សេដ្ឋកិច្ច
ដើមឆ្នាំ២០២២ ភ្នំពេញមាន សំណង់បុរី និងបណ្ដុំផ្ទះល្វែង ៣១០ កន្លែង អគារខ្ពស់ៗ ១ ៦០០ អគារ
អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង និងអគារខ្ពស់ៗ ចំនួន ១ ៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥ អគារ។

ការបញ្ជាក់នេះធ្វើឡើង នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ ខណៈលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសម្ភោធផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ឃួង ស្រេង មានបញ្ជាក់ថា បើទោះបីក្នុងឆ្នាំ២០២១ កន្លងទៅ មានផលប៉ះពាល់ពីវិបត្តិជាសាកលបង្កឡើងដោយជំងឺកូវីដ-១៩ ក៏រាជធានីភ្នំពេញ នៅតែបន្តទទួលបានគម្រោងសាងសង់ថ្មីៗពីវិស័យឯកជន រហូតដល់ទៅចំនួន ១ ០៥០ គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លាអាមេរិក បន្ថែមទៀត ធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ។
លោកបានមានប្រសាសន៍ទៀតថា ផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរ បានប្រមូលផ្តុំនូវម្ចាស់អាជីវកម្មចិននិងខ្មែរជាច្រើន និងជាអគារពាណិជ្ជកម្មខ្នាតធំដែលមានមុខងារពេញលេញនៅក្នុងទីក្រុងភ្នំពេញ ហើយក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងបង្អស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អុីស្ទេត គ្រុប ដែលបានបើកដំណើរជាសាធារណៈ។ ក្រុមហ៊ុន ព្រីនស៍ រៀល អុីស្ទេត គ្រុប បានបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យអចលនទ្រព្យ ធនាគារ ផ្សារទំនើប និងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត ជាពិសេសក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

លោកបន្តថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថានឹងបន្តងើបឡើងវិញ នាបណ្តាឆ្នាំខាងមុខយ៉ាងឆាប់រហ័ស ស្របតាមការកើនឡើងនូវតម្រូវការសកល និងទំនុកចិត្តរបស់វិនិយោគគិនទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេស អគារពាណិជ្ជកម្ម សណ្ឋាគារ សំណង់បុរី អគារស្នាក់នៅរួម ខុនដូ និងផ្សារទំនើប ប្រកបដោយប្រណីតភាព សម្រាប់បម្រើដល់ ការរស់នៅប្រចាំថ្ងៃ។ ការបើកសម្ពោធផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរ គឺជាជម្រើសអាជីវកម្មមួយ ដែលនឹងទទួលបានគាំទ្រពី សំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងទីក្រុង ស្របពេលដែលប្រទេសជាតិយើងបានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យ។

លោក ខ្លីហ្វ កុហ្ស (CLIFF KOH) អភិបាលប្រតិបត្តិ នៃក្រុមហ៊ុន ព្រីនស៍ រៀល អុីស្ទេត គ្រុប បានលើកឡើងថា កម្ពុជាកំពុងបើកដំណើការសកម្មភាពសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញ លើគ្រប់វិស័យ តាមគន្លងប្រក្រតីថ្មី។ ហើយផ្សារទំនើបព្រីនស៍ ថាមសឃែ្វរ ដែលបានបើកសម្ពោធនៅពេលនេះ នឹងក្លាយទៅជាគោលដៅដើរទិញទំនិញ ការកម្សាន្ត និងទេសចរណ៍មួយ ដែលទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ហើយក្នុងអំឡុងពេលសាងសង់គម្រោងនេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងមន្ទីរពាក់ព័ន្ធបានផ្ដល់ការគាំទ្រយ៉ាងច្រើន ដែលធ្វើឱ្យគម្រោងនេះអាចអភិវឌ្ឍ និងបើកដំណើរការស្របតាមការរំពឹងទុក។

លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំ ពោះការគាំទ្រពីសំណាក់ស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ក្នុងពេលកន្លងមក ក៏ដូចជាការគាំទ្រ និងការទទួលស្គាល់យ៉ាងពេញទំហឹងពីគ្រប់មជ្ឈដ្ឋាននិងសំណាក់ប្រជាជនកម្ពុជាផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ