សេដ្ឋកិច្ច
រាជរដ្ឋាភិបាល គ្រោងប្រកាសលទ្ធផលជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ នៅខែសីហា ឬកញ្ញាឆ្នាំក្រោយ
អ្នកនាំពាក្យក្រសួងផែនការ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងប្រកាសផ្សព្វផ្សាយលទ្ធផលជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ នៅខែសីហា ឬកញ្ញា ឆ្នាំ ២០២៣ខាងមុខនេះ ខណៈការធ្វើជំរឿនបានបិទបញ្ចប់ កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២។
លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បានឲ្យដឹងនៅថ្ងៃទី ១ ខែមេសានេះថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២នេះ ក្រសួងផែនការបានប្រើរយៈពេល ១ខែ គឺចាប់អនុវត្តពីថ្ងៃទី ១ ខែមីនា រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២។ លោកបន្តថា គិតត្រឹមល្ងាចថ្ងៃទី ២៩ ខែមីនា លទ្ធផលជំរឿនសេដ្ឋកិច្ចសម្រេចបាន ៩៦% នៅទូទាំងប្រទេស តែរាជធានីភ្នំពេញ គឺនៅមានភាពយឺតយ៉ាវជាងគេ។
លោកបន្តទៀតថា «ជារួមក្នុងក្របខណ្ឌទូទាំងប្រទេស គឺសម្រេចបាន ៩៦% តែរាជធានីភ្នំពេញ មានភាពយឺតយ៉ាវជាងគេ ដោយទើបសម្រេចបានប្រមាណ ៧០%ប៉ុណ្ណោះ។ ភាពយឺតយ៉ាវនេះ គឺដោយសារកត្តាមួយចំនួនដូចជា ចំនួនសហគ្រាសមានការកើនឡើង បើធៀបទៅនឹងការស្រង់បញ្ជីសហគ្រាសកាលពីឆ្នាំ ២០២០ និងដោយសារចំនួនមន្រ្តីប្រមូលទិន្នន័យ មានចំនួនកំណត់»។
លោកបានបន្ថែមថា ចំពោះករណីនៅរាជធានីភ្នំពេញនេះ នឹងអាចពន្យារពេលប្រមូលទិន្នន័យ ព្រោះសហគ្រាសខ្លះ ក៏បានសុំពន្យារពេលដើម្បីបំពេញព័ត៌មានលម្អិត ជូនមន្រ្តីសម្ភាសន៍។ ចំពោះខេត្តផ្សេងៗទៀត ស្ទើរតែសម្រេចបាន ១០០%ហើយ ដោយគេកំពុងទុកពេលពិនិត្យផ្ទៀងផ្ទាត់សិន។
លោក ស្រី ដា បានបញ្ជាក់ថា ទិន្នន័យជំរឿនសេដ្ឋកិច្ច គឺពិតជាមានសារៈសំខាន់បំផុត ដែលត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជាធាតុចូលដ៏សំខាន់ ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងផ្តល់សូចនាករសម្រាប់ចំណុចដៅ នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្នាំ ២០១៦-២០៣០។
ការធ្វើជំរឿនសេដ្ឋកិច្ច បានធ្វើជាលើដំបូងនៅឆ្នាំ ២០១១ ហៅថា “ជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១” និងបានធ្វើ “អង្កេតចន្លោះជំរឿនសហគ្រាស នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៤”។
ផ្អែកលើរបាយការណ៍លទ្ធផលបឋម ស្តីពី ការស្រង់បញ្ជីអង្គភាពសេដ្ឋកិច្ច នៅតាមរាជធានីខេត្ត ទាំង២៥ បានឲ្យដឹងថា មានចំនួនអង្គភាពសេដ្ឋកិច្ចសរុប ៧៤៣ ៥៣២ ទីតាំងមូលដ្ឋាន នៅឆ្នាំ២០២១ ក្នុងទូទាំងប្រទេស។ ចំនួនអង្គភាពសេដ្ឋកិច្ច បានកើនទ្បើងប្រមាណ ៤៧% បើធៀបនឹងឆ្នាំ២០១១ នៃជំរឿនសហគ្រាសឆ្នាំ ២០១១ហើយបានកើនទ្បើងប្រមាណ ៤៥% បើធៀបនឹងឆ្នាំ ២០១៤ ផ្នែកទិន្នន័យអង្កេតចន្លោះជំរឿនសហគ្រាសឆ្នាំ ២០១៤៕
អត្ថបទ៖ សំអឿន


-
KPT+១៨ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល