សេដ្ឋកិច្ច
អ្នកជំនាញហិរញ្ញវត្ថុ ជំរុញពលរដ្ឋសន្សំតិចប្រសើរជាងមិនសន្សំ ក្នុងទិវាសន្សំអាស៊ានឆ្នាំនេះ
ឆ្នាំនេះទិវាសន្សំអាស៊ាន ធ្វើឡើងនៅខេត្តសៀមរាប ក្រោមប្រធានបទ៖ “សន្សំតិចប្រសើរជាងមិនបានសន្សំ” ដែលផ្តួចផ្តើមរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា និងសហការដោយ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

ការរៀបចំទិវាសន្សំអាស៊ាននាពេលនេះ គឺដើម្បីចូលរួមចំណែកលើកកម្ពស់ និងធ្វើឲ្យប្រសើរឡើងនូវបរិយាបន្នហិរញ្ញវត្ថុ ដែលស្របតាមយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ក្នុងការលើកកម្ពស់ការសន្សំនៅក្នុងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការសន្សំប្រាក់ជាផ្នែកមួយដ៏សំខាន់នៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់បុគ្គល និងក្រុមគ្រួសារនីមួយៗ។ ការគ្រប់គ្រងចំណូល-ចំណាយបានល្អជាកត្តាចាំបាច់បឋម ដើម្បីឈានទៅដល់ការសន្សំប្រាក់ ជាពិសេស ការសន្សំប្រាក់ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ។ លោកបន្តថា ដោយយល់ឃើញអំពីសារៈសំខាន់នៃការសន្សំប្រាក់ទាំងក្នុងក្របខណ្ឌសង្គមកិច្ចនិងសេដ្ឋកិច្ច ដែលមួយផ្នែកអាចជួយសម្រួលតម្រូវការបន្ទាន់របស់ក្រុមគ្រួសារ និងមួយផ្នែកទៀតជាមូលធនជួយសម្រួលដល់តម្រូវការវិនិយោគ និងអភិវឌ្ឍប្រទេសជាតិ កាលពីឆ្នាំ២០១៩ បណ្ដាប្រទេសសមាជិកអាស៊ានទាំង ១០ ប្រទេស បានអនុម័តជ្រើសរើសយកថ្ងៃទី៣១ ខែតុលា ជាថ្ងៃប្រារព្ធ “ទិវាសន្សំអាស៊ាន” ដែលស្របទៅនឹង ទិវាសន្សំសកល ផងដែរ។

លោកបណ្ឌិត អ៊ិន ចាន់នី សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា បានកត់សម្គាល់ថា ប្រជាជនកម្ពុជា ជាអ្នកតស៊ូព្យាយាម អត់ធ្មត់ និងចូលចិត្តសន្សំ ដែលដើមឡើយ មានទម្លាប់សន្សំនៅតាមផ្ទះ ទោះច្រើនក្តីតិចក្តី ស្របតាមប្រធានបទនៅថ្ងៃនេះ “សន្សំតិចប្រសើរជាងមិនបានសន្សំ” ដូចសុភាសិតបុរាណបានពោលថា “តក់ៗពេញបំពង់”។ លើសពីនេះទៅទៀត ប្រជាជនកម្ពុជា មិនត្រឹមតែមានទម្លាប់សន្សំប៉ុណ្ណោះទេ ថែមទាំងមានការសំចៃទៀតផង។ ដោយប្រទេសកម្ពុជាមានការអភិវឌ្ឍ និងវិស័យធនាគារមានការរីកចម្រើន និងមានបច្ចេកវិជ្ជាទំនើប ប្រជាជានកម្ពុជាបានចាប់ផ្តើមងាកមកសន្សំនៅតាមគ្រឹះស្ថានធនាគារ ដែលនាំឲ្យការសន្សំនៅគ្រឹះស្ថានធនាគារមានការកើនឡើងគួរឲ្យកត់សម្គាល់ ចំនួន USD៩៥៤,៨លាន នៅឆ្នាំ២០០៥ កើនឡើងដល់ចំនួន ៣៥.៥១៩,៧លាន នៅឆ្នាំ២០២១ ដែលមានកំណើនជា មធ្យមចំនួន២៥%។ នេះជាការបន្ថែមរបស់លោកបណ្ឌិត អ៊ិន ចាន់នី។

ជាមួយគ្នានេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា សមាគមីក្រូហិរញ្ញវត្ថុកម្ពុជាតែងតែចូលរួមយ៉ាងសកម្មជាមួយដៃគូ គ្រឹះស្ថានសមាជិក ក៏ដូចជាធនាគារជាតិនៃកម្ពុជា ក្នុងការផ្តួចផ្តើម និងចូលរួមជំរុញចំណេះដឹងហិរញ្ញវត្ថុ ជាពិសេសគឺបង្កើតនូវវប្បធម៌សន្សំដល់សាធារណៈជន តាមរយៈគម្រោង យុទ្ធនាការណ៍នានា ក៏ដូចជាការបង្កើតនូវមាតិកាសង្គមជាច្រើនបែបបទ ដើម្បីផ្សព្វផ្សាយជាប្រចាំ។ លោកបន្តថា ការសន្សំពិតជាមានសារៈសំខាន់ដែលត្រូវតែយកចិត្តទុកដាក់ និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ព្រោះថាការសន្សំអាចជួយសម្រួលនូវតម្រូវការចាំបាច់ក្នុងស្ថានភាពបន្ទាន់នៅពេលអនាគត ហើយជាពិសេសគឺចូលរួមពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃរបស់យើងឱ្យកាន់តែប្រសើរឡើង។

គិតត្រឹមខែសីហា ឆ្នាំ២០២២ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បាននិងបន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជាពិសេស ប្រាក់បញ្ញើបានកើនឡើងដល់ ១៦០,៦% នៃផ.ស.ស. ស្មើ ១៧០,៦ទ្រីលានរៀល (៤១,៥ ប៊ីលានដុល្លារអាមេរិក)។ ចំនួនគណនីប្រាក់បញ្ញើអតិថិជនក៏បានកើនឡើងគួរកត់សម្គាល់ដល់ប្រមាណ ១៤,៣ លានគណនី ដោយក្នុងនោះ ១១,៧ លានគណនី នៅធនាគារពាណិជ្ជនិង ២,៦ លានគណនី នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានពង្រីកប្រព័ន្ធប្រតិបត្តិការ ដោយមានសាខាសរុបចំនួន ២.៥៩៣ សាខា និងម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) ចំនួន ៤.២១៩ ម៉ាស៊ីន នៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ព្រមទាំងធ្វើពិពិធកម្មផលិតផល និងសេវាហិរញ្ញវត្ថុច្រើនបែបស្របតាមតម្រូវការ និងនិន្នាការបច្ចុប្បន្ន។ នេះបើតាមធនាគារជាតិ៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ