Connect with us

សេដ្ឋកិច្ច

មាសធ្លាក់ចុះថ្លៃមិនជះឥទ្ធិពលដល់សេដ្ឋកិច្ច និងជាឱកាសសម្រាប់អ្នកវិនិយោគ

បានផុស

នៅ

ចាប់ពីចុងខែ កញ្ញាមក តម្លៃមាសមានការធ្លាក់ចុះថ្លៃជាខ្លាំង។ ចំពោះមូលហេតុនៃការធ្លាក់ចុះតម្លៃនេះ ដោយសារ​ការដំឡើងអត្រាការប្រាក់ របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក។ នេះជាការលើកឡើងរបស់លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍ លីងឃែភីថល។ លោក ឡុង សំណាង បានលើកឡើងថា ចំពោះការធ្លាក់ចុះតម្លៃមាសនេះ មានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន។ ផលអវិជ្ជមាន គឺកើតឡើង​ចំពោះម្ចាស់ហាងលក់មាស ដែលទិញមាសស្តុកទុកច្រើន និងនាំចូលក្នុងតម្លៃខ្ពស់ អាចប្រឈមនឹងការខាតបង់។ ដោយឡែកចំណុចវិជ្ជមាន គឺល្អសម្រាប់អ្នកមានបំណងចង់ទិញមាស ឬគ្រឿងអលង្ការទុកចំណេញ នៅពេល​មាស​ឡើងថ្លៃវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ បានមើល​ឃើញថា មូលហេតុនៃការធ្លាក់ចុះតម្លៃមាសនេះ ដោយសារមនុស្សបច្ចុប្បន្នមិនសូវមានតម្រូវការ ខណៈដែល​វិបត្តិកូវីដ​-១៩ បន្តអូសបន្លាយរហូតមកដល់ពេលនេះ។ ចំណុចមួយទៀត គឺវិបត្តិសង្គ្រាមអ៊ុយក្រែន រុស្ស៊ី អូសបន្លាយជាង ៨ខែ​មក​ហើយ ដែលជាការជះឥទ្ធិពលដល់ទំនិញសព្វសារពើ។ លោកបានបន្តថា ក្នុងកាលៈទេសៈនេះ មនុស្សងាកទៅទិញ​ទំនិញចាំបាច់មួយចំនួន ដូចជា ស្បៀង ម្ហូបអាហារ ឧស្ម័នហ្គាស ជាពិសេសប្រជាជននៅក្នុងតំបន់អឺរ៉ុប។ ដូច្នេះហើយ ទើបធ្វើឱ្យតម្លៃមាសបន្តធ្លាក់ចុះក៏ព្រោះតែមិនមានសូវមានតម្រូវការ។

ទាក់ទងនឹងចំណូលរបស់ប្រជាជនមានការធ្លាក់ចុះ ឬនៅទ្រឹង រីឯទំនិញឡើងថ្លៃ អតិផរណាឡើងខ្ពស់ នាំឱ្យពួកគាត់ចាយ​មិនគ្រប់ អ្នកដែលមានមាសខ្លះក៏យកទៅលក់វិញ ដែលបញ្ហានេះកើតមានទាំងនៅក្នុងតំបន់អាស៊ាន អាស៊ី អឺរ៉ុប និងសហរដ្ឋ​អាមេរិក។ នេះជាការបន្ថែមរបស់លោកបណ្ឌិត ហុង វណ្ណៈ។

លោកបណ្ឌិត គូសបញ្ជាក់ទៀតថា«នៅពេលដែលស្ថានភាពតម្លៃទំនិញឡើងថ្លៃ ឬមាសកំពុងតែដាំក្បាលចុះនេះ ពលរដ្ឋមួយ​ចំនួនយកមាសទៅលក់ ក្រោយពីឃើញអត្រាហាងឆេងមាសធ្លាក់ចុះ ដែលធ្វើឱ្យតម្លៃមាសកាន់តែសំយ៉ុងចុះ បើធៀបនឹងតម្លៃប្រាក់ដុល្លារអាមេរិក»។ បើតាមលោក បណ្ឌិត ហុង វណ្ណៈ មើលឃើញថា ការលក់នេះ ក្នុងគោលដៅពីរ គឺទី១ បារម្ភខ្លាចមាសបន្តធ្លាក់ចុះថ្លៃថែមទៀត និងទី២ លក់មាសដើម្បីយកប្រាក់មកទប់ទល់នឹងតម្រូវការជីវ​ភាពប្រចាំ​ថ្ងៃ។

លោកសង្កត់ធ្ងន់ថា ចំពោះការធ្លាក់ចុះតម្លៃមាសនេះ មិនជះឥទ្ធិពលអាក្រក់ណាមួយជាដុំកំភួនដល់សេដ្ឋកិច្ចជាតិនោះទេ ដោយសារកម្ពុជា មិនមានក្រុមហ៊ុនលក់ស៊ែភាគហ៊ុន លើការជួញដូរមាសធំដុំ គឺភាគច្រើនជាអាជីវករលក់ដូរធម្មតា​ប៉ុណ្ណោះ។

លោកស្រី ឈុន សុភក្តិ៍ ម្ចាស់ហាងលក់មាសទី មង្គល បានឱ្យដឹងថា មាសចាប់ផ្តើមធ្លាក់ចុះថ្លៃចាប់ពីថ្ងៃទី ២៥ ខែ កញ្ញា រហូតមកដល់បច្ចុប្បន្ន ពោលគឺពីតម្លៃជាង ២១០ដុល្លារ ក្នុងមួយជី មកត្រឹមតម្លៃ ២០០ដុល្លារ នៅថ្ងៃនេះ។ លោកស្រី បានបន្តថា នៅក្នុងស្ថានភាពតម្លៃមាសមានការធ្លាក់ចុះខ្លាំងនេះ មានពលរដ្ឋជាច្រើន បានមកទិញមាស​ទុកចំណេញនៅពេលក្រោយ ខណៈដែលអ្នកយកមកលក់វិញ មិនសូវមាននោះទេ។

លោកស្រី បានផ្តល់ជាគំនិតថា ប្រសិនបើប្រជាពលរដ្ឋមានប្រាក់បម្រុងមិនចាំបាច់ក្នុងការប្រើប្រាស់ គួរតែវិនិយោគ​លើវិស័យមាសដុំ ឬមាសគីឡូ មានឱកាសចំណេញច្រើន នៅពេលខាងមុខ។ ​លោកស្រីបញ្ជាក់ថា មាសដុំមានតម្លៃ និងងាយស្រួលលក់ចេញវិញ ជាងមាសដែលកែច្នៃរួចហើយ។ ជាពិសេសនោះ គឺងាយស្រួលក្នុងការប្រមូលដើម​ទុនបានភ្លាមៗ នៅពេលដែលពួកគាត់មានមាសនៅក្នុងដៃ។ លោកស្រី បានថ្លែងដូច្នេះថា «មាសប្រសិនបើគាត់ទិញ ហើយវិនិយោគរយៈពេលយូរ ១ឆ្នាំទៅ២ឆ្នាំ មានឱកាសចំណេញច្រើន ព្រោះមាសមិនចុះរហូតទេ មាសជាធនធានរ៉ែ មិនអាចផលិតដោយវិទ្យាសាស្រ្តបានទេ គឺកើតឡើងពីធម្មជាតិ ​ដូច្នេះតម្រូវការគឺមានរហូតអាចនឹងកើន​ឡើងតម្លៃវិញនៅ​ពេល​ណាមួយ»។

បើតាមលោកស្រី ឈួន សុភក្តិ៍ តម្លៃមាសអាចនឹងឡើងថ្លៃវិញនៅឆ្នាំ ២០២៣ ក្រោយពីមានដំណោះស្រាយហិរញ្ញវត្ថុ និងវិបត្តិផ្សេងៗនៅលើពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២២ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម