សេដ្ឋកិច្ច
ចរាចរណ៍ប្រាក់រៀលកាន់តែច្រើនលើទីផ្សារនឹងពង្រឹងសេដ្ឋកិច្ចកាន់តែរឹងមាំនាអនាគត
ការអភិវឌ្ឍសេដ្ឋកិច្ចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ។ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ មិនត្រឹមតែមានសារសំខាន់ចំពោះឧស្សាហកម្មធនាគារប៉ុណ្ណោះទេ តែថែមទាំងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជា អាចទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងមានតម្លៃសមរម្យ។

ធនាគារជាតិនៃកម្ពុជា បានសរសេរក្នុងរបាយការណ៍ថា រូបិយវត្ថុជាតិ តំណាងឱ្យអធិបតេយ្យភាពផ្នែកហិរញ្ញវត្ថុ និងភាពរឹងមាំរបស់ជាតិ។ កម្ពុជា ចាំបាច់ត្រូវបង្កើនភាពឯករាជ្យពីការប្រើប្រាស់រូបិយបណ្ណ ដើម្បីធ្វើឱ្យលទ្ធភាពក្នុងការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចកាន់តែមានប្រសិទ្ធភាពខ្ពស់។
តាមរយៈការប្រើប្រាស់ប្រាក់រៀល ដូចជា ការបង់ពន្ធ បង់ថ្លៃទឹកភ្លើង ថ្លៃអគ្គិសនី បានរួមចំណែករក្សាអត្រាប្តូរប្រាក់មានស្ថិរភាព។
បើទោះជាមើលឃើញអំពីចំណុចវិជ្ជមានសម្រាប់ការប្រើប្រាស់ប្រាក់រៀលយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាល និងធនាគារជាតិ មិនប្រើប្រាស់វិធានការរដ្ឋបាល បង្ខំឱ្យសាធារណជនប្រើប្រើប្រាស់ប្រាក់រៀលនោះទេ ដោយហេតុថា វិធានការនេះ អាចជំរុញឱ្យមានទីផ្សារងងិតប្រើប្រាស់ប្រាក់ដុល្លារអាមេរិក និងលំហូរមូលធនចេញពីប្រទេស។
កត្តាសំខាន់ដែលជំរុញឱ្យមានការផ្លាស់ប្តូទៅរកការប្រើប្រាស់រូបិយវត្ថុជាតិ ដើម្បីទទួលបានឯករាជ្យភាពផ្នែករូបិយវត្ថុ អាស្រ័យចាំបាច់លើការចូលរួមចំណែកពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់។ ការរួមចំណែកទាំងនោះ អាចត្រូវបានធ្វើឡើងតាមរយៈការប្រើប្រាស់ប្រាក់រៀល កាន់តែច្រើនក្នុងជីវភាពប្រចាំថ្ងៃ ចាប់តាំងពីការខ្ចីប្រាក់រៀលរហូតដល់ទំនិញនៅតាមទីផ្សារ និងការវិនិយោគសោធននិវត្តន៍។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា សព្វថ្ងៃនេះ កម្ពុជា មិនមានការហាមឃាត់ក្នុងការចាយប្រាក់ដុល្លារ ឬរូបិយបណ្ណបរទេសនោះទេ ពោលគឺមិនដូចប្រទេសដទៃឡើយ។ លោកថា «គេ(ប្រទេសដទៃ)កំណត់ឱ្យប្រើរូបិយវត្ថុរបស់គេ ដើម្បីទិញអីវ៉ាន់ផ្សេងៗក្នុងស្រុក។ តែកម្ពុជា មិនដូច្នោះទេ ខេត្តស្ថិតនៅប៉ែកខាងលិចជាប់ថៃ អាចចាយលុយបាត នៅភាគខាងកើតជាប់វៀតណាមអាចចាយលុយដុង ចំណែកដុល្លារ គឺចាយបានទូទាំងប្រទេស ដូចលុយរៀលខ្មែរដែរ»។ បច្ចុប្បន្ន ប្រាក់ដុល្លារ មានឥទ្ធិពលខ្លាំង ក្នុងសេដ្ឋកិច្ចកម្ពុជា ដោយចរន្តស្មារតីអ្នកប្រើប្រាស់ យើងមិនអាចកាត់ផ្តាច់ក្នុងការឈប់ប្រើប្រាស់ប្រាក់ដុល្លារបានភ្លាមៗនោះទេ។
ប៉ុន្តែបើនិយាយអំពីចរន្តប្រាក់រៀល គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ចជាតិ ដូចជា ការទិញលក់គ្រប់ប្រភេទ ការបង់ពន្ធ និងកិច្ចការពាណិជ្ជកម្ម ជាដើម ដែលនេះជាតម្លៃ និងសារៈប្រយោជន៍នៃសេដ្ឋកិច្ច។ នេះជាការបន្ថែមរបស់លោកបណ្ឌិត ហុង វណ្ណៈ។
អ្នកជំនាញសេដ្ឋកិច្ច បានបន្តថា ប្រសិនបើនាពេលខាងមុខ រាជរដ្ឋាភិបាល មានការកែទម្រង់ ដោយតម្រូវឱ្យជនបរទេសដែលចង់មកវិនិយោគ ឬទេសចរណ៍នៅកម្ពុជា ត្រូវតែដូរប្រាក់រៀល ដើម្បីចាយវាយ ឬប្រើប្រាស់ នោះយើងនឹងចំណេញទាំងអត្រាប្តូរប្រាក់ និងបានបង្ហាញពីអត្តសញ្ញាណរូបិយវត្ថុរបស់ជាតិ រួមទាំងវប្បធម៌ផងដែរ។
ក្នុងបរិបទនេះ ការបង្កើនការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយវត្ថុជាតិ គឺជារឿងចាំបាច់ ដែលគួរពិចារណា ព្រោះជាការរួមចំណែកលើកស្ទួយគោលនយោបាយរូបិយវត្ថុរបស់ខ្លួន។ ដើម្បីឱ្យលុយរៀលត្រូវបានគេប្រើប្រាស់ច្រើន និងជាមោទកភាពរបស់ជាតិខ្មែរបាន រដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវតែដាក់ចេញនូវនយោបាយ ដើម្បីស្តារទំនុកចិត្តលើលុយរៀលឡើងវិញ។
នៅពេលដែលប្រទេសកម្ពុជា ពង្រឹងទំនុកចិត្តលើប្រាក់រៀលក្នុងចំណោមប្រជាពលរដ្ឋបាន នៅពេលនោះ ឥទ្ធិពលរបស់ប្រាក់ដុល្លារនឹងថយចុះជាបណ្ដើរៗ ដោយស្វ័យប្រវត្តិ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា