សេដ្ឋកិច្ច
កម្ពុជា បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តត្បូងឃ្មុំដើម្បីងាយស្រួលដោះដូរទំនិញជាមួយវៀតណាម
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកទីតាំងដីដែលមានទំហំប្រមាណ ១ពាន់ហិកតា នៅក្នុងតំបន់អន្លង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បង្កើតតំបន់សេដ្ឋកិច្ចពិសេស និងជាកន្លែងដោះដូរទំនិញរវាងកម្ពុជា និងវៀតណាម។

ការសម្រេចយកទីតាំងនេះ ធ្វើឡើងក្នុងគោលបំណងកែប្រែតំបន់តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ឱ្យទៅជាតំបន់សន្តិភាព ព្រំដែនសហប្រតិបត្តិការ និងការអភិវឌ្ឍ ថែមទាំងដើម្បីបង្កើននូវទំនាក់ទំនងការទូត និងទំហំពាណិជ្ជកម្មផងដែរ។ នេះបើតាមការលើកឡើងរបស់លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម នៅថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២២។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គាំទ្រឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចនៅតាមព្រំដែនកម្ពុជា វៀតណាម ក្នុងទឹកដីកម្ពុជា ដើម្បីទាក់ទាញការវិនិយោគក្នុងវិស័យផលិតកម្មដែលអាចគាំទ្រ ឬតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ជាមួយសហគ្រិនធំៗ ដែលមានទំតាំងក្នុងប្រទេសវៀតណាម។ តាមរយៈអនុសាសន៍នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាក់ព័ន្ធបាននិងកំពុងអនុវត្តកិច្ចការជាច្រើន ដើម្បីកិច្ចសម្រួល និងជំរុញការវិនិយោគនៅតាមបណ្តាខេត្តស្ថិតជាប់ព្រំដែនវៀតណាម។ ជាក់ស្តែងគិតត្រឹមឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន មានតំបន់សេដ្ឋកិច្ចចំនួនពីរ ត្រូវបានបង្កើតក្នុងខេត្តស្វាយរៀង ដែលជាខេត្តជាប់ព្រំដែនវៀតណាម។
លោក សុខ ចិន្តាសោភា បានបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅបន្តបើកទ្វាររង់ចាំទទួលស្វាគមន៍វិនិយោគិនវៀតណាម ដែលសម្រេចចិត្តជ្រើសរើសកម្ពុជា ជាគោលដៅបណ្តាក់ទុនវិនិយោគ និងពង្រីកវិសាលភាពប្រតិបត្តិការវិនិយោគរបស់ខ្លួន។
លោកបន្តដូច្នេះថា« ខ្ញុំសូមលើកទឹកចិត្តដល់វិនិយោគិន និងធុរជនវៀតណាម មកសិក្សាស្វែងយល់ដោយផ្ទាល់បន្ថែមទៀតពីសក្ដានុពល និងកាលានុវត្តវិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុន ឬសហការវិនិយោគរួមគ្នា ដើម្បីទាញយកអត្ថប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគី ជាពិសេសកិច្ចព្រមព្រៀងអាសិប ដែលបានចូលជាធរមានកាលពីដើមឆ្នាំនេះ»។
នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជា និងវៀតណាម សម្រេចបានប្រមាណ ៣,៦៦៦លានដុល្លារអាមេរិក កើនឡើងប្រមាណ ២១% បើធៀបនឹងឆ្នាំ២០២០ ដែលសម្រេចបានត្រឹមតែ ៣,០២០លានដុល្លារអាមេរិកប៉ុណ្ណោះ។ ការនាំចេញពីកម្ពុជាទៅវៀតណាម នៅមានទំហំទឹកប្រាក់សរុបត្រឹមតែ ៥០៧លានដុល្លារអាមេរិក បើធៀបនឹងការនាំចូលពីវៀតណាមមកកម្ពុជា មានចំនួនប្រមាណ ៣,១៥៩លានដុល្លារអាមេរិក។
គិតត្រឹមរយៈពេល ៧ខែ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានជាង ២,៨១៦ លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណជាង ៣៤% បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ប្រមាណជា ២,១០៤លានដុល្លារអាមេរិក៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?