សេដ្ឋកិច្ច
កសិករពីរឃុំប្តូរពីធ្វើស្រែ មកដាំឈូកលក់ បានទិន្នផលនិងចំណូលខុសគ្នាឆ្ងាយ
ដោយសារតែដំណាំឈូកមានទីផ្សារល្អងាយស្រួលដាំដុះ ងាយស្រូលថែទាំ និងផ្ដល់ទិន្នផលល្អប្រសើរ និង បានប្រមូលផលយូរអ្វែងជាងដំណាំស្រូវ ទើបរយៈពេល០២ឆ្នាំចុងក្រោយនេះ គេឃើញកសិករ រស់នៅក្នុងឃុំចំនួន ២ គឺ ឃុំ តាគ្រាម និងឃុំស្នឹង ក្នុងភូមិសាស្តស្រុកបានណន់ បាននាំគ្នាផ្លាស់ប្ដូរដីស្រែពីការធ្វើដំណាំស្រូវ ច្នៃទៅជាទីកន្លែងដាំដំណាំឈូកវិញ។ ការផ្លាស់ប្តូរមុខរបរនេះ កសិករខ្លះដែលមិនមានដីខ្លួនឯង ក៏បានជួលពីគេធ្វើដំណាំឈូកនេះផងដែរដើម្បីសម្រុកដាំដំណាំឈូក។

លោក ចាន់ វិន អាយុ៥១ឆ្នាំ រស់នៅក្នុង ភូមិ តាង៉ែន ឃុំតាគ្រាម បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា រហូតដល់សព្វថ្ងៃនេះ លោកមានដំណាំឈូកចំនួន ០៤ ហិកតា នៅចំណុចភ្នំដំបងវែង ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ដែលស្ថិតនៅប៉ែកខាងត្បូងនៃតំបន់ទេសចរណ៍អាងកំពីងពួយ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ របរដាំឈូកនេះ លោកបាន ដាំរយ:ពេល ២ ឆ្នាំ ហើយពេលនេះក៏កំពុងប្រមូលផលឈូកជាបណ្តើរៗបាន០២ខែហើយ ដើម្បីតម្រូវតាមទីផ្សារក្នុងស្រុក។
លោកបន្តថា បើផ្អែកលើទីផ្សារ រវាងផលស្រូវ និងផលឈូកនាសព្វថ្ងៃនេះ គឺតំលៃឈូកល្អជាងតំលៃស្រូវឆ្ងាយណាស់ ដែលអាចជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារលោកបានដោយល្អប្រសើរជាងទិន្នផលស្រូវ។ ហើយបើសិនជាឈូកធ្លាក់តម្លៃខ្លះក៏មិនប៉ះពាល់សេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរដូចផលស្រូវដែរ។
លោកថា ដោយសារខុសគ្នាស្រឡះបែបនេះហើយ ទើបអ្នកភូមិមួយចំនួននាំគ្នាប្ដូរពីស្រូវ មកដាំឈូកវិញ។ ហើយការចំណាយទុនក៏មិនច្រើនដូចដំណាំស្រូវដែរ ដែលចំណាយដូចជា ថ្លៃពូជ ថ្លៃជី ថ្លៃភ្ជួររាល់ និង ថ្លៃច្រូតកាត់ ហើយធ្វើម្ដងប្រមូលផលបានតែម្ដងប៉ុណ្ណោះ រីឯតំលៃទីផ្សារទាបស្ទើរតែមិនអាចរួចថ្លៃចំណាយផង។
លោក សំអាត ជាពលរដ្ឋ រស់នៅក្នុង ភូមិព្រៃផ្តៅ ឃុំតាគ្រាម បានឲ្យដឹងដែរថា តំបន់អាងកំពីង គឺស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ក៏នៅមិនឆ្ងាយពីភូមិដែលលោករស់នៅប៉ុន្មានដែរ។ លោកតែងនាំក្រុមគ្រួសារទៅលេងកម្សាន្ត ដូចជាលែងទឹក និងដើរទស្សនាកម្សាន្តទេសភាពផង ខណ:តំបន់អាងកំពីងពួយ ជាគោលដៅទេសចរដ៏ពេញនិយមផងសម្រាប់ភ្ញៀវទេសចរ។
លោកបន្តថា បើទៅដល់ទីនោះ គេឃើញមានដំណាំឈូករាប់សិបហិកតាលាតសន្ធឹងដាច់កន្ទុយភ្នែកពីទិសខាងកើត ទៅទិសខាងលិចតាមបណ្ដោយទំនប់អាងកំពីងពួយប៉ែកខាងត្បូង ដែលប្រជាកសិករសម្រុកនាំគ្នាដាំយ៉ាងផុសផុល។ ដំណាំ ឈូកនេះ ក្រៅពីហុចផលប្រយោជន៍ដល់កសិករជាអ្នកដាំ ក៏បានផ្តល់អារម្មណ៍ស្រស់ថ្លាដល់អ្នកទៅកម្សាន្យផងដែរ។
បើតាមកសិករដាំឈូកបានអះអាងប្រហាក់ប្រហែលគ្នាថា សព្វថ្ងៃឈ្មួញបានដើរទិញគ្រាប់ឈូកដល់ចំការតែតំលៃហាក់មិនសូវស្ថិតស្ថេរនោះទេ។ ប៉ុន្តែតំលៃជាធម្មតាដែលឈ្មួញកំពុងដើរប្រមូលទិញគ្រាប់ឈូកទុំ ចន្លោះពី ៦០០០រៀល ទៅ៦៥០០ រៀល ក្នុង១គីឡូក្រាម។ ពេលខ្លះក៏អាចឡើងថ្លៃជាងនេះឬទាបជាងនេះដែរគឺឡើងចុះដោយខែ។
កសិករដាំឈូក ក៏បានធ្វើការប្រៀបធៀបរវាងទិន្នផលស្រូវ និងទិន្នផលឈូកឲ្យដឹងដែរថា បើប្រៀបធៀបទិន្នផលស្រូវ និងទិន្នផលឈូក លើផ្ទៃដី០១ហិកតាដូចគ្នា ឃើញថាដំណាំស្រូវទទូលបានទិន្នផលចន្លោះពី ៣ តោន ទៅ៣,៥តោនប៉ុណ្ណោះ ហើយតម្លៃមិនលើសពី០១លានរៀលទេ ក្នុង០១តោន។ ខណះទិន្នផលឈូកលើផ្ទៃដី០១ហិចតាដូចគ្នាទទួលបានទិន្នផលចន្លោះពី១តោនទៅ១,៥តោន បើប្រៀបធៀបតំលៃលើទីផ្សារ គឺផលឈូកល្អជាងផលស្រូវ។
ពួកគាត់បន្តថា ក្រៅពីនេះ ដំណាំឈូកក៏មានគុណសម្បត្តិផងដែរដូចជា ដាំរយៈពេលខ្លី ហើយប្រមូលផលបានរយះពេល យូរអង្វែង ខុសពីដំណាំស្រូវ ធ្វើម្ដងប្រមូលបានតែម្ដង ហើយថែមទាំងចំណាយទុនច្រើនទៀត។ ដូច្នេះហើយទើបពួកគាត់ ងាកមកដាំឈូកជំនួសដំណាំស្រូវវិញ។ ខណះដំណាំឈូកបានហុចផលដូចជា ផ្លែឈូកទុំ គេបេះយកគ្រាប់ថ្លឹងលក់ រីឯផ្លែឈូកចាស់ គេបេះយកទៅស្ងោរលក់ ឬលក់ផ្លែឆៅ ចំណែកក្រអៅ ឬមើមឈូក គេបេះយកលក់ធ្វើជាម្ហូបអាហារផ្សេងៗវាអាចជួយទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគាត់បានល្អប្រើសើក្នុងពេលបច្ចុប្បន្ននេះ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់