សេដ្ឋកិច្ច
អូស្ត្រាលីគ្រោងផ្ដល់ជំនួយជាង៨០លានដុល្លារអូស្រ្ដាលីដល់កម្ពុជា ស្ដារសេដ្ឋកិច្ចឡើងវិញ
រដ្ឋាភិបាលអូស្ត្រាលី គ្រោងនឹងផ្ដល់នូវជំនួយប្រមាណ ៨១លានដុល្លារអូស្រ្ដាលីដល់ប្រទេសកម្ពុជា សម្រាប់ឆ្នាំ ២០២២-២០២៣ ដើម្បីជួយគាំទ្រ និងឆ្លើយតបវិបត្តិកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/314050607_502754405229788_7182010887992757171_n-1024x597.jpg)
ជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលីនេះ ត្រូវបានបង្ហើបឱ្យដឹងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក Pablo Kang ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលីជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី០៣វិច្ឆិកាឆ្នាំ២០២២។
នៅក្នុងជំនួបនោះ លោកឯកអគ្គរាជទូត បានមានប្រសាសន៍ថា ជំនួយទាំងនេះជួយគាំទ្រកម្ពុជាឆ្លើយតបនឹងវិបត្តិកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្នុងអន្តរកាល ប្រកបដោយភាពធន់ និងបរិយាប័ន្ន ដើម្បីឈានទៅកាន់ប្រទេសដែលមានចំណូលមធ្យមត្រឹមឆ្នាំ ២០ ៣០ ហើយតាមរយៈជំនួយនេះនឹងបន្តពង្រីកចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/313011684_502754545229774_5943413744763781090_n-1024x576.jpg)
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងតែបន្តផ្ដល់នូវការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍនៅកម្ពុជាស្ទើរគ្រប់វិស័យ និងថ្មីៗនេះ តាមរយៈ កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី CAP-RED ដែលបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២២ ។
លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា ការដាក់ឱ្យដំណើរការកម្មវិធី CAP-RED នេះ គឺមិនត្រឹមតែស្របពេលនឹងខួបគម្រប់ទី ៧០ ឆ្នាំ នៃទំនាក់ទំនងការទូតរបស់ កម្ពុជា-អូស្ត្រាលី ប៉ុណ្ណោះទេ តែស្របទៅនឹងព្រឹត្តិការណ៍ដែលប្រទេសកម្ពុជា បាននិងកំពុងធ្វើជាប្រធានអាស៊ានប្តូរវេន និងកំពុងរៀបចំខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់ កិច្ចប្រជុំកំពូលអាស៊ានដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ -១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ។
លោក ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកអគ្គរាជទូត ក្នុងការជួយជំរុញឱ្យមានវឌ្ឍនភាពប្រកបដោយផ្លែផ្កានៃកម្មវិធី CAP-RED ក្រោមកិច្ចសហការពីភាគីពាក់ព័ន្ធនានា និងបានវាយតម្លៃខ្ពស់ចំពោះបច្ចុប្បន្នភាពអាទិភាពគោលនយោបាយជំនួយអភិវឌ្ឍន៍របស់រដ្ឋាភិបាល អូស្រ្ដាលីសម្រាប់កម្ពុជា ដែលមានលក្ខណៈស្របគ្នានឹងអាទិភាពគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកម្ពុជា នាពេលបច្ចុប្បន្ន និងសង្ឃឹមជឿជាក់ថា អាទិភាពគោលនយោបាយជំនួយអភិវឌ្ឍន៍ដែលស្របទៅនឹងទស្សនវិស័យរួម កម្ពុជា-អូស្ត្រាលី នឹងជួយជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យសម្រេចបាននូវផលទ្ធផលកាន់តែល្អប្រសើរ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/314063280_502754541896441_6827699306791263849_n-1024x734.jpg)
លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន និង ឯកឧត្តមឯកអគ្គរាជទូត Pablo Kang បានសម្តែងនូវសុទិដ្ឋិនិយមចំពោះការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-អូស្ត្រាលី លើគ្រប់វិស័យ ជាពិសេស រួមសហការគ្នាអនុវត្តកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ឱ្យអនុវត្តទៅប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទន។
ឯកអគ្គរាជទូតអូស្រ្តាលី បានកោតសរសើរ និងថ្លែងអំណរគុណក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានដើរតួនាទី និងប្ដេជ្ញាយ៉ាងមុតមាំ ក្នុងកិច្ចសហការជាមួយភាគីភាគីពាក់ព័ន្ធនានា ដែលអនុវត្តគម្រោងក្រោមជំនួយអភិវឌ្ឍន៍របស់ប្រទេសអូស្ត្រាលីនាពេលកន្លងមក ៕ អត្ថបទ៖ សំអឿន
![](https://www.kampucheathmey.com/wp-content/uploads/2022/11/313264469_502754431896452_2939157954845508351_n-1024x576.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?