Connect with us

ព័ត៌មានជាតិ

កម្ពុជា​ស្នើឥណ្ឌា​ ពន្លឿន​បង្កើត​ឱ្យ​មាន​កិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​​

បានផុស

នៅ

ការស្នើឲ្យប្រធានរដ្ឋសភាឥណ្ឌា​ពន្លឿនបង្កើត​ឱ្យមានកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីនេះ​ ត្រូវ​បាន​សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងនៅក្នុង​ជំនួបពិភាក្សា​ជាមួយ​លោក អំ បឺរឡា ( Om Birla) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌា ខណៈកំពុងដឹកនាំប្រតិភូ​ទស្សនកិច្ចនៅកម្ពុជា រយៈពេល៤ ថ្ងៃ ដោយចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោក អំ បឺរឡា បានពិភាក្សាការងារទ្វេ​ភាគី​នៅក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ។ ថ្នាក់ដឹកនាំរដ្ឋសភា​កម្ពុជា និងឥណ្ឌា បានសម្តែងក្តីសប្បាយ រីករាយជាទីបំផុត ចំពោះសមិទ្ធផលជា ច្រើន ដែលកើត​ចេញពីទំនាក់ទំនងការទូតរវាងប្រទេសទំាងពីរ ជាប្រវត្តិសាស្រ្តនៅក្នុងរយៈពេល៧០ឆ្នាំមកនេះ។ ប្រជាជនកម្ពុជា-ឥណ្ឌា មានទំនាក់ទំនងជាប្រវត្តិសាស្រ្ត ដែលមានវប្បធម៌ ជំនឿ សាសនា ស្រដៀង​គ្នា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម​ប្រធាន​រដ្ឋសភា នាពេលនេះ ពិតជាផ្តល់នូវកិត្តិយស និងមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា ឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិ​បត្តិការ​រវាងប្រទេសទំាងពីរកម្ពុជា-ឥណ្ឌា ឱ្យកាន់តែរឹងមំា និងស៊ីជម្រៅថែមទៀត។ សម្តេចបានបញ្ជាក់ថា ឥណ្ឌាជាប្រទេសមួយ ក្នុងចំណោមប្រទេសមិនច្រើនទេ​ដែលបានទទួល​ស្គាល់​សាធារណរដ្ឋប្រជាមានិតកម្ពុជា  និងបានបើកស្ថានទូតនៅកម្ពុជានាឆ្នាំ១៩៨១។

សម្តេចប្រធានរដ្ឋសភាបានជម្រាបគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឥណ្ឌា អំពីការបន្តរក្សាឱ្យបាន​នូវ​សន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច របស់កម្ពុជាក្នុងរយៈពេលវែង ព្រមទំាងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេសនានា នៅក្នុងតំបន់ និងសកលលោក។ សម្តេចបានលើកឡើង ពីការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ រួមនឹង​វិធានការស្តារសេដ្ឋកិច្ច សង្គមកម្ពុជាឡើងវិញ នៅក្រោយវិបត្តិកូវីដ១៩។

សម្តេចអគ្គមហាពញាចក្រី បានលើកឡើងថា ចាប់តាំងពីនីតិកាលទី១មក រដ្ឋសភាកម្ពុជា បាននិង​កំពុងបន្តពង្រឹងពង្រីកទំនាក់ទំនងការទូតសភា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយបណ្តាសភានានា នៅក្នុងតំបន់ និងសកលលោក សំដៅរួមចំណែកលើកកម្ពស់ថែ​រក្សា​សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅក្នុងក្របខណ្ឌតំបន់ និងសកលលោក។

រដ្ឋសភាកម្ពុជា បាន​បង្កើតក្រុមមិត្តភាពសភាកម្ពុជាជាមួយសភាជាង១០០ប្រទេសនៅលើសកលលោក ក្នុងនោះ​ក៏មាន​រដ្ឋសភាឥណ្ឌាផងដែរ ក្នុងបំណងជំរុញលើកកម្ពស់ទំនាក់ទំនង មិត្តភាព និង​សហប្រតិបត្តិ​ការ​ជា​លក្ខណៈទ្វេភាគី ដើម្បីផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ចំណែកលោក អំ បឺរឡា បានសម្តែងការគំាទ្រចំពោះប្រសាសន៍​លើកឡើងរបស់​សម្តេចប្រធាន​រដ្ឋសភា និងបានគូសបញ្ជាក់ថា តាមរយៈការជួបសន្ទនាជាទៀងទាត់​របស់ថ្នាក់ដឹកនាំ​ប្រទេស​ទំាងពីរ​បានធ្វើឱ្យទំនាក់ទំនងជាប្រវត្តិសាស្រ្តកម្ពុជា និងឥណ្ឌាកាន់តែស៊ីជម្រៅ។ លោកថា ប្រទេស​ឥណ្ឌាបានឱ្យតម្លៃជាសំខាន់ចំពោះទំនាក់ទំនងប្រទេសទំាងពីរ។ មានគម្រោងអភិវឌ្ឍន៍ជាច្រើនរបស់ឥណ្ឌានៅកម្ពុជា ដូចជាវិស័យសុខាភិបាល កសិកម្ម និងបច្ចេកវិទ្យា​ ដែលគម្រោងទំាងអស់នោះបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។ 

នៅក្នុងឱកាសនោះដែរ លោកបានគោរពអញ្ជើញសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បំពេញ​ទស្សនកិច្ចនៅប្រទេសឥណ្ឌានាពេលខាងមុខ ដោយសំអាងថា វត្តមានសម្តេច ហេង សំរិន នៅប្រទេស​ឥណ្ឌាមានសារសំខាន់ ដើម្បីចូលរួមក្នុងវេទិកាអាស៊ាន-ឥណ្ឌាផងដែរ និងក្នុងឱកាស​ប្រទេសទំាងពីរប្រារព្ធខួបលើកទី៧០ នៃចំណងការទូត និងចំពេលដែលឥណ្ឌាប្រារព្ធខួបលើកទី៧៥ នៃទិវាឯករាជ្យជាតិ ក៏ដូចជាឱកាសម្ពោធអគាររដ្ឋសភាថ្មីផងដែរ។

ជាការឆ្លើយតប សម្តេចអគ្គមមហាចក្រី ហេង សំរិន បានទទួលសំណើ​របស់គណៈប្រតិភូ​សភា​ឥណ្ឌា។ ជាមួយគ្នាសម្តេចបានគោរពអញ្ជើញ គណៈប្រតិភូសភាឥណ្ឌា មកចូលរួមមហាសន្និបាត AIPA លើកទី៤៣ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខ  ក្នុងនាមជា​សភា​សង្កេតការណ៍។ 

ជាមួយគ្នានោះ សម្តេចបានស្នើឲ្យភាគីឥណ្ឌាពន្លឿនដល់ការបង្កើត​ឱ្យមានកិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរីរវាងប្រទេសទំាងពីរ និងបន្តគំាទ្រការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា និងជួយកិច្ចសហការក្នុងការអភិរក្ស និងស្តារបេតិកភណ្ឌ វប្បធម៌ និងជំរុញដល់រដ្ឋាភិបាលឥណ្ឌា អនុវត្តការស្តារបេតិកភណ្ឌប្រាសាទបាយ័ន ព្រះវិហារ ដែលឥណ្ឌា ជាសហប្រធាន ICC ព្រះវិហារនោះ។

ទាក់ទងបញ្ហានេះ លោក អំ បឺរឡា បានទទួលសំណើរបស់សម្តេច ហេង សំរិន និងសន្យាថា នឹង​ផ្តល់​ចម្លើយ​ជាវិជ្ជមានតាមរយៈឯកអគ្គរដ្ឋទូតប្រចំានៅកម្ពុជា៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម