ព័ត៌មានជាតិ
កម្ពុជា អាចមានលទ្ធភាពក្លាយជាកូននាគអាស៊ីរយៈពេល ៥-១០ឆ្នាំខាងមុខ
កម្ពុជា អាចក្លាយជាកូននាគមួយនៅតំបន់អាស៊ាន ឬទ្វីបអាស៊ី ដោយយោងតាមកត្តាសំខាន់ៗ មួយចំនួន។

ក្រោយពីព្រះមហាក្សត្រកម្ពុជា បានផ្តល់សច្ចាប័នលើច្បាប់វិនិយោគថ្មី គឺកម្ពុជា កា្លយជាប្រទេសមួយដែលមានរបបពាណិជ្ជកម្មគោលនយោបាយវិនិយោគ បើកទូលាយ និងផ្តល់ភាពអនុគ្រោះផ្នែកពន្ធ ទៅលើវិស័យអទិភាពជាច្រើន ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា នាថ្ងៃអនាគតកាន់តែមានភាពល្អប្រសើរ។
មួយវិញទៀត កម្ពុជា បានអនុញ្ញាតឱ្យប្រើរូបិយបណ្ណដុល្លារ ទូទាត់ទំនិញទូទៅ ដែលអាចជួយឱ្យកម្ពុជា ក្លាយជាកូននាគពិតប្រាកដ។ នេះបើតាមការលើកឡើងរបស់លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន និងជាប្រធានសមាគមអចលនទ្រព្យសកល រាជធានីភ្នំពេញ។

លោកថ្លែងដូច្នេះថា« បើប្រៀបធៀបរូបិយបណ្ណដុល្លារ ទៅនឹងលុយជប៉ុន លុយដុង លុយបាត លុយសិង្ហបុរី គឺមើលឃើញថា រូបិយបណ្ណដុល្លារ មានភាពរឹងមាំស្ថិរភាពជាង បើប្រៀបធៀបរូបិយវត្ថុដទៃទៀត នៅក្នុងតំបន់អាស៊ី»។
លោកបានលើកជាឧទាហរណ៍ថា «ប្រសិនបើវិនិយោគិន វិនិយោគលើវិស័យអចលនទ្រព្យប្រទេសថៃ វៀតណាម ឬជប៉ុន នៅពេលដែលរូបិយបណ្ណរបស់ប្រទេសទាំងនេះ ធ្លាក់ថ្លៃប្រៀបនឹងប្រាក់ដុល្លារ ទោះបីជាវិនិយោគិន វិនិយោគចំណេញ ៣០ភាគរយ តែបម្រែបម្រួលអត្រាប្តូរប្រាក់របស់គាត់ធ្លាក់ចុះបើប្រៀបធៀបនឹងដុល្លារ នោះធ្វើឱ្យតម្លៃកើននៃមូលធន ដូច្នេះមិនបានចំណេញទេ នៅពេលដែលដូរទៅជាដុល្លារហើយផ្ទេរទៅប្រទេសកំណើតវិញ»។
អ្នកជំនាញសេដ្ឋកិច្ចពិភពលោក មើលឃើញថា រូបិយបណ្ណដុល្លារ និងមាស គឺជា ទុនបម្រុងឬប្រាក់តម្កល់របស់រដ្ឋាភិបាល នៅលើសកលលោកយកជាស្តង់ដារ។
ហេតុផលមួយទៀត ដែលអាចឱ្យកម្ពុជា ក្លាយជាកូននាគនោះ គឺកម្ពុជា មានប្រជាជនអាយុ ក្រោម ៤០ឆ្នាំ ប្រមាណជិត ៧០ភាគរយ មានន័យថា កម្លាំងពលកម្មពេញរបស់កម្ពុជា មានខ្ពស់បំផុត។ ដោយប្រជាជនក្រោម អាយុ ៤០ឆ្នាំ នឹងមានតម្រូវការទិញលក់អចលនទ្រព្យ និងវិនិយោគគ្រប់វិស័យទាំងបច្ចុប្បន្ន និងអនាគត។

ដោយឡែកនៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន និងទ្វីបអាស៊ី មានប្រជាជនចាស់ជរាច្រើនជាងក្មេង ដែលពេញពលកម្ម ដូច្នេះហើយធ្វើឱ្យតម្រូវការឆ្លើយតបទៅនឹងវិនិយោគនានា ទាំងវិស័យឯកជន និងរដ្ឋមានភាពខ្វះខាត។
លោក ឡោ វិចិត្រ បានលើកឡើងថា កម្ពុជា កំពុងឈរលើទីតាំងផ្នែកប្រជាសាស្រ្ត ដែលមានប្រៀបជាងប្រទេសដទៃទៀត នៅក្នុងតំបន់អាស៊ាន និងអាស៊ី ដោយប្រជាជនកម្ពុជា មានការអភិវឌ្ឍខ្លួនលឿន ជាពិសេសផ្នែកភាសា។ លោកទាញហេតុផលថា ពលរដ្ឋកម្ពុជា ភាគច្រើន អាចចេះភាសាផ្សេងៗក្រៅពីភាសាខ្លួន ដូចជា អង់គ្លេស ថៃ ចិន ជប៉ុនជាដើម បើប្រៀបធៀបនឹងប្រជាជនដទៃ ជាក់ស្តែងដូចជា ជនជាតិចិនភាគច្រើន ចេះតែមួយភាសាប៉ុណ្ណោះ។
លើសពីនេះទៀត កម្ពុជា បានបើកទូលាយឱ្យក្រុមហ៊ុនបរទេសនានា អាចកាន់កាប់ភាគហ៊ុនស្ទើរតែ ១០០ភាគរយ លើគ្រប់វិស័យ មិនថាវិស័យរុករកប្រេង ឬវិស័យអាកាសចរណ៍ស៊ីវិល ដែលប្រទេសជិតខាងយើង ដូចជា វៀតណាម និងថៃ វិនិយោគិនក្នុងស្រុកអាចកាន់កាប់ភាគហ៊ុនបាន ៥១ភាគរយ ដោយឡែកជនបរទេស កាន់កាប់បានតែ ៤៩ភាគរយប៉ុណ្ណោះ។
ទាក់ទងនឹងរំហូរទុនវិនិយោគក្រៅប្រទេស ហូរចូលកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ ក៏ជាផ្នែកសំខាន់ខ្លាំង ដែលនាំឱ្យកម្ពុជា ក្លាយជាកូននាគនៅថ្ងៃអនាគត។ ជាក់ស្តែង បើទោះជាស្ថិតក្នុងវិបត្តិកូវីដ-១៩ យ៉ាងណា ក៏ទុនវិនិយោគពីខាងក្រៅ នៅតែបន្តហូរចូលឥតឈប់ឈរ ដែលធ្វើឱ្យមានកំណើនជានិច្ច។
ដោយឡែកកំណើននៃការនាំចេញ ក៏ជាផ្នែកសំខាន់ផងដែរ ដោយសារកម្ពុជា បាននាំទំនិញចេញទៅទីផ្សារចិន សហរដ្ឋអាមេរិក និងអឺរ៉ុប កើនឡើងជាលំដាប់។
បច្ចុប្បន្ននេះ គេក៏មើលឃើញថា កម្ពុជា កំពុងទាក់ទាញអ្នកវិនិយោគអន្តរជាតិធំៗ បោះទុនរកស៊ីនៅកម្ពុជា។ ជាក់ស្តែងដូចជា ក្រុមហ៊ុនតូយូតា ក្រុមហ៊ុន Ford បានបើករោងចក្រដំឡើងរថយន្តនៅកម្ពុជា និងឆាប់ៗខាងមុខនេះ ផ្សារទំនើប អ៊ីអន៣ ក៏នឹងបើកដំណើរការផងដែរ។ នេះជាការបញ្ជាក់របស់លោក ឡោ វិចិត្រ។
ពាក់ព័ន្ធវិស័យពន្ធដារ ការប្រមូលពន្ធបានកើនឡើងជាបន្តបន្ទាប់ ជាពិសេសប្រមូលបានរហូតលើសផែនការប្រចាំឆ្នាំ ដែលនេះឆ្លុះបញ្ចាំងអំពីកំណើននៃការវិនិយោគ។ ហើយចំណូលពន្ធទាំងនោះ រដ្ឋយកមកអភិវឌ្ឍប្រទេស កាន់តែខ្លាំងក្លា លើហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពប្រជាជន មានលទ្ធភាពអភវិឌ្ឍវិស័យស្រាវជ្រាវកាន់តែមានល្បឿនលឿនជាងមុន។

លទ្ធភាពនៃការប្រមូលពន្ធលើសកំណត់នេះ បង្ហាញឱ្យដៃគូអភិវឌ្ឍនានា ដូចជា ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ADB, IMF កាន់តែមានទំនុកចិត្ត ក្នុងការផ្តល់កម្ចីអភិវឌ្ឍមករាជរដ្ឋាភិបាលកម្ពុជា។
បើតាមលោក ឡោ វិចិត្រ ដើម្បីសម្រេចបានជោគជ័យ រយៈពេលពី ៥ ទៅ ១០ ឆ្នាំខាងមុខ គឺអាស្រ័យលើ FDI ឬបរិមាណនាំចេញទៅកាន់ទីផ្សារធំៗ ដូចជា EU អាមេរិក និងចិន GDP សម្រាប់មនុស្សម្នាក់ៗ។
ក្រៅពីនេះ កម្ពុជា ទើបតែទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជុំវិញការធ្វើជាប្រធានអាស៊ានប្តូរវេន កាលពីប៉ុន្មានថ្ងៃមុននេះ។ សម្តេចតេជោ បានប្រកាសពីភាពជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ក្នុងនាមកម្ពុជាជាម្ចាស់ និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ជាកិត្យានុភាពរបស់កម្ពុជា ដែលទុកសម្រាប់កូនចៅជំនាន់ក្រោយ។ តាមរយៈកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា បានពង្រឹងនូវកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអាស៊ានក្នុងពេលនេះ ជាងពេលណាៗទាំងអស់។

យោងតាមទឡ្ហីកទាំងអស់នេះហើយ ដែលកម្ពុជា អាចក្លាយជាកូននាគមួយនៅក្នុងតំបន់អាស៊ាន និងក្នុងទ្វីបអាស៊ី ក្នុងពេលវេលាសមស្របណាមួយ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង