សេដ្ឋកិច្ច
បាត់ដំបង រំពឹងស្រូបទាញចំណូលពីអគារសំណង់បុរាណ និងហាមពលរដ្ឋកែលម្អខុសទ្រង់ទ្រាយដើម
អគារ សំណង់បុរាណ គឺជាផ្នែកមួយជួយស្រូបទាញចំណូលតាមរយៈវិស័យទេសចរណ៍ នៅក្នុងខេត្តបាត់ដំបង។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា កន្លងមករដ្ឋបាលខេត្ត បានហាមឃាត់ប្រជាពលរដ្ឋជួសជុលផ្ទះ ដែលជាសំណង់បុរាណខុសពីទម្រង់ដើមនៃអគារ និងបានពិនិត្យចំពោះផ្ទះដែលបានកែប្រែខុសពីទម្រង់ដើម។ លោកបន្តថា រដ្ឋបាលខេត្ត បានខិតខំក្នុងការថែរក្សាសំណង់អគារបុរាណ ដែលមានបញ្ហាមួយចំនួនពាក់ព័ន្ធទៅនឹងបច្ចេកទេស និងស្វែងរកថវិកា ដើម្បីអភិវឌ្ឍតំបន់អភិរក្ស។

នៅខេត្តបាត់ដំបង ក៏មានផ្សារមួយ ដែលជាសំណង់តាំងពីសម័យអាណានិគមបារាំង ដែលកំពុងជួបប្រទះហានិភ័យ ត្រូវជួសជុលបន្ទាន់ផងដែរ។ ទន្ទឹមនឹងនេះ លោកអភិបាលខេត្តបាត់ដំបង ក៏បានសំណូមពរដល់ប្រទេសបារាំង តាមរយៈឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាពជួយដល់ជួសជុលសំណង់អគារនេះ តាមជាក់ស្ដែង។ ដោយលោករំពឹងថា ថ្ងៃក្រោយតំបន់អភិរក្សបេតិកភណ្ឌ ដែលមានសំណង់អគារបុរាណនេះ នឹងធ្វើឱ្យខេត្តបាត់ដំបងអាចរកចំណូល តាមរយៈភ្ញៀវទេសចរមកទស្សនាកំសាន្តផងដែរ។
ការសំណូមពររបស់លោក សុខ លូ បែបនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃពុធ កន្លងទៅ។

ជាការឆ្លើយតប លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា បានកោតសរសើរ ដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានខិតខំព្យាយាមថែរក្សាសំណង់អគារបុរាណនានា ដែលកសាងឡើងតាមសម័យអាណានិគមនិយមបារាំង និងបានជួសជុលកន្លែងដែលការខូចខាត ដើម្បីរក្សានូវសំណង់អគារបុរាណនោះបានល្អប្រសើរ។ លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) បានបន្តទៀតថា « ទាក់ទងទៅនឹងការអភិរក្សសំណង់បេតិកភណ្ឌក៏យើងបានធ្វើការគិតគូផងដែរ នៅក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកាន់តែច្រើន តែអ្វីដែលយើងត្រូវដឹង គឺផែនការអភិវឌ្ឍ និងអភិរក្ស សំណង់បេតិកភណ្ឌ សតវត្សរ៍ទី២០ ដែលយើងត្រូវធ្វើការសិក្សាអំពីប្លង់លម្អិតជាមុនសិន នឹងយកទៅពិភាក្សាជាមួយដៃគូនៃប្រទេសបារាំង» ។

សូមបញ្ជាក់ថា ខេត្តបាត់ដំបង មានស្ថានីយបុរាណចំនួន២១ ប្រាសាទដែលនៅមានរូបរាងចំនួន៥ ប្រាសាទបាក់បែកសល់គ្រឹះចំនួន១៦ ទួលបុរាណចំនួន៤១៥ និងវត្តបុរាណចំនួន៣២៦។ សំណង់បុរាណទាំងនេះបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន។ ជាក់ស្តែង កាលពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរ ទៅកម្សាន្តច្រើនជាងគេ គឺមានចំនួន ៥៦៥ ៦១៨នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ១ ១១១នាក់៕ ទួន សុផល



-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ