សេដ្ឋកិច្ច
វិបត្តិទីផ្សារអចលនទ្រព្យនៅចិន ជះឥទ្ធិពលដល់វិស័យអចលនទ្រព្យនៅកម្ពុជាទេ?
រដ្ឋាភិបាលចិនបានបញ្ចេញថវិការាប់សិបប៊ីលានដុល្លារ ដើម្បីទប់ស្ថានការវិបត្តិធ្លាក់ចុះការទិញលក់ទីផ្សារអចលនទ្រព្យយ៉ាងធ្ងន់ធ្ងរ។

ជុំវិញវិបត្តិទីផ្សារអចលនទ្រព្យនៅចិននេះ មានសាធារណជនជាច្រើន ចោទជាសំណួរថា តើកម្ពុជា រងឥទ្ធិពលពីវិបត្តិនេះទេ? បើគម្រោងសាងសង់សំណង់អគារធំៗជាច្រើន វិនិយោគដោយវិនិយោគិនចិន? ឆ្លើយនឹងសំណួរនេះ អ្នកជំនាញអចលនទ្រព្យ លើកឡើងថា វិបត្តិនេះអាចជះឥទ្ធិពលដល់កម្ពុជា ទៅតាមផ្នែកនីមួយៗ និងកម្រិតខុសៗគ្នា។
តើគួរដោះស្រាយបែបណា ចំពោះផលប៉ះពាល់ពីវិបត្តិអចលនទ្រព្យនៅចិនមកលើកម្ពុជា?
លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល រាជធានីភ្នំពេញ បានលើកឡើងតាមបែបបច្ចេកទេសថា ផលប៉ះពាល់គឺកើតមានចំពោះក្រុមហ៊ុនដែលពឹងពាក់ទៅលើប្រភពទុនមកពីក្រុមហ៊ុនមេ នៅប្រទេសចិន។ ប៉ុន្តែប្រសិនបើក្រុមហ៊ុនចិននោះ មានលទ្ធភាព Raise fund ដោយឯករាជរ្យនៅកម្ពុជា នោះបញ្ហានឹងអាចកាត់បន្ថយ លើវិបត្តិដែលកើតឡើងនៅប្រទេសចិនមកលើកម្ពុជា។

ទី១ ចំណុចស្នូលដែលអាចធ្វើឱ្យគម្រោងនីមួយៗជាប់គាំង គឺដោយសារប្រភពទុន។ នៅពេលដែលក្រុមហ៊ុនជាបុត្រសម្ព័ន្ធមួយ នៅប្រទេសកម្ពុជា អាចប្រមូលដើមទុន ឬលក់បណ្ណបំណុលដោយជោគជ័យនៅកម្ពុជា នោះគឺអាចដោះស្រាយផលប៉ះពាល់បានមួយចំនួនធំ។
ទី២ វិបត្តិអចលនទ្រព្យនៅប្រទេសចិន អាចជារឿងល្អសម្រាប់កម្ពុជាផងដែរ ប្រសិនជាអ្នកវិនិយោគិនកម្ពុជា មានការប្រុងប្រយ័ត្នជាងមុន ស្វែងយល់ប្រភពទុនឱ្យបានច្រើនជាងមុន នោះក៏ជាឱកាសកាត់បន្ថយហានិភ័យសម្រាប់ការវិនិយោគរបស់ពួកគាត់ទៅលើគម្រោងបរទេសជាពិសេសគម្រោងរបស់ចិនដីគោក។ នេះជាការគូសបញ្ជាក់របស់លោក ឡោ វិចិត្រ។
អ្នកជំនាញអចលនទ្រព្យរូបនេះ បានសង្កត់ធ្ងន់ថា ចំពោះវិបត្តិនេះអាចធ្វើឱ្យអគារចិននៅកម្ពុជា ជាប់គាំងឬអត់ គឺអាស្រ័យទៅលើប្រភពទុន បើប្រភពទុននៅចិន មិនបានកាត់ផ្តាច់ គឺមិនអីទេ តែបើប្រភពទុនកាត់ផ្តាច់ នឹងរងផលប៉ះពាល់កម្រិតខ្ពស់។ ប៉ុន្តែបើក្រុមហ៊ុនមានលទ្ធភាពអាចពង្រីកដើមទុននៅកម្ពុជា ដោយការលក់បណ្ណបំណុល ឬលក់ភាគហ៊ុនមួយចំនួន ឱ្យអ្នកវិនិយោគនៅកម្ពុជា ដើម្បីឱ្យក្លាយជាម្ចាស់ភាគហ៊ុន នោះគម្រោងរបស់ពួកគេនៅតែអាចដំណើរការទៅមុខបានដដែល។
លោក បញ្ជាក់ថា ផ្នែកណាដែលមានប្រភពទុន ដើម្បីបញ្ចប់គម្រោង គឺនៅតែអាចដំណើរបានជាប្រក្រតី ទោះបីជាមានវិបត្តិនៅប្រទេសចិនក៏ដោយ។ ដោយសារ ក្រុមហ៊ុនបានត្រៀមទុនបម្រុងគ្រប់គ្រាន់។ «ឧទាហរណ៍ថា ដើម្បីបញ្ចប់គម្រោង គឺត្រូវប្រើដើមទុន ១០០លានដុល្លារ ហើយ ១០០លានដុល្លារនេះ គាត់មាននៅក្នុងធនាគារស្រាប់ ហើយមានបទបញ្ជាលក្ខន្តិកៈផ្ទៃក្នុង ដើម្បីប្រើប្រាស់ដើមទុននេះ គឺមិនជាបញ្ហាចោទនោះទេ»។
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានបញ្ជាក់ថា ប្រទេសចិននឹងផ្តល់ប្រាក់កម្ចីពិសេសចំនួន ២០០ប៊ីលានយន់ (២៩,៣ប៊ីលានដុល្លារ) ដើម្បីធានាថា គម្រោងលំនៅឋានដែលជាប់គាំងត្រូវបានបញ្ចប់ការសាងសង់ និងប្រគល់ជូនអ្នកទិញ ដែលនេះគឺជាការបង្កើនការគាំទ្រផ្នែកហិរញ្ញប្បទានសម្រាប់វិស័យអចលនទ្រព្យដែលកំពុងធ្លាក់ចុះរបស់ខ្លួន៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ