Connect with us

សេដ្ឋកិច្ច

លោក វង្សី វិស្សុត ប្រាប់គណៈប្រតិភូ ADBថា កម្ពុជាប្រឆាំងនឹងសេដ្ឋកិច្ចគាំពារនិយម

បានផុស

នៅ

លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់គណៈប្រតិភូ ក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB Board Group) ថា កម្ពុជាជាប្រទេសទទួលបាននូវវិបុលភាព តាមរយៈការបើកចំហរសេដ្ឋកិច្ចនៅក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ សូមប្រឆាំងនឹងការគាំពារនិយម ហើយបន្តគាំទ្រនូវនិន្នាការ នៃសកលភាវូបនីយកម្ម និងយន្តការពហុភាគីនិយម ក្នុងការគ្រប់គ្រងកិច្ចការពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វង្សី វិស្សុត បានលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី ២៦ ខែឧសភា នៅទីស្តីការក្រសួងសេដ្ឋកិច្ច ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB Board Group) ដឹកនាំដោយលោក Tony McDonald នាយកប្រតិបត្តិប្រចាំប្រទេសអូស្រ្តាលី ប្រទេសអាហ្សែបាយហ្សង់ ប្រទេសកម្ពុជា ប្រទេសហ្សកហ្ស៊ី ទីក្រុងហុងកុង ប្រទេសចិន ប្រទេសគីរីបាទី រដ្ឋសហព័ន្ធ មីក្រូនេស៊ី ប្រទេសណូរុ ប្រទេសប៉ាឡូ ប្រជុំកោះ សូឡូម៉ុន និងប្រទេសទូវ៉ាលូ ដែលបានបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២២។

លោក វង្សី វិស្សុត បានបន្តទៀតថា កម្ពុជា ក៏ដូចជាអាស៊ាន នឹងរីករាយក្នុងការចូលរួមក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចទាំងអស់ ឲ្យតែក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងនោះ ធានាបាននូវសន្តិភាព និងកិច្ចអភិវឌ្ឍក្នុងតំបន់, ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងមជ្ឈភាពរបស់អាស៊ាន។

លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា កម្ពុជាដែលជាប្រទេសទទួលបាននូវវិបុលភាព តាមរយៈការបើកចំហរសេដ្ឋកិច្ច នៅក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ សូមប្រឆាំងនឹងការគាំពារនិយម ហើយបន្តគាំទ្រនូវនិន្នាការ នៃសកលភាវូបនីយកម្ម និងយន្តការពហុភាគីនិយម ក្នុងការគ្រប់គ្រងកិច្ចការពិភពលោក។ កម្ពុជាចង់ធ្វើជាមិត្តដ៏ល្អជាមួយគ្រប់ប្រទេសទាំងអស់ តែមិនចង់មានទំនាស់ជាមួយប្រទេសណាមួយឡើយ។

លោក វង្សី វិស្សុត បានបន្តលើកឡើងថា ចំពោះមុខស្ថានភាពនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គួរសម្របនូវតួនាទីរបស់ខ្លួន ឲ្យស្របតាមសភាពការណ៍តំបន់ និងពិភពលោក ដើម្បីចូលរួមចំណែកក្នុងការកសាងនូវទំនុកចិត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងរវាងប្រទេសសមាជិក ដោយមិនគួរផ្តោតតែទៅលើកិច្ចអភិវឌ្ឍមួយមុខនោះទេ។ ជាមួយនេះ ADB ក៏ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលជាមួយធនាគារអភិវឌ្ឍផ្សេងៗទៀត។ ក្រៅពីការជំរុញកំណើនបៃតង, ADB ក៏ត្រូវផ្តោតលើការកាត់បន្ថយវិសមភាពសង្គម ដើម្បីជំរុញការកសាងសង្គមមួយប្រកបដោយបរិយាប័ន្ន និងមានស្ថិរភាពក្នុងរយៈពេលយូរក្នុងតំបន់ផងដែរ។

យ៉ាងណាក៏ដោយលោក វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ ADB ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការគាំទ្រកម្ពុជា ទាំងផ្នែកហិរញ្ញវត្ថុ, ផ្នែកបច្ចេកទេស និងជាពិសេសការរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងកាលៈទេសៈដ៏លំបាក លើកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកTony McDonald បានថ្លែងកោតសរសើរ និងអបអរសាទរ ចំពោះភាពជោគជ័យលើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនត្រឹមតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសង្គមក្នុងអំឡុងពេលដ៏លំបាក នៃវិបត្តិសាកលនេះប៉ុណ្ណោះទេ តែថែមទាំងអាចបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យកាលពីពេលថ្មីៗនេះទៀតផង។ គណៈប្រតិភូក៏ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងកម្រិតនៃការអភិវឌ្ឍប្រទេសរបស់កម្ពុជានាពេលនេះ ធៀបទៅនឹងរយៈកាលកន្លងទៅផងដែរ។

លោក វង្សី វិស្សុត បានបន្តថា បើទោះបីជាកម្ពុជាបានបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញក៏ពិតមែន ប៉ុន្តែនៅចំពោះមុខ កម្ពុជាមើលឃើញអំពីបញ្ហាប្រឈមមួយចំនួន ដែលមានដូចជា បញ្ហាវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងជម្លោះភូមិសាស្រ្តនយោបាយ ដែលបាននិងកំពុងកើតមានឡើង ហើយបានបង្កជាកង្វល់ និង វិបត្តិសេដ្ឋកិច្ចជាសាកល ដោយបានផ្តល់ផលប៉ះពាល់ទាំងដោយផ្ទាល់ និងដោយប្រយោលនៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។

លោក វង្សី វិស្សុត បានបញ្ជាក់ថា ក្នុងបរិកាណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំរៀបចំនិងអនុវត្តយុទ្ធសាស្រ្ត និងគោលនយោបាយអាទិភាពរបស់ខ្លួន ដើម្បីគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ជាពិសេសកាត់បន្ថយការរងសម្ពាធ នៃអតិផរណារជាសាកល តាមរយៈការគិតគូរអំពីលទ្ធភាព ក្នុងការបន្តផ្តល់ជំនួយសង្គមដល់ក្រុមប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងក្រីក្រ (ក្រ ១ និងក្រ ២) ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ រហូតដល់ឆ្នាំ ២០២៣ ហើយពង្រីកកម្មវិធីជំនួយសង្គមនេះ ចំពោះក្រុមប្រជាពលរដ្ឋដែលក្បែរក្រ ឬក្បែរបន្ទាត់ភាពក្រីក្រ។ ទន្ទឹមនឹងការជំរុញអនុវត្តនូវ ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ២០២១-២០២៣ ដែលបានដាក់ចេញកន្លងមក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម