សេដ្ឋកិច្ច
កម្ពុជា ជួបកំណើនអតិផរណាទំនិញខ្ពស់បំផុត ៧,២% មិនធ្លាប់មាន ដោយសារកំណើនថ្លៃប្រេង និងម្ហូបអាហារពិភពលោក
ក្រោមឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក អតិផរណានៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ដល់ ៧,២% នៅខែឧសភា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយនេះ។ នេះបើតាមការគូសបញ្ជាក់ឲ្យដឹងរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជានៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជានាព្រឹកថ្ងៃពុធនេះ។

ក្នុងស្ថានភាពនេះ លោក ជា ចាន់តូ បានអះអាងថា ធនាគារជាតិនៃកម្ពុជា បានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុ ដើម្បីគ្រប់គ្រងសម្ពាធអតិផរណាផង និងគាំទ្រការស្តារកំណើនសេដ្ឋកិច្ចផង។ បើតាមលោកទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីរួមចំណែកគ្រប់គ្រងសម្ពាធអតិផរណា អត្រាប្តូរប្រាក់ត្រូវបានបន្តរក្សាឱ្យមានស្ថិរភាព សំដៅការពារអំណាចទិញរបស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។

គួរកត់សម្គាល់ថា ការកើនឡើងនៃអតិផរណានេះ មិនមែនមានតែនៅកម្ពុជានោះទេ។ ជាក់ស្តែង នៅខែមិថុនា ឆ្នាំ២០២២នេះ អត្រាអតិផរណានៅអាមេរិកបានកើនឡើងដល់ ៩,១% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ ខណៈដែលអតិផរណានៅតំបន់ចាយប្រាក់អឺរូបានកើនដល់ ៨,៦% ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីការបង្កើតប្រាក់អឺរ៉ូមក ។ ជាមួយគ្នានេះ ការដំឡើងអត្រាការប្រាក់គោលនៅសហរដ្ឋអាមេរិក បាននាំឱ្យមានលំហូរមូលធនចូលសហរដ្ឋអាមេរិក ដែលធ្វើឱ្យតម្លៃប្រាក់ដុល្លារអាមេរិកកើនឡើង។ ជាលទ្ធផល រូបិយប័ណ្ណនៅប្រទេសជាច្រើន បានថយថ្លៃធៀបនឹងដុល្លារអាមេរិក។ ចំណែក នៅប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍វិញ ទុនបម្រុងអន្តរជាតិ ក៏បានស្រកចុះផងដែរ ដូចជា ប្រទេសឡាវ ស្រីលង្កា និងបង់ក្លាដែស ជាដើម ដែលបង្កជាបញ្ហាប្រឈមដល់ការអនុវត្តនយោបាយរូបិយវត្ថុនិងទិញទំនិញក្រៅប្រទេស។

បញ្ហាទាំងអស់នេះ គឺដោយសារតែនៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ពិភពលោកបានប្រឈមនឹងបញ្ហាថ្មីៗ ក្រោយពីវិបត្តិកូវីដ-១៩ បានធូរស្រាល ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកកើនឡើងយឺតជាងការរំពឹងទុក ដូចជា ការកើនឡើងខ្ពស់នៃអត្រាអតិផរណា ការប្រែប្រួលលំហូរមូលធន និងសម្ពាធលើតម្លៃរូបិយប័ណ្ណនានា។ ការអូសបន្លាយនៃសង្រ្គាម និងការដាក់ទណ្ឌកម្មនានាលើប្រទេសរុស្ស៊ី បានធ្វើឱ្យថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារពិភពលោកកើនឡើងជាលំដាប់ ដោយសាររុស្ស៊ី និងអ៊ុយក្រែនសុទ្ធតែជាប្រទេសឈានមុខគេក្នុងការនាំចេញវត្ថុធាតុដើម ដូចជា ប្រេងឥន្ធនៈ ឧស្ម័ន ជី និងផលិតផលកសិកម្ម ជាដើម។
ម៉្យាងទៀត ការបន្តអនុវត្តនយោបាយគ្មានកូវីដ-១៩ (Zero COVID policies) យ៉ាងម៉ឺងម៉ាត់នៅប្រទេសចិន ក៏បានបង្កឱ្យមានការរអាក់រអួលដល់ខ្សែច្រវាក់ផលិតកម្មនិងផ្គត់ផ្គង់ទាំងក្នុងស្រុកនិងលើពិភពលោកផងដែរ។ គួបផ្សំនឹងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ សេដ្ឋកិច្ចចិនត្រូវបានរំពឹងថា នឹងថយល្បឿនគួរឱ្យកត់សម្គាល់ ដែលបាន និងកំពុងជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ ពាណិជ្ជកម្មអន្តរជាតិ និងវិស័យទេសចរណ៍ពិភពលោក៕
ដោយ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ