សេដ្ឋកិច្ច
លោក ប៉ែន សុវិជាតិ៖ រដ្ឋាភិបាលឧបត្ថម្ភធនបន្ថែមជួយពលរដ្ឋទប់ទល់ការកើនឡើងតម្លៃសាំង
រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភធនបន្ថែមទៀតទៅលើតម្លៃប្រេងសាំង ដើម្បីរួមចំណែកជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋ ក្នុងកាលៈទេសៈ ដែលតម្លៃប្រេងសាំងឡើងថ្លៃជាបន្តបន្ទាប់នេះ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

លោក ប៉ែន សុវិជាតិ បានប្រាប់កម្ពុជាថ្មីថា « បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានឧបត្ថម្ភធនបន្ថែមទៀត ពីមុនយើងឧបត្ថម្ភធនតែ ០៤សេនដុល្លារក្នុងមួយលីត្រទេ តែឥឡូវនេះយើងឧបត្ថម្ភធន ០៦.៥ដុល្លារ ក្នុងមួយលីត្រហើយ»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបន្តថា រាជរដ្ឋាភិបាល បានកាត់បន្ថយ និងកែសម្រួលនូវអត្រាពន្ធអាករពិសេសមួយចំនួន ដើម្បីចូលរួមចំណែកធ្វើឱ្យតម្លៃសាំងមានការធ្លាក់ចុះបន្តិច។
លោកបន្ថែមថា នៅកម្ពុជា មិនទាន់មានវិបត្តិខ្វះប្រេងក្នុងការប្រើប្រាស់ដូចប្រទេសដទៃ ដោយសារការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាឱ្យមានប្រេងនៅក្នុងស្តុក គ្រប់គ្រាន់សម្រាប់ការប្រើប្រាស់។ លោក ប៉ែន សុវិជាតិ សង្កត់ធ្ងន់ថា« ប្រទេសកម្ពុជាយើង ខិតខំរក្សានូវសន្និធិស្តុកប្រេងឥន្ធនៈសម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ ដោយសហការជាមួយវិស័យឯកជន ធ្វើយ៉ាងណាមិនឱ្យខ្វះខាតប្រេង ដែលធ្វើឱ្យមានការតម្រង់ជួរទិញដូចនៅប្រទេសឡាវទេ ព្រោះវិស័យឯកជនក៏បានប្តេជ្ញាចិត្ត សហការជាមួយក្រសួងពាណិជ្ជកម្ម ត្រួតពិនិត្យយ៉ាងម៉ត់ចត់លើបញ្ហានេះ ដូច្នេះយើងនៅតែមានប្រេងលក់ទោះជាតម្លៃថ្លៃបន្តិចក៏ដោយ»។

ចំពោះការឡើងថ្លៃប្រេង អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា កម្ពុជា មិនអាចគ្រប់គ្រងតម្លៃបានទេ ដោយសារយោងតាមតម្លៃទីផ្សារអន្តរជាតិ។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹងប្រែងទប់ទល់ ធ្វើយ៉ាងណាកុំឱ្យឡើងដល់ ៦,០០០រៀល ក្នុងមួយលីត្រ។ តែក៏មិនធានាដែរ ដោយសារកម្ពុជា មិនមែនជាប្រទេសផលិតប្រេង គឺយើងនាំចូលប្រេងពីបរទេស។
បើតាមលោក ប៉ែន សុវិជាតិ មិនថាតែកម្ពុជាទេ ដែលរងផលប៉ះពាល់កើនឡើងតម្លៃសាំងដោយសារឥទ្ធិពលសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ពោលគឺប្រទេសផ្សេងទៀត ក៏រងផលប៉ះពាល់ដូចគ្នា។
ទោះយ៉ាងណាលោក បានណែនាំដល់ពលរដ្ឋឱ្យប្រើប្រាស់ប្រេងដោយសន្សំសំចៃ ដូចជាត្រូវដឹងថា ពេលវេលាណាដែលត្រូវធ្វើដំណើរ មិនកកស្ទះចរាចរណ៍ នាំឱ្យប្រើប្រាស់ប្រេងអស់ច្រើន និងចម្ងាយណាដែលមិនចាំបាច់ប្រើប្រាស់យានយន្ត ដើម្បីជាការរួមចំណែកកាត់បន្ថយការចំណាយ និងសន្សំប្រេងទុកប្រើក្នុងសង្វាក់ផលិតកម្មដែលចាំបាច់នានា។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានប្រកាសកាលពីម្សិលមិញថា តម្លៃប្រេងសាំងធម្មតា ក្នុង១លីត្រ ថ្លៃ ៥,៦៥០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៥,៥៥០រៀល ដោយតម្លៃនេះ ចាប់ផ្តើមអនុវត្តពីថ្ងៃទី ០១-១០ ខែមិថុនា ឆ្នាំ ២០២២។
យោងតាមការប្រកាសថ្មីនេះ មានន័យថា ប្រេងសាំងធម្មតាកើនឡើងតម្លៃ ៥០រៀល និងម៉ាស៊ូត ឡើងថ្លៃ ១៥០រៀល បន្ថែមពីលើតម្លៃចាស់។
ក្រសួងពាណិជ្ជកម្ម បានសម្រេចអនុវត្តគោលការណ៍ប្រកាសតម្លៃប្រេងសាំង រាល់១០ ថ្ងៃម្តង ដើម្បីសម្រួលដល់ភាគីពាក់ព័ន្ធ អំពីការឡើងចុះរហ័សនៃតម្លៃប្រេងឥន្ធនៈនេះ៕ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?