សេដ្ឋកិច្ច
លោក ជៀប សួរ ៖ ដំណោះស្រាយករណីលួចប្រេងឆៅជិត ៣០ម៉ឺនបារ៉ែលពីកម្ពុជា បានបញ្ចប់ ដោយទទួលបានចំណូល ៧០ភាគរយមកវិញ
កម្ពុជា បានដោះស្រាយបញ្ចប់ លើករណីប្រេងឆៅជិត ៣០ម៉ឺនបារ៉ែលដែលកប៉ាល់ដឹកប្រេងមួយគ្រឿងឈ្មោះ MT Strovolos បានលួចដឹកចេញពីកម្ពុជា កាលពីខែ មិថុនា ឆ្នាំ ២០២១ ដោយទទួលបានចំណូលមកវិញ ៧០% នៅរយៈពេល ៣០ថ្ងៃទៀត។

លោក ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានប្រាប់កម្ពុជាថ្មីថា ភាគីពាក់ព័ន្ធ មានដូចជា តំណាងម្ចាស់បំណុលរបស់ក្រុមហ៊ុន គ្រីស អែនណឺជី (Kris Energy) តំណាងកប៉ាល់ MT Strovolos និងរាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងរួចហើយ ក្នុងការដោះស្រាយលក់ប្រេងឆៅនេះ ដើម្បីចែកផលសេដ្ឋកិច្ចគ្នា។
លោកគូសបញ្ជាក់ថា ប្រេងឆៅជិត ៣០ម៉ឺនបារ៉ែលនេះ ក៏បានផ្ទេរចេញពីកប៉ាល់ MT Strovolos ទៅកប៉ាល់អ្នកទិញរួចហើយដែរ។
លោក ជៀប សួរ បានឱ្យដឹងដូច្នេះថា« កម្ពុជាយើងនឹងទទួលបានចំណូល ៧០ភាគរយ ក្រោយពីធ្វើការទូទាត់លើការចំណាយពាក់ព័ន្ធផ្សេងៗ នឹងទទួលបានក្នុងរយៈពេល ៣០ថ្ងៃក្រោយពីផ្ទេរប្រេងហើយ ដោយគិតចាប់ពីថ្ងៃទី ១០ ខែ កញ្ញា កន្លងទៅ ដូច្នេះ ៣០ថ្ងៃទៀត ទើបយើងទទួលបានចំណូលនេះ»។
ចំពោះចំណូល ៧០ភាគរយដែលទទួលបាននេះ លោក ជៀប សួរ មិនទាន់អាចវាយតម្លៃបានអំពីថវិកានៅឡើយ ព្រោះត្រូវគណនាមធ្យមភាគ និងការចំណាយផ្សេងៗ ដូចជាការជួលកប៉ាល់ដឹកប្រេង ការថែទាំគុណភាពប្រេង ជាដើម។
លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ធ្លាប់បានវាយតម្លៃថា ប្រេងឆៅរបស់កម្ពុជា ដែលមានចំនួនជិត៣០ម៉ឺនបារ៉ែលនេះ អាចទទួលចំណូលបានប្រហែល ២០លានដុល្លារអាមេរិក ដោយក្នុងនោះ ប្រាក់តម្កល់ ៥លានដុល្លាររបស់ក្រុមហ៊ុន KrisEnergy ក៏នឹងក្លាយជាចំណូលរបស់កម្ពុជាផងដែរ។
លោក បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងថា ទោះបីជាដំណោះស្រាយបានបញ្ចប់ក្តី តែកម្ពុជាមិនទទួលបានចំណូលច្រើនប៉ុន្មានទេ ដោយសារលទ្ធផលនៃដំណោះស្រាយលើករណីនេះ ប្រើពេលយូរ ត្រូវចំណាយអស់ច្រើន។ លោកគាំទ្រចំពោះរាជរដ្ឋាភិបាល ចរចាលក់ប្រេងនេះ នៅក្រៅប្រទេសដោយមិនចាំបាច់ដឹកមកវិញ នាំខាតបង់អស់កាន់តែច្រើន។
សូមបញ្ជាក់ថា ដំណក់ប្រេងលើកដំបូង ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ត្រូវបានប្រកាសបូមពីប្លុក A ដែនសមុទ្រកម្ពុជា កាលពីចុងខែ ធ្នូ ឆ្នាំ២០២០។ ក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី ទទួលបានសិទ្ធិបូមប្រេងរបស់កម្ពុជា ក្នុងប្លុក A នេះ។ ដោយសារប្រតិបត្តិការបូមប្រេងមិនបានល្អក្រុមហ៊ុននេះ បានប្រកាសក្ស័យធន មិនអាចបន្តអាជីវកម្មរបស់ខ្លួនបាន។ មុនពេលប្រកាសក្ស័យធនក្រុមហ៊ុន KrisEnergy បានជួលនាវា MT Strovolos ដែលចតនៅតំបន់គម្រោងប្រេងកាតអប្សរា ដើម្បីផ្ទុក និងផ្ទេរប្រេងឆៅ។

ក្រោយពីក្រុមហ៊ុន KrisEnergy ប្រកាសក្ស័នធន នាវា MT Strovolos ក៏បានបើកចេញពីដែនទឹកកម្ពុជា ដោយពុំមានការជូនដំណឹង ឬការអនុញ្ញាតណាមួយ ពីអាជ្ញាធរមានសមត្ថកិច្ច កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដោយបាននាំយកប្រេងឆៅរបស់កម្ពុជា ចំនួន ២៩៥ ០០០បារ៉ែលចេញទៅ៕


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?