើភូតគាមអនាម័យត្រីប្រាកម្ពុជា ចាប់ពីថ្ងៃទី២០-២៨ ខែមករា ឆ្នាំ ២០២២។

លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាល សមាគមវារីវប្បករកម្ពុជា បានលើកឡើងថា លោកមិនមានការព្រួយបារម្ភអំពីបញ្ហាគុណភាពប៉ុន្មាននោះទេ ដោយសារកម្ពុជា មានបច្ចេកទេសចិញ្ចឹមត្រីប្រាបានល្អប្រសើរហើយ។ ប៉ុន្តែអ្វីដែលលោក សុខ រ៉ាដែន កំពុងគិតពេលនេះ គឺទំហំ និងតម្លៃនៃការនាំចេញ។ លោកថ្លែងប្រាប់កម្ពុជាថ្មីថា« រឿងមួយដែលយើងកំពុងតាមមើល គឺនៅពេលដែលចរចារវាងភាគីទាំងពីរត្រូវគ្នា ថាតើយើងអាចផលិតបានតាមតម្រូវការរបស់ចិនគ្រប់ចំនួនឬទេ ព្រោះប្រទេសចិនមានប្រជាជនរាប់ពាន់លាននាក់…ចំណែករឿងគុណភាពបច្ចេកទេស យើងធ្វើបានទាំងអស់ ប៉ុន្តែខ្លាចតែបញ្ហាតម្លៃប៉ុណ្ណឹងទេ បើថាតម្លៃល្អហើយ យើងអាចផលិតតាមតម្រូវការគាត់(ចិន)បាន»។

លោក សុខ រ៉ាដែន បានលើកឡើងទៀតថា ចិនជាប្រទេសមហាអំណាច មានបទពិសោធន៍ខ្ពស់ ជាពិសេសផ្នែកសេដ្ឋកិច្ច ដូច្នេះចិននឹងសម្រួលឲ្យទទួលបានផលបានចំណេញទាំងអស់គ្នា ពោលគឺឈ្នះឈ្នះទាំងពីរភាគី។
បើតាមប្រធានវារីវប្បករ សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ការចិញ្ចឹមត្រីរបស់កសិករ ស្ថិតក្នុងភាពស្ទាបស្ទង់នៅឡើយ ដោយមិនទាន់ហ៊ានសម្រុកខ្លាំងនោះទេ។ ប៉ុន្តែប្រសិនភាគីចិន ឲ្យតម្លៃសមរម្យ ដែលកសិករអាចរស់បាននោះ ក្រុមវារីវប្បករ នឹងសម្រុកចិញ្ចឹមឲ្យគ្រប់តម្រូវការនៃការនាំចេញ។
បច្ចុប្បន្ន ភាគីចិនចង់ឱ្យកម្ពុជាពន្លឿនការឆ្លើយតបលើលក្ខខណ្ឌមួយចំនួន ដើម្បីជំរុញដំណើរការនាំចេញឲ្យបានឆាប់ ខណៈក្រសួងកសិកម្ម និងរដ្ឋបាលជលផល កំពុងពិនិត្យលទ្ធភាពផលិត និងលក្ខខណ្ឌចាំបាច់មួយចំនួនដូចជា គុណភាព សុវត្ថិភាព និងអនាម័យជាដើម។ ការនាំចេញនេះ គឺជាប្រភេទ សាច់បង្កក ដែលតម្រូវឱ្យអ្នកចិញ្ចឹម និងរោងចក្រវិចខ្ចប់ ចាំបាច់មានប្រព័ន្ធត្រួតពិនិត្យស្ដង់ដារមួយច្បាស់លាស់ មុននាំចេញទៅចិន។
ចំណែកការចិញ្ចឹម ត្រូវអនុវត្តគោលការណ៍វារីវប្បកម្មល្អ ដែលប្រើប្រភពទឹកគ្មានជាតិពុល និងការឱ្យចំណីមិនត្រូវប្រើអ័រម៉ូន ជាពិសេសមិនត្រូវប្រើថ្នាំព្យាបាលខុសបច្ចេកទេស រួមទាំងការអនាម័យក្នុងកសិដ្ឋានជាដើម។
ស្ថានទូតចិនប្រចាំកម្ពុជា បានសរសេរលើហ្វេសប៊ុកនាពេលថ្មីៗនេះថា កិច្ចប្រជុំវាយម្លៃតាមរយៈវីដេអូលើកទី២ លើកសិផលកម្ពុជា ដែលនឹងនាំចេញទៅកាន់ប្រទេសចិននេះ បានបង្ហាញថា ប្រទេសទាំងពីរខិតខំសម្រេចឆន្ទៈ និងការប្ដេជ្ញាចិត្តដ៏មុតមាំក្នុងការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ប្រទេសចិន និងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើន។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានកសិដ្ឋានចិញ្ចឹមត្រីចំនួនជាង ៤០០ ដែលជាសមាជិកក្នុងវារីវប្បកម្ម ក្នុងនោះ មានតូច មធ្យម និងធំ។ លោក សុខ រ៉ាដែន ប៉ាន់ស្មានថា អាចមានកសិករប្រមាណ ៥០%ទៀត កំពុងចិញ្ចឹម ប៉ុន្តែមិនទាន់ចូលជាសមាជិកវារីវប្បកម្ម។
បើតាមលោក សុខ រ៉ាដែន ការចិញ្ចឹមត្រីប្រា ប្រើរយៈពេលចន្លោះពី ៦ខែ ទៅ ១២ ខែ អាចប្រមូលផលបាន។ រយៈពេលនេះ ត្រីប្រាអាចមានទម្ងន់ពី ៨ខាំទៅ ២គីឡូក្រាម។ បច្ចុប្បន្នត្រីប្រា ១គីឡូក្រាម លក់បានតម្លៃ ៤,២០០រៀលទៅ ៤,៣០០រៀលប៉ុណ្ណោះ។ លោកថា តម្លៃដែលកសិករអាចរស់បានយ៉ាងហោចណាស់តម្លៃ ៦៥០០រៀល ក្នុង១គីឡូក្រាម ចំពោះត្រីល្អ ស្របតាមស្តង់ដារ៕ អត្ថបទ៖ ទួន សុផល


-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច