សេដ្ឋកិច្ច
កម្ពុជាធ្វើជំរឿនសេដ្ឋកិច្ចលើកទី២ នៅដើមខែមីនានេះ ដោយប្រើមន្ត្រីសម្ភាសន៍ ៥ ពាន់នាក់
កម្ពុជានឹងរៀបចំធ្វើ ជំរឿនសេដ្ឋកិច្ចជាលើកទី២ នៅដើមខែមីនា ឆ្នាំ២០២២ខាងមុខនេះ បន្ទាប់ពីធ្វើជាលើដំបូងនៅឆ្នាំ២០១១ កន្លងទៅ។

លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ មានប្រសាសន៍ថា ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅទូទាំងប្រទេស ដោយត្រូវប្រើប្រាស់មន្ត្រីសម្ភាសន៍សរុបចំនួនប្រមាណ ៥ពាន់នាក់។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនៃគណៈកម្មាធិការជំរឿនសេដ្ឋកិច្ចនៅរាជធានីខេត្ត នៅថ្ងៃទី០៩ ខែកុម្ភៈនេះ លោកទេសរដ្ឋមន្ត្រីបានបន្តថា ទិន្នន័យជំរឿនសេដ្ឋកិច្ច គឺពិតជាមានសារៈសំខាន់បំផុត ដែលត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងផ្តល់សូចនាករសម្រាប់ចំណុចដៅនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០។

លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា ការធ្វើជំរឿនសេដ្ឋកិច្ច ត្រូវបានធ្វើជាលើកទី២ បន្ទាប់ពីបានធ្វើជាលើដំបូងនៅឆ្នាំ២០១១ ហៅថា “ជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១” និងបានធ្វើ “អង្កេតចន្លោះជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៤”។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ផ្អែកលើរបាយការណ៍លទ្ធផលបឋមស្តីពីការស្រង់បញ្ជីអង្គភាពសេដ្ឋកិច្ច នៅតាមរាជធានីខេត្តទាំង២៥ បានឱ្យដឹងថា មានចំនួនអង្គភាពសេដ្ឋកិច្ចសរុប ៧៤៣ ៥៣២ ទីតាំងមូលដ្ឋាន នៅឆ្នាំ២០២១ ក្នុងទូទាំងប្រទេស។ ចំនួនអង្គភាពសេដ្ឋកិច្ច បានកើនទ្បើងប្រមាណ ៤៧% បើធៀបនឹងឆ្នាំ២០១១ នៃជំរឿនសហគ្រាសឆ្នាំ២០១១ ហើយបានកើនទ្បើងប្រមាណ ៤៥% បើធៀបនឹងឆ្នាំ២០១៤ ផ្នែកទិន្នន័យអង្កេតចន្លោះជំរឿនសហគ្រាសឆ្នាំ២០១៤។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា លទ្ធផលបឋមនេះ បានបង្ហាញឱ្យឃើញអំពីការប្រែប្រួលរចនាសម្ព័ន្ធកំណើនប្រជាជន និងភូមិសាស្រ្តរដ្ឋបាលគ្រប់គ្រងនៅថ្នាក់មូលដ្ឋានភូមិ ឃុំ សង្កាត់ នៅតាមរាជធានី ខេត្ត ដែលមានចំនួនប្រជាជនសរុបបានកើនទ្បើងដល់ជិត ១៦លាននាក់ និងមានគ្រួសារសរុបប្រមាណ ៣,៦ លានគ្រួសារ នៅឆ្នាំ២០១៩។
លោកទេសរដ្ឋមន្ត្រីបានបន្តថា ទន្ទឹមនឹងការកើនទ្បើងប្រជាសាស្រ្តនោះ ប្រទេសកម្ពុជាបច្ចុប្បន្ន មានការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនផងដែរ កន្លងមកនៅមុនពេលការរីករាលដាលនៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ចសម្រេចបានជាមធ្យម ៧% ដោយការធ្វើសមាហរណ័កម្ម និងពិពិធកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក។ លើសពីនេះ កម្ពុជានឹងឈានទៅសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទោះជាយ៉ាងនេះក្តី លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជាក៏បានទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការថមថយមកវិញពីឆ្នាំ២០២០-២០២១ ដែលជាហេតុនាំឱ្យប្រជាជនប្រមាណ ១៧,៨% នៃប្រជាជនសរុបបានរស់ក្រោមខ្សែបន្ទាត់ភាពក្រីក្រ ក្នុងនោះរួមមាន៖ អត្រាភាពក្រីក្រនៅរាជធានីភ្នំពេញមាន ៤,២% តំបន់ទីប្រជុំជនផ្សេងៗទៀតមាន ១២,៦% និងតំបន់ជនបទមាន ២២,៨%។
ដើម្បីគណនាវាយតម្លៃអំពីកំណើនសេដ្ឋកិច្ចតាមវិស័យនៅរាជធានីខេត្តនីមួយៗ យើងត្រូវតែមានទិន្នន័យតួលេខឱ្យបានច្បាស់ ត្រឹមត្រូវ ជឿជាក់ខ្ពស់ និងទាន់ពេលវេលា សម្រាប់ឆ្លើយតបតម្រូវការប្រើប្រាស់ទិន្នន័យ ដោយផ្អែកតាមបរិបទសេដ្ឋកិច្ចនៅក្នុងរាជធានីខេត្ត ថ្នាក់តំបន់ និងសកលលោក ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលនឹងនាំមកនូវបច្ចេកវិទ្យាដ៏ទំនើបសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធ-សាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត