សេដ្ឋកិច្ច
អ្នកជំនាញ៖ វិស័យអចលនទ្រព្យត្រូវការពេល ២ឆ្នាំទៀត ទើបអាចមានសម្ទុះឡើងវិញ
ទីផ្សារអចលនទ្រព្យនៅកម្ពុជា មានស្ថានភាពមិនសូវល្អប្រសើរនោះទេ បើទោះបីជាចរន្តនៃការទិញលក់ជាធម្មតា តែតម្រូវការមិនច្រើនឡើយ។

សម្រាប់ផ្នែកដីធ្លីដែលមានសក្កានុពលខ្ពស់ ហើយមានតម្លៃដាក់លក់ក្រោមទីផ្សារ គឺនៅមានប្រតិបត្តិការទិញលក់ជាធម្មតា។ ប៉ុន្តែតម្លៃអចលនទ្រព្យទូទៅ មិនមានការកើនឡើងតម្លៃគួរកត់សម្គាល់ឡើយ មានន័យថា ទីផ្សារនៅទ្រឹង។ នេះជាការបញ្ជាក់របស់ លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល រាជធានីភ្នំពេញ។
ដូចគ្នានេះដែរ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នវិស័យអចលនទ្រព្យកម្ពុជា ហាក់នៅទ្រឹង ដោយសារភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច ធ្វើឱ្យការទិញលក់មានចំនួនតិច ។ លោកថា ចរន្តនៃការលូតលាស់វិស័យនេះ មិនទាន់មានសញ្ញាល្អនៅឡើយ ប៉ុន្តែចរន្តនៃការទិញលក់នៅបន្តជាហូរហែ ដោយសារមានតម្រូវការក្នុងស្រុក និងលក្ខខណ្ឌនៃការទូទាត់ល្អ តែឱ្យមានការពុះកញ្ជ្រោលដូចមុន មិនទាន់នៅឡើយទេ។ វិបត្តិកូវីដ-១៩ រាតត្បាតខ្លាំងកាលពីរពីឆ្នាំមុន នៅបន្តជះឥទ្ធិពលដល់ពេលនេះ។

លោក ច្រឹក សុខនីម ប៉ាន់ស្មានថា វិស័យអចលនទ្រព្យអាចមានសម្ទុះឡើងវិញ ត្រូវការប្រើពេល ១ឆ្នាំ ឬ២ឆ្នាំទៅមុខ ពោលគឺអាចចាប់ពីពាក់កណ្តាលឆ្នាំ ២០២៣ ឬដើមឆ្នាំ ២០២៤។ ចំពោះវិនិយោគិនបរទេស គឺពុំទាន់ឃើញមានចូលមកវិនិយោគលើវិស័យនេះនៅឡើយ ដោយបច្ចុប្បន្នគឺមានតែអ្នកវិនិយោគិនធំៗក្នុងស្រុកប៉ុណ្ណោះ។
ជាមួយគ្នានេះ លោក ឡោ វិចិត្រ មើលឃើញថា ទីផ្សារទិញលក់នៅតាមខេត្តក្រុងនីមួយៗមិនដូចគ្នាទេ។ ខេត្តណាដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន តំបន់នោះ មានការដាក់លក់ដីធ្លីក្រោមទីផ្សារប្រតិបត្តិការជាធម្មតា។
លោក បានបន្តថា បច្ចុប្បន្នផ្នែកលក់រាយនៃវិស័យនេះ មានដំណើរការល្អជាងគេ។ ផ្នែកលក់រាយ គឺផ្តោតសំខាន់ទៅលើបងប្អូនមួយចំនួនដែលមានផ្ទះជួល( Shop house) នៅក្នុងបុរី ឬផ្នែក Commercial វិនិយោគ ដើម្បីធ្វើពាណិជ្ជកម្ម ដែលផ្នែកនេះ មានភាពប្រសើរជាងផ្នែកខុនដូ និងវីឡា ក្រោយពីរដ្ឋាភិបាលបានបើកចំហរសេដ្ឋកិច្ចឡើងវិញ និងបន្ធូរបន្ថយលក្ខខណ្ឌចត្តាឡីស័កជាដើម។

ចំណែកតំបន់នៅជាយក្រុងដែលជាទីចាប់អារម្មណ៍របស់អ្នកវិនិយោគ គឺក្បែរព្រលានយន្តហោះថ្មី ខាងត្បូងរាជធានីភ្នំពេញ ដែលជាព្រលានយន្តហោះធំជាងគេទី៩ គ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ ២០២៤។
ទោះយ៉ាងណា គេត្រូវការរយៈពេលប្រហែល ២ឆ្នាំទៀត ដើម្បីធ្វើឱ្យវិស័យនេះរីកចម្រើនឡើងវិញ។ ប៉ុន្តែអាចក៏លឿនជាងនេះ ឬយូរជាងនេះ ដោយផ្អែកលើកត្តាមួយចំនួន រួមមាន៖ ប្រសិនបើជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន មានដំណោះស្រាយឆាប់ តម្លៃថ្លៃដើម ដូចជា ប្រេង និងសំណង់ធ្លាក់ចុះវិញ នោះវិស័យអចលនទ្រព្យនឹងមានសម្ទុះឡើងវិញ ដោយសារអ្នកអភិវឌ្ឍមើលឃើញពីដំណោះស្រាយសន្តិភាពតាមរយៈការចរចារវាងប្រទេសទាំងពីរ។ នេះជាការគូសបញ្ជាក់តាមបច្ចេកទេសរបស់លោក ឡោ វិចិត្រ។
លោកមានសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យ នឹងមានសម្ទុះខ្លាំងមុនរយៈពេលពីរឆ្នាំខាងមុខ ប្រសិនបើ ទុនវិនិយោគដោយផ្ទាល់ពីបរទេស Foreign direct investment(FDI) នៅតែបន្តហូរចូលកម្ពុជា ដែលអាចបង្កើតការងារដល់ពលរដ្ឋ និងការបង់ពន្ធចូលរដ្ឋ ហើយចំណូលទាំងនេះ រដ្ឋអាចយកទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្តទៀត។
«កត្តាមួយទៀត ដែលជំរុញឱ្យវិស័យអចលនទ្រព្យកើនឡើងមុនរយៈពេលពីរឆ្នាំខាងមុខ គឺការទាញយកមកវិញនូវអតីតពលករចំណាកស្រុកពីថៃ ម៉ាឡេស៊ី ឬកូរ៉េ ឱ្យត្រឡប់មកកម្ពុជាវិញ នៅពេលដែលយើងមានក្រុមហ៊ុនអន្តរជាតិធំៗមកដំឡើងរោងចក្រ ជាមជ្ឈមណ្ឌលគ្រឿងបង្គំអេឡិចត្រនិច ឬរោងចក្រផលិតឡាន ដែលធ្វើឱ្យពលរដ្ឋកម្ពុជា មិនចាំបាច់ចំណាកស្រុក ទៅក្រៅប្រទេសដើម្បីរកការងារធ្វើទេ។ នៅពេលមានការងារក្នុងស្រុកច្រើន ពលរដ្ឋលែងចំណាកស្រុក កំណើនប្រជាជនកើនឡើង ធ្វើឱ្យតម្រូវផ្នែកលំនៅឋាន ទីតាំងសម្រាប់ជួល ដែលកត្តាទំាងនេះហើយធ្វើឱ្យវិស័យអចលនទ្រព្យមានសម្ទុះផងដែរ»។ នេះជាការបន្ថែមរបស់ប្រធានសមាគមអចលនទ្រព្យសកល រាជធានីភ្នំពេញ។
ផ្ទុយទៅវិញបើវិបត្តិនៅរុស្ស៊ី និងអ៊ុយក្រែន នៅបន្តអូសបន្លាយ លោក ឡោ វិចិត្រ មើលឃើញថា វិស័យអចលនទ្រព្យអាចប្រើពេលលើសពីរពីឆ្នាំ ដើម្បីមានសម្ទុះឡើងវិញ។ ជាមួយគ្នានេះ ក៏មានការកើនឡើងអតិផរណាផងដែរ។ កាលណាកើនអតិផរណាខ្ពស់ ធ្វើឱ្យអំណាចនៃការទិញរបស់ពលរដ្ឋ ឬអ្នកវិនិយោគពីក្រៅប្រទេសមានការថយចុះ ដោយសារវត្ថុធាតុដើម ប្រេង និងការផ្គត់ផ្គង់មានកម្រិត ដែលទាញឱ្យអតិផរណាកើនឡើងខ្ពស់។
ប្រសិនបើការផ្គត់ផ្គង់ទៅលើលំនៅឋាន ឬឃ្លាំង លើសតម្រូវការ ក៏ធ្វើឱ្យតម្លៃជួលមានការធ្លាក់ចុះ ព្រោះបច្ចុប្បន្នកម្ពុជា អនុវត្តទៅលើពាណិជ្ជកម្មសេរី៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ