សេដ្ឋកិច្ច
ក្រុមហ៊ុនស៊ី.ភី បើកសម្ពោធរោងចក្រផលិតចំណីអាហារស្តង់ដារដំបូងគេក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានបើកពិធីសម្ពោធជាផ្លូវការ រោងចក្រផលិតចំណីអាហារស្តង់ដារ ឈានមុខគេមួយក្នុងប្រទេសកម្ពុជានៅខេត្តកំពត។ ពិធីសម្ពោធនេះ ធ្វើឡើងកាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២២ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងវត្តមានលោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន ស៊ី.ភី ដែលដឹកនាំដោយលោក Preeda Chunwong អនុប្រធានក្រុមប្រឹក្សាភិបាល លោក Wittaya Kreangkriwit ក្រុមប្រឹក្សាភិបាលរងជាន់ខ្ពស់នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងភ្ញៀវកិត្តិយសសំខាន់ៗជាង ១០០០ នាក់ទៀត។

នាក្នុងឱកាសនេះ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតសម្តែងក្តីរំភើបក្រៃលែង នៅក្នុងពិធីសម្ពោធជាផ្លូវការ រោងចក្រផលិតចំណីអាហារ និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យ ជាស៊ីម កំចាយមា និងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង។

ជាមួយគ្នានេះ លោក Wittaya Kreangkriwit ក្រុមប្រឹក្សាភិបាលរងជាន់ខ្ពស់នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានមានប្រសាសន៍ថា ការបង្កើតរោងចក្រផលិតចំណីអាហារនេះឡើងគឺដើម្បីលើកកម្ពស់ស្តង់ដារគុណភាពនៃការផលិតចំណីអាហារនៅកម្ពុជា ឱ្យស្របតាមស្តង់ដារអន្តរជាតិនិងដើម្បីឱ្យប្រជាជនកម្ពុជា ទទួលទានអាហារដែលជាផលិតផលផលិតក្នុងស្រុក មានគុណភាពនិងអនាម័យ។ លើសពីនេះទៅទៀត លោក Paitoon Wongkatawethin ក្រុមប្រឹក្សាភិបាលរងនៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានចុះហត្ថលេខាលើអនុស្សរណះនៃការយោគយល់ ជាមួយសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង បច្ចេកទេសផ្សេងៗ ដែលទាក់ទងនឹងបច្ចេកវិទ្យាផលិតចំណីអាហារ ព្រមទាំងផ្តល់ឱកាសការងារទាក់ទងនឹងអាជីវកម្មកសិ-ឧស្សាហកម្ម និងអាហារដល់ប្រជាជនកម្ពុជាផងដែរ។

លោក Wittaya បានលើកឡើងអំពីគោលការណ៍ ក្នុងការផលិតចំណីអាហារប្រកបដោយអនាម័យល្អនិងការទទួលបានសាច់ដែលមានភាពស្រស់ ត្រូវមានគោលការណ៍ចំនួន ៥ ប្រការ ដូចជាក្រោម ៖
ទី១) សត្វត្រូវមានសុខភាពល្អ ដឹកចេញពីកសិដ្ឋានចិញ្ចឹមបែបស្តង់ដា។
ទី២) ការរៀបចំទុកដាក់សត្វមុនចូលរោងពិឃាត គឺសត្វមិនទទួលរងសម្ពាធផ្នែកអារម្មណ៍ ព្រោះថាពេលដែលសត្វរងសម្ពាធនឹងធ្វើឱ្យគុណភាពសាច់ធ្លាក់ចុះ។
ទី៣) ទីកន្លែង និងឧបករណ៍ត្រូវតែស្អាត ដោយជ្រើសរើសឧបករណ៍ដែលត្រឹមត្រូវ ទំនើប និងមានការថែរក្សាបានល្អ ឱ្យរួចរាល់សម្រាប់ទុកប្រើប្រាស់។
ទី៤) ដំណើរការផលិតត្រូវតែមានស្តង់ដារត្រឹមត្រូវតាមគោលការណ៍ និងអនាម័យ មានការបែងចែករវាងផ្នែកស្អាត និងផ្នែកកខ្វក់ចេញពីគ្នាយ៉ាងច្បាស់លាស់ ត្រូវបានត្រួតពិនិត្យភ្នាក់ងារចម្លងរោគគ្រប់ដំណាក់កាលនៃការផលិត។
ទី៥) ការថែរក្សាសាច់បន្ទាប់ពីកែច្នៃហើយ សាច់ត្រូវតែរក្សាទុកនៅក្នុងសីតុណ្ហភាពត្រឹមត្រូវ ដើម្បីរារាំងការលូតលាស់នៃបាក់តេរី ដែលបណ្តាលឱ្យសាច់ខូច។
ទន្ទឹមគ្នានេះ លោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ គឺជាក្រុមហ៊ុនកសិ-ឧស្សាហកម្ម និងអាហារឈានមុខគេមួយនៅក្នុងប្រទេសថៃ ដែលបានសហការជាមួយរដ្ឋាភិបាលថៃរហូតមក។ ក្រុមហ៊ុន ស៊ី.ភី បានផ្តោតលើការអភិវឌ្ឍន៍ផលិតផលចំណីអាហាររបស់ប្រទេសថៃ ដែលមាការទទួលស្គាល់ពីអតិថិជនយ៉ាងច្រើន និងមនុស្សជុំវិញពិភពលោក។ លោកថា ក្រុមហ៊ុន ស៊ី.ភីជាចំណែកមួយនៃការជួយជ្រំជ្រែងប្រទេសកម្ពុជា ទាក់ទងនឹងការលើកកម្ពស់ស្តង់ដារឧស្សាហកម្មផលិតចំណីអាហារ និងអភិវឌ្ឍផលិតផលផ្នែកអាហាររបស់កម្ពុជាឱ្យមានការទទួលស្គាល់លើឆាកអន្តរជាតិផងដែរ។

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងពិធីបើកសម្ពោធនេះថា ក្រុមហ៊ុន ស៊ីភី ជារោងចក្រផលិតចំណីអាហារ ទីមួយនៅកម្ពុជានៅខេត្តកំពតនេះ។ សម្តេចបានលើកឡើងថា គុណភាពផលិតចំណីអាហារ ស៊ីភី មិនចាញ់ផលិតផលនាំចូលឡើយ។ លើសពីនេះទៀត ក្រុមហ៊ុនបានជួយបង្កើតឱកាសការងារនៅក្នុងតំបន់ និងកាត់បន្ថយការចំណាក់ស្រុក ដោយការបង្កើតរោងចក្រកែច្នៃចំណីអាហារ បានតបស្នងទៅនឹងបញ្ហាការប្រឈមកង្វះការផលិតចំណីអាហារនៅកម្ពុជាផងដែរ។ សម្តេចបន្តថា វត្តមានរបស់ក្រុមហ៊ុន ស៊ីភី បានរួមចំណែកក្នុងការផ្គត់ផ្គង សាច់ស្រស់ ផលិតផលចំណីអាហារ ដែលមានអនាម័យ តម្លៃសមរម្យ និងបង្កើតទីផ្សារនៅកម្ពុជា ហើយក្រុមហ៊ុនបានជួយទិញ ដំណាំកសិកម្មដូចជា ពោត ដំឡូងមី ស្រូវ ពីប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ចំកាត់ បានដំណើរការអាជីវកម្មកសិ-ឧស្សាហកម្ម និងអាហារនៅប្រទេសកម្ពុជាជាង ២៦ឆ្នាំហើយ ជាមួយនឹងចក្ខុវិស័យ “ផ្ទះបាយពិភពលោក” បានប្តេជ្ញាផ្តល់នូវផលិតផលប្រកបដោយគុណភាព អនាម័យ និងអាហារូបត្ថម្ភខ្ពស់ជាមួយនឹងទំនួលខុសត្រូវដល់សង្គមជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ចំកាត់ មានទស្សនវិស័យក្នុងការធ្វើអាជីវកម្មដែលហៅថា “គោលការណ៍ប្រយោជន៍ទាំង៣ប្រការដើម្បីឆ្ពោះទៅកាន់និរន្តរភាព” ដោយចាត់ទុកផលប្រយោជន៍ដល់ប្រទេសជាតិ ជាអាទិភាពទីមួយ ផលប្រយោជន៍ប្រជាជន ជាអាទិភាពទីពីរ និងផលប្រយោជន៍ដល់ក្រុមហ៊ុន ជាអាទិភាពចុងក្រោយ។

ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ជាក្រុមហ៊ុនមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ ដោយអាជីវកម្មទាំងអស់ត្រូវបានបែងចែកជា ៣ ប្រភេទ គឺអាជីវកម្មផលិតចំណីសត្វ(Feed) អាជីវកម្មចិញ្ចឹមសត្វ(Farm) និងអាជីវកម្មចំណីអាហារ(Food)។ ក្រុមហ៊ុនក៏បានបើកដំណើរការអាជីវកម្មហាងលក់រាយ និងអាហារជាច្រើនដូចជា CP Fresh Mart, CP Fresh Shop, Five Star, និង Star Coffee។

ក្រុមហ៊ុន ស៊ីភីអេហ្វ(CPF) បានបណ្តាក់ទុនលើអាជីវកម្មផ្សេងៗ ជាង១៦ ប្រទេស និងចែកចាយផលិតផលរបស់ខ្លួនជាង ៤០ ប្រទេស នៅទូទាំងពិភពលោក៕







-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់