សេដ្ឋកិច្ច
ធនាគារ វឌ្ឍនៈ សហការជាមួយ EMQ ដើម្បីផ្តល់សេវាទូទាត់ភ្លាមៗនៅក្រៅប្រទេស
កិច្ចសហការនេះ ធ្វើឱ្យធនាគារ វឌ្ឍនៈ ពង្រីក និងពង្រឹងសេវាទូទាត់ពហុរូបិយប័ណ្ណពីប្រទេសកម្ពុជា ទៅបណ្តាប្រទេសសេដ្ឋកិច្ចសំខាន់ៗនៅអាស៊ី តាមរយៈបណ្តាញទូទាត់សកលរបស់ EMQ។
ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ នៅថ្ងៃនេះ ធនាគារ វឌ្ឍនៈ បានសហការជាមួយនឹងក្រុមហ៊ុន EMQ ដែលជាបណ្តាញទូទាត់សកល ដើម្បីជួយផ្តល់សេវាទូទាត់ភ្លាមៗនៅទូទាំងទ្វីបអាស៊ី និងបណ្តាប្រទេសជាច្រើនផ្សេងទៀតដែលកំពុងតែរៀចចំដាក់ដំណើរការសេវាកម្មនេះ។ តាមរយៈការចូលរួមជាមួយនឹងប្រព័ន្ធទូទាត់ API របស់ EMQ ធនាគារ វឌ្ឍនៈ អាចពង្រីកសេវាបន្ថែមទៀតទៅតំបន់ភូមិសាស្ត្រថ្មី និងផ្តល់ជូនអតិថិជនរបស់ខ្លួន នូវការទូទាត់ពហុរូបិយប័ណ្ណទៅកម្មវិធីសេវាធនាគារចល័តផ្សេងៗ គណនីធនាគារ និងការទទួលសាច់ប្រាក់នៅក្នុងតំបន់។
លោក ចាន់ កុកឆយ អគ្គនាយកប្រតិបត្តិ ធនាគារ វឌ្ឍនៈ មានប្រសាសន៍ថា “អតិថិជនរបស់យើង គឺជាស្នូលនៃអាជីវកម្មរបស់យើង ហើយយើងតែងតែស្វែងរកវិធីផ្សេងៗ ដើម្បីពង្រឹងសេវាកម្មឱ្យកាន់តែល្អ អាចឱ្យអតិថិជនផ្ទេរប្រាក់ និងទទួលប្រាក់បានភ្លាមៗជារូបិយប័ណ្ណតាមតម្រូវការរបស់ខ្លួន។ ល្បឿន និងវិសាលភាពនៃបណ្តាញសកលរបស់ EMQ អាចឱ្យយើង ផ្តល់បទពិសោធន៍ទូទាត់កាន់តែងាយស្រួល ចំណាយតិច និងមានសុវត្ថិភាពជូនអតិថិជនរបស់យើង។ យើងមានសេចក្តីសោមនស្សដែលបានសហការជាមួយនឹង EMQ ដើម្បីពង្រីកសេវាកម្មរបស់យើង ទៅកាន់ទីផ្សារផ្សេងៗក្រៅពីប្រទេសកម្ពុជា”។
តាមរយៈបណ្តាញទូទាត់ភ្លាមៗរបស់ EMQ និងលទ្ធភាពសេវាកម្មរបស់ធនាគារ វឌ្ឍនៈ អតិថិជននៅក្នុងប្រទេសកម្ពុជា អាចធ្វើការផ្ទេរប្រាក់ និងទទួលបានប្រាក់ភ្លាមៗ ឬក្នុងថ្ងៃតែមួយនៅសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម ថៃ និងហ្វីលីពីន ដោយមានជម្រើសច្រើនក្នុងការទទួលសាច់ប្រាក់ រួមមាន តាមរយៈកម្មវិធីសេវាធនាគារចល័ត គណនីធនាគារ និងការដកសាច់ប្រាក់។ ការតភ្ជាប់ជាមួយនឹងប្រព័ន្ធទូទាត់រួមរបស់ EMQ អាចឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ និងសហគ្រាស បង្កើតបាននូវដំណោះស្រាយមានលក្ខណៈបត់បែន ដើម្បី គាំទ្រប្រតិបត្តិការផ្សេងៗ ហើយអាចប្រើប្រាស់ផ្ទាល់នូវសេវាទូទាត់ពីគ្រប់ទីកន្លែងនៅទូទាំងពិភពលោក តាមរយៈការតភ្ជាប់ជាមួយ API រួមរបស់ EMQ។
លោក Max Liu សហស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិនៅ EMQ មានប្រសាសន៍ថា “EMQ តែងតែផ្តោតសំខាន់លើដំណើរការធ្វើឱ្យសាមញ្ញងាយស្រួលសម្រាប់ការទូទាត់ឆ្លងប្រទេស សម្រាប់អតិថិជនរបស់យើង ពីព្រោះថា យើងបន្តពង្រឹងសមត្ថភាពទូទាត់ភ្លាមៗ ដែលជួយអាជីវកម្ម បង្កើនប្រសិទ្ធផល និងប្រើប្រាស់មូលធនរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ យើងប្តេជ្ញាចិត្តជួយធនាគារ វឌ្ឍនៈ បង្កើនសមត្ថភាពជានិច្ចដើម្បីព្យាយាមឆ្លើយតបទៅនឹងការវិវត្តតម្រូវការរបស់អតិថិជន ហើយកសាងជំនាន់ថ្មីនៃបទពិសោធន៍សេវាធនាគារ”។
សេវាទូទាត់ភ្លាមៗរបស់ EMQ មាននៅអឺរ៉ុប (តំបន់ SEPA), ហុងកុង, ចិន, ថៃ, សិង្ហបុរី,កូរ៉េខាងត្បូង, ឥណ្ឌា, កម្ពុជា, វៀតណាម, នេប៉ាល់, ប៉ាគីស្ថាន, ហ្វីលីពីន, ចក្រភពអង់គ្លេស និងទីផ្សារចំនួន ១៩ នៅទ្វីបអាហ្វ្រិក ហើយកំពុងពង្រីកទៅសហរដ្ឋអាមេរិក កាណាដា និងអាមេរិកឡាទីន។ បច្ចុប្បន្ននេះ EMQ ទទួលបានអាជ្ញាប័ណ្ណនៅ ហុងកុង, សិង្ហបុរី និង ឥណ្ឌូនេស៊ី ហើយបានចុះបញ្ជីពាណិជ្ជកម្មជាអាជីវកម្មសេវារូបិយប័ណ្ណនៅប្រទេសកាណាដា។
ព័ត៌មានអំពី ធនាគារ វឌ្ឍនៈ
ធនាគារ វឌ្ឍនៈ ជាធនាគារក្នុងស្រុក។ បេសកកម្មសាជីវកម្មរបស់ធនាគារ វឌ្ឍនៈ គឺការប្រកបអាជីវកម្មធនាគារ ដោយភាពស្មោះត្រង់ សុចរិតភាព គណនេយ្យភាព និងភាពទទួលខុសត្រូវ ចំពោះអតិថិជននិងភាគីពាក់ព័ន្ធទាំងអស់។ ទិសដៅធនាគារ គឺការធ្វើឱ្យមានកំណើនអាជីវកម្មប្រកបដោយនិរន្តរភាព សុវត្ថិភាព និងភាពរឹងមាំ ដើម្បីរក្សាចំណាត់ថ្នាក់ជាធនាគារមាន “សុវត្ថិភាព” និងឈានទៅរកចំណាត់ថ្នាក់ល្អជាងនេះ។ ធនាគារ វឌ្ឍនៈ បានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០០២ ហើយបច្ចុប្បន្ននេះ មាន ៣០ សាខា គិតត្រឹមខែមីនា ឆ្នាំ ២០២២ ដែលក្នុងនោះ ១៣ សាខា ស្ថិតនៅរាជធានីភ្នំពេញ និង ១៧ សាខាទៀត ស្ថិតនៅតាមបណ្តាខេត្ត។ ទីស្នាក់ការកណ្តាលធនាគារ វឌ្ឍនៈ ស្ថិតនៅអគារ វឌ្ឍនៈ កាពីតាល រាជធានីភ្នំពេញ។ ធនាគារ វឌ្ឍនៈ បាននិងកំពុងបន្តសាងសង់សាខាជាច្រើនទីតាំងផ្សេងទៀត ហើយគ្រោងនឹងដាក់ឱ្យដំណើរការជាបន្តបន្ទាប់ទៀតនៅទូទាំងប្រទេស ត្រឹមឆ្នាំ ២០២២ ខាងមុខនេះ។
គេហទំព័រ៖ www.vattanacbank.com។
អំពី EMQ
EMQ គឺជាក្រុមហ៊ុនអន្តរជាតិបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលអាចឱ្យអាជីវកម្មគ្រប់ធុន ធ្វើការផ្ទេរប្រាក់ប្រកបដោយប្រសិទ្ធភាព និងផ្តល់សេវាហិរញ្ញវត្ថុផ្ទាល់ជូនអតិថិជនពីគ្រប់ទីកន្លែងនៅលើពិភពលោក តាមរយៈបណ្តាញសកលដ៏ទូលំទូលាយរបស់យើង។ តាមរយៈនវានុវត្តន៍ជាបន្តបន្ទាប់ យើងផ្តល់ជូនហេដ្ឋារចនាសម្ព័ន្ធទូទាត់ប្រកបដោយភាពបត់បែន កាន់តែលឿន កាន់តែមានតម្លាភាព និងកាន់តែច្បាស់លាស់ ដែលជាលក្ខខណ្ដតម្រូវយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចឌីជីថល។ ប្រព័ន្ធ API របស់យើង បង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មនៅគ្រប់វិស័យ ដើម្បីគ្រប់គ្រងប្រតិបត្តិការឆ្លងប្រទេស និងភ្ជាប់សេវាកម្មហិរញ្ញវត្ថុឱ្យនៅជាប់ជាមួយនឹងផលិតផល។ គេហទំព័រ៖ www.emq.com។
ទំនាក់ទំនងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ
Genevieve Li
EMQ
Vann Theany
Vattanac Bank
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់