Connect with us

សេដ្ឋកិច្ច

តើ​កម្ពុជា​​ ​គួរ​​​អនុញ្ញាត​ឱ្យ​ជន​​បរទេស​​ មាន​​សិទ្ធិ​កាន់​កាប់​ដី​ធ្លី​ដូច​ថៃ​ដែរ​ឬទេ​?

បានផុស

នៅ

ចាប់​ពី​​ខែ​កញ្ញា ឆ្នាំ​២០២២​ ត​ទៅ​​ប្រទេស​ថៃ​នឹង​អនុញ្ញាត​ឱ្យ​ជន​​បរទេស​​អាច​កាន់​កាប់​ដី​ធ្លី​​​ពេញ​លេញ​​បាន​។ ​​នេះ​បើ​យោង​តាម​​ការ​ចេញ​ផ្សាយ​​សារព័ត៌មាន​ bangkokbiznews ផ្សាយ​ថ្ងៃ​ទី​១៥ ​ ខែ​កក្កដា ឆ្នាំ​២០២២។​ វិល​មក​​កម្ពុជា​វិញ​​ថា តើ​​​​រាជ​រដ្ឋាភិបាល​គួរ​​អនុញ្ញាត​ឱ្យ​ជន​បរទេស​ មាន​សិទ្ធិ​កាន់​កាប់​ដីធ្លី​ដូច​ប្រទេស​ថៃ​ដែរ​ឬទេ​?

លោក ឡោ វិចិត្រ ប្រធាន​សមាគម​អចលនទ្រព្យ​សកល​រាជធានីភ្នំពេញ បាន​​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ផ្អែក​លើ​កត្តា​សេដ្ឋកិច្ច​ ប្រទេស​ទាំង​អស់​​នៅ​ជុំ​វិញ​ពិភពលោក​​ តែង​ធ្វើ​ការ​សិក្សា​ និង​​​រៀប​ចំ​​គោល​នយោបាយ​ ដើម្បី​ទាក់ទាញ​ការ​​វិនិយោគ​មក​កាន់​ប្រទេស​ខ្លួន​​ឱ្យ​បាន​ច្រើន​។ កម្ពុជា​ក៏​ដូច​​ជា​ប្រទេស​ដទៃ​ទៀត​នៅ​លើ​សកលលោក​​ កំពុង​​​ត្រូវ​ការ​ទុន​វិនិយោគ​ពី​​ក្រៅ​ប្រទេស​​ឱ្យ​បាន​​កាន់​តែ​ច្រើន​ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ បង្កើត​ការងារ​ កាត់​បន្ថយ​ចំណាក​ស្រុក​ ក៏​ដូច​ជា​​បង្កើត​នូវ​សហគ្រាស​ថ្មី​ៗ​​បន្ថែម​​ទៀត​ ខណៈ​កម្ពុជា​ជា​ប្រទេស​កំពុង​​អភិវឌ្ឍន៍​។

“សម្រាប់​ខ្ញុំ ខ្ញុំ​យល់​ឃើញ​​ថា បើ​​សិន​រាជរដ្ឋាភិបាល​​មាន​​គោលនយោបាយ​បើក​ចំហ​​​ឱ្យ​ជន​​បរទេស​អាច​កាន់កាប់​ដី​ក្នុង​ប្រទេស​កម្ពុជា​ វា​ជា​សញ្ញា​ល្អ​ ដើម្បី​បង្ក​​ភាព​ងាយ​ស្រួល​ដល់​វិនិយោគិន​​នៅ​​ក្រៅ​ប្រទេស​​មក​វិនិយោគ​​ទៅ​លើ​វិស័យ​ដី​ធ្លី​។​ដូច​ដែល​​គ្រប់​គ្នា​បាន​​ដឹង​ហើយ​ថា វិស័យ​ដី​ធ្លី​គឺជា​វិស័យ​មួយ​​បាន​បង្កើត​សេដ្ឋី​ជា​ច្រើន​នៅ​​ក្នុង​ស្រុក​​។ ក៏​ប៉ុន្តែ​សម្រាប់​គោល​​នយោបាយ​បើក​ចំហ​​សម្រាប់​វិនិយោគិន​​ក្រៅ​ប្រទេស​​ អាច​កាន់​កាប់​ដី​ធ្លី​នៅ​​កម្ពុជា​គួរ​តែ​សិក្សា​ឱ្យ​បាន​ច្បាស់​ ជាមួយ​នឹង​អ្នក​ជំនាញ​ក្រសួង​ជំនាញ​ អន្តរ​ក្រសួង​ ដើម្បី​ធ្វើ​ការ​សិក្សា​​ផល​ប៉ះពាល់ ឬ​ការ​កំណត់​​ថា តើ​ជន​បរទេស​​គួរ​មាន​លក្ខខ័ណ្ឌ​​បំពេញ​អ្វី​ខ្លះ​? ដូច​ជា​ទុន​​​អតិបរមា​របស់​គាត់​​ ដើម្បី​ធានា​​ថា​ គោលនយោបាយ​នេះ​ មាន​ប្រសិទ្ធភាព និរន្តរភាព​ និង​ប៉ះពាល់​តិច​តួច​​​​”។ លោក​ វិចិត្រ ​បន្ថែម​​។

បើ​តាម​​លោក ​វិចិត្រ​ មុន​នឹង​អនុញ្ញាត​​ឱ្យ​​ជន​បរទេស​កាន់​កាប់​ដីធ្លី​ ​យើង​ត្រូវ​សិក្សា​លើ​កត្តា​​សំខាន់​មួយ​ចំនួន​ដូច​ជា​ថា​ តើ​​កម្ពុជា​ចង់​បាន​​ទុន​វិនិយោគ​​កម្រិត​ណា​មក​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ច​​​? ​​​អ្នក​ជំនាញ​​ត្រូវ​ធ្វើ​ការ​សិក្សា​ជាមួយ​នឹង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​​លម្អិត​ពី​ផល​ប៉ះពាល់​​ក៏​ដូច​ជា​សិក្សា​ពី​លទ្ធផល​​ ក្រោយ​ពី​អនុញ្ញាត​ឱ្យ​​ជន​បរទេស​​កាន់​កាប់​ដីធ្លី​បាន​។ ផ្នែក​ពាក់ព័ន្ធ​​អាច​សិក្សា​​អំពី​ទំហំ​ដី​ ឬ​តំបន់​ណា​ ដែល​អនុញ្ញាត​ឱ្យ​ជន​បរទេស​​អាច​មក​ទិញ​​ដី​​នៅ​កម្ពុជា​ ហើយ​ចាំ​បាច់​ត្រូវ​​មាន​លក្ខខ័ណ្ឌ​​​អ្វី​ខ្លះ​ ដែល​​កំណត់​ដោយ​ច្បាប់​ដើម្បី​ធានា​ថា​ ​គោលនយោបាយ​ថ្មី​នេះ​មិន​មាន​​​ផល​ប៉ះពាល់​​មក​ដល់​ពលរដ្ឋ​​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“ការ​បើក​ចំហ​​​គោលនយោបាយ​នេះ​​អាច​មាន​ពីរ​សេនា​រីយ៉ូ​ ទី​១ អាច​បើក​​​ឱ្យ​ទិញ​លំនៅឋាន​​​ជាប់​ដី​ ទី​២ អាច​ទិញ​លំនៅឋាន​​ជាប់​ដី​ហើយ ​ទិញ​ដី​ទៀត ដែល​ទាំង​ពីរ​ខាង​លើ​នេះ​ជា​លក្ខខ័ណ្ឌ​​​មួយ​ដាច់​ដោយ​ឡែក​​ ដែល​​អ្នក​ជំនាញ​​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​​គួរ​សិក្សា​​ថា​ តើ​​​គួរ​បើក​ចំហ​ទាំង​ស្រុង​ ឬ​ជា​ជំហាន​ៗ​។​ បើ​ទិញ​ដី​​ ថា​តើ​គាត់​អាច​ទិញ​​ក្នុង​ទំហំ​កម្រិត​ទឹក​ប្រាក់​ប៉ុណ្ណា​? ប៉ុន្មាន​​ម៉ែត្រ​ការ៉េ​? តើ​ទិញ​ភ្លាម​អភិវឌ្ឍន៍​ភ្លាម​​ ឬ​ទុក​​​រយៈ​ពេល​​​ប៉ុន្មាន​​មុន​ពេល​​អភិវឌ្ឍន៍​?​។ អញ្ចឹង​ចំណុច​នេះ​ដែរ​ត្រូវ​មាន​​សិក្សា​យ៉ាង​ច្បាស់​​ពី​ក្រសួង​ជំនាញ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​បង្កើត​នូវ​គោល​នយោបាយ​មួយ​ ដែល​មាន​ភាព​ទាក់​ទាញ​ ដើម្បី​អភិវឌ្ឍន៍ និង​ជំរុញ​បន្ថែម​​នូវ​ទុន​វិនិយោគ​​​មក​កម្ពុជា​ ហើយ​មាន​ផល​​ប៉ះពាល់​តិចតួច​​​”។ លោក​ វិចិត្រ​ ​និយាយ​។

​លោក​បាន​​​​ឱ្យ​ដឹង​​ទៀត​​ថា​ ការ​អនុញ្ញាត​ពី​សំណាក់​រាជរដ្ឋាភិបាល​​ថៃ​​​ឱ្យ​ជន​បរទេស​កាន់​កាប់​ដី​ធ្លី​បាន ​ជា​សញ្ញា​វិជ្ជមាន​មួយ​​សម្រាប់​វិស័យ​អចលនទ្រព្យ​​នៅ​ក្នុង​ប្រទេស​ថៃ​ ។ រាជរដ្ឋាភិបាល​ថៃ​មាន​​គោល​​នយោបាយ​បើក​ចំហ​​សេដ្ឋកិច្ច​ជាង​មុន​ ដើម្បី​​ទាក់​ទាញ​វិនិយោគិន​​ពី​បរទេស​​ មក​វិនិយោគ​វិស័យ​អចលនទ្រព្យ​​នៅ​​ក្នុង​ប្រទេស​ខ្លួន​។​ ប្រទេស​នីមួយ​ៗ តែង​​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ ក្នុង​​​ការ​​ទាក់​ទាញ​លំហូរ​ទុន​វិនិយោគ​មក​​ពី​ក្រៅ​ប្រទេស​រៀង​ៗ​ខ្លួន​។ ​

“​​​សម្រាប់​ប្រទេស​ថៃ​ ដោយ​សារ​វិបត្តិ​កូវីដ​១៩​ នៅ​​អូស​បន្លាយ​ពេល​វេលា​យូរ​ បាន​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​​ មិន​ថា​តែ​ថៃ ​កម្ពុជា​ និង​ប្រទេស​ជា​ច្រើន​ទៀត​នៅ​​តំបន់​អាស៊ាន​ក៏​ប៉ះពាល់​ដែរ​។ចំពោះ​ការ​អនុញ្ញាត​ឱ្យ​ជន​បរទេស​កាន់​កាប់​អចលនទ្រព្យ​​ប្រភេទ​ដី​នៅ​​ក្នុង​ប្រទេស​ថៃ​វា​ជា​សញ្ញា​ ដែល​​អាច​ជួយ​ឱ្យ​​មាន​​លំហូរ​ទុន​វិនិយោគ​​ពី​ក្រៅ​ប្រទេស​​ មក​ប្រទេស​ថៃ​កាន់​តែ​ច្រើន​។​អញ្ចឹង​​នៅ​​ពេល​​មាន​​គោល​នយោបាយ​បើក​ចំហ​​ដូច​ដែល​បាន​​លើក​ឡើង​​ខាង​លើ​នេះ​ វា​បាន​ជួយ​ជំរុញ​​​ឱ្យ​ទុន​វិនិយោគ​នៅ​ក្រៅ​ប្រទេស​មាន​លំហូរ​កាន់​តែ​ច្រើន​ចាក់​បញ្ចូល​​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​”។​ លោក​ វិចិត្រ​ បន្ថែម​​។

​ រដ្ឋាភិបាល​ថៃ​នឹង​អនុញ្ញាតឱ្យជនបរទេស (អ្នកមាន) ​មាន​សិទ្ធិ​កាន់​កាប់​ដីធ្លីបាន ដោយ​រំពឹង​ថា​ នឹង​បង្កើត​ការ​លើក​ទឹក​ចិត្ត ដើម្បី​ជំរុញ​ការវិនិយោគនៅក្នុងប្រទេសថៃ។ ​រដ្ឋាភិបាល​បាន​និង​កំពុង​ដំណើរ​ការ​រៀប​ចំ​សេចក្តី​ព្រាង​ច្បាប់នេះ កំណត់​លក្ខណៈ​វិនិច្ឆ័យសម្រាប់តែការរស់នៅប៉ុណ្ណោះ​ និង​មិន​ឱ្យ​លើស​ពី​ ២០០០ម៉ែត្រការ៉េ កំណត់៥ឆ្នាំ មាន​លុយ ​១លានលានបាត និង​វិនិយោគ​បន្ថែម​ ៨០០ពាន់​លាន​បាត បង់​ពន្ធ​បន្ថែម​ចំនួន​ ២,៧សែន​លានបាត។

លោក ថាណាខន អ្នក​នាំពាក្យប្រចាំ​ទីស្តីការ​នាយករដ្ឋមន្ត្រី​បាន​ឱ្យ​ដឹង​ថា​ សេចក្តី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​ទាក់ទងនឹង​ករណី​ការ​អនុញ្ញាត​ឱ្យ​ជនបរទេស​មួយ​ចំនួន​ចូល​មក​រស់​នៅ​ក្នុង​ព្រះរាជា​ណាចក្រថៃ ជា​ករណី​ពិសេស ក្រោម​វិធាន​ការ​ជំរុញសេដ្ឋកិច្ច និង​ការ​វិនិយោគ​ តាម​រយៈ​ការ​ទាក់​ទាញ​ជន​បរទេស​ដែល​មាន​សក្តានុពលខ្ពស់(សេដ្ឋី)។ រដ្ឋាភិបាល​​ថៃ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា ឆ្នាំ២០២២​ ​ថា ការ​អនុញ្ញាត​នេះ​នឹង​ចូល​ជា​ធរមានក្នុងខែកញ្ញា ឆ្នាំ២០២២ ដើម្បី​ទាក់​ទាញ​ជនបរទេស​ដែល​មាន​សក្តានុពល​ខ្ពស់​ចំនួន​រួម​មាន​ ៤ក្រុមគឺ៖

-ក្រុមបុគ្គលដែលមានទ្រព្យសម្បត្តិច្រើន(សេដ្ឋី)

-ក្រុមបុគ្គលចូលនិវត្តន៍ពីបរទេស

-ក្រុមបុគ្គលដែលចង់ធ្វើការពីប្រទេសថៃ

-និងក្រុមបុគ្គលអ្នកជំនាញ ឬឯកទេសពិសេស

ដោយពួកគេទាំងនេះសុទ្ធតែអាចរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃបាន ដើម្បីជំរុញសេដ្ឋកិច្ច និង​ការ​វិនិយោគ ធ្វើឱ្យប្រទេសថៃមានអ្នកដែលមានចំណេះដឹង និង​ជំនាញគ្រប់គ្រាន់ ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម ឧស្សាហកម្ម និងសេវាកម្មនាពេលអនាគត ដែលរដ្ឋាភិបាលមានបំណងលើកកម្ពស់។ សម្រាប់ការផ្តល់សិទ្ធិកាន់កាប់ដីធ្លីរបស់ជនបរទេសទាំងនេះ គឺគ្រាន់​តែ​ជា​វិធានការ​មួយ​ដើម្បី​ជំរុញ​ការ​វិនិយោគ​នៅក្នុង​ប្រទេស​ថៃប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ២ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២១ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម