សេដ្ឋកិច្ច
វិស័យសណ្ឋាគារផ្ទះសំណាក់ខេត្តសៀមរាប ងើបឡើងវិញ និងរំពឹងមានកំណើនខ្ពស់នៅចុងឆ្នាំនេះ
វិស័យសណ្ឋាគារ និងផ្ទះសំណាក់ នៅក្នុងខេត្តសៀមរាប បានងើបឡើងវិញជាបណ្តើរៗហើយ ដែលនេះជាសញ្ញាល្អសម្រាប់ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោក នួន ច័ន្ទតារា នាយកគ្រប់គ្រងសណ្ឋាគារ ស្តារី អង្គរ បានប្រាប់កម្ពុជាថ្មីថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ ជាផ្នែកមួយជួយដល់វិស័យសណ្ឋាគារផ្ទះសំណាក់ បើទោះជាមិនទាន់មានកំណើនស្មើនឹងមុនវិបត្តិកូវីដ ប៉ុន្តែស្ថានភាពកាន់តែល្អប្រសើរឡើងហើយ ជាពិសេសនៅក្នុងខេត្តសៀមរាប។ ក្រៅពីភ្ញៀវជាតិ លោក នួន ច័ន្ទតារា បានបញ្ជាក់ថា ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរ ហោះហើរចូលមកតាមរយៈក្រុមហ៊ុនសាំងកាពួរអ៊ែឡាញ ថៃ និងថ្មីៗនេះ វៀតណាម ក៏មានជើងហោះហើរចូលមកផងដែរ។ លើសពីនេះទៀត នៅដើមខែ កក្កដាខាងមុខនេះ ភ្ញៀវទេសចរថៃ នឹងចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ដោយបានកក់ សណ្ឋាគាររួចហើយ។

ម្ចាស់សណ្ឋាគាររូបនេះ បានគូសបញ្ជាក់ថា កំណើននេះ កើនឡើងរាប់រយភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២០-២០២១ កន្លងទៅ។ ការកើនឡើងនៃភ្ញៀវទេសចរនេះ ដោយសាររដ្ឋបាល ខេត្តសៀមរាប បានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរ និងមានតំបន់ទេសចរណ៍ជាច្រើនសម្បូរបែប។
លោកបានបន្តដូច្នេះថា« បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ នៅខេត្តសៀមរាប មុនកូវីដសរុបមានជាង ៣ម៉ឺនបន្ទប់ លំដាប់ផ្កាយមួយ ដល់ផ្កាយប្រាំ»។

លោកមានសុទិដ្ឋិនិយមថា នៅចុងឆ្នាំ ២០២២នេះ ភ្ញៀវទេសចរមកពីប៉ែកអឺរ៉ុប នឹងមានកំណើនខ្ពស់ ជាពិសេសពួកគេនឹងចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប។ ការរំពឹងបែបនេះ ដោយសារនៅចុងឆ្នាំនេះ មានពិធីបុណ្យច្រើន ដូចជា បុណ្យគ្រីស្មាស បុណ្យឆ្លងឆ្នាំ និងកម្មវិធីរត់ម៉ារ៉ាតុង ជាដើម។ ចំណែកភ្ញៀវអាស៊ី នឹងមានជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី ភីលីពីន និងថៃបន្ថែមទៀត។
លោកសង្កត់ធ្ងន់ថា ប្រសិនបើចិន កូរ៉េ ជប៉ុន បើកទូលាយ អនុញ្ញាតឱ្យពលរដ្ឋចេញចូលដោយសេរីឡើងវិញ កំណើនភ្ញៀវទេសចរកាន់តែចូលមកកម្សាន្តនៅកម្ពុជាច្រើន នោះសណ្ឋាគារផ្ទះសំណាក់ នឹងខ្វះបន្ទប់សម្រាប់ភ្ញៀវទេសចរ។
ទន្ទឹមនឹងការងើបឡើងវិញនេះ លោក នួន ច័ន្ទតារា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់់ ចូលរួមបន្តគោរពវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ-១៩ និងបន្តអនុវត្តនូវការចាក់វាក់សាំងដូសជំរុញទី៣ដល់ទី៥ តាមការអំពាវនាវរបស់រាជរដ្ឋាភិបាលឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៥ខែ ឆ្នាំ ២០២២ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុប ១,០២ លាននាក់ កើនឡើង ៧៤៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ ២០២១ មានចំនួន ១២១ ៦៤៩ នាក់។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៤៥ ៧៧៩ នាក់ កើនឡើង ៨៥៩ភាគរយ ធៀបនឹងឆ្នាំ ២០២១។ នេះបើយោងតាមតួលេខមន្ទីរទេសចរណ៍ខេត្តសៀមរាប៕


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?