សេដ្ឋកិច្ច
ក្រុមហ៊ុនធំៗអាមេរិកជាច្រើន បង្ហាញឆន្ទៈវិនិយោគ និងនាំចេញកសិផលពីកម្ពុជាទៅទីផ្សារពិភពលោក
គណៈប្រតិភូវិនិយោគិន និងពាណិជ្ជករសហរដ្ឋអាមេរិក បានឱ្យដឹងថា ក្រុមហ៊ុនអាមេរិកជាច្រើន បានបង្ហាញឆន្ទៈក្នុងការវិនិយោគដោយផ្ទាល់នៅកម្ពុជា ក្នុងវិស័យកសិកម្ម ដើម្បីនាំចេញកសិផលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងពិភពលោក។ ការលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំពិភាក្សារវាង លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយគណៈប្រតិភូវិនិយោគិន និងពាណិជ្ជករសហរដ្ឋអាមេរិក នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសម្របសម្រួលរបស់ លោក ហួត គីមឆា អគ្គកុងស៊ុលកិត្តិយសនៃស្ថានទូតកម្ពុជា ប្រចាំទីក្រុង Long Beach សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។
គណៈប្រតិភូវិនិយោគិន និងពាណិជ្ជករសហរដ្ឋអាមេរិក បាននិយាយទៅកាន់លោក រដ្ឋមន្រ្តីពាណិជ្ជកម្ម ប៉ាន សូរស័ក្តិថា ដោយសារវិបត្តិនានា ដែលបាននិងកំពុងកើតឡើង នៅក្នុងតំបន់និងពិភពលោក សហរដ្ឋអាមេរិកក៏ជាប្រទេសមួយ ដែលបានទទួលរងផលប៉ះពាល់ តាមរយៈការហក់ឡើងខ្លាំង នៃថ្លៃទំនិញនៅក្នុងទីផ្សារ ពិសេសគឺផលិតផលចំណីអាហារ និងកសិផល។
គណៈប្រតិភូវិនិយោគិនអាមេរិក បានគូសបញ្ជាក់ថា កម្ពុជា គឺជាឃ្លាំងស្តុកផលិតផលកសិកម្មដ៏សំខាន់មួយ ដែលអាចចូលរួមចំណែកដ៏សំខាន់ក្នុងការធានាសន្តិសុខស្បៀងក្នុងតំបន់ និងពិភពលោក ពិសេសគឺសហរដ្ឋអាមេរិកតែម្តង ហើយទំនិញសំខាន់ៗដែលជាសក្តានុពលរបស់កម្ពុជា រួមមាន៖ គ្រាប់ស្វាយចន្ទី ស្វាយ ដូង ម្រេច អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ស៊ុត ត្រី ក្រូចពោធិ៍សាត់ អាហារសម្រន់ ស្រូវ-អង្ករ និងផលិតផលក្តារបន្ទះ ជាដើម។
លោកបានបន្តទៀតថា រដ្ឋដែលជាទីផ្សារសក្តានុពលសំខាន់ៗ នៅសហរដ្ឋអាម៉េរិក សម្រាប់ការនាំចេញផលិតផលកសិកម្មពីកម្ពុជា រួមមាន ក្រុង Lowell នៃរដ្ឋ Massachusetts, រដ្ឋ California, រដ្ឋ Seattle និងរដ្ឋ Texas ហើយជាពិសេសគឺរដ្ឋដែលមាន Cambodian Town និងមានប្រជាជនខ្មែររស់នៅច្រើន។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្តែងមតិស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូក្រុមហ៊ុនសហរដ្ឋអាមេរិក ដែលបានបង្ហាញឆន្ទះខ្ពស់ ក្នុងការវិនិយោគ និងនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងពិភពលោក។ លោករដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីបង្កភាពងាយស្រួលក្នុងការនាំចេញទៅកាន់ទីផ្សារបរទេស និងជៀសវាងការជួបប្រទះបញ្ហាភូតគាមអនាម័យនិងស្តង់ដារផលិតផល ក្រសួងពាណិជ្ជកម្មកម្ពុជាបានលើកទឹកចិត្តដល់វិនិយោគិន និងពាណិជ្ជករសហរដ្ឋអាមេរិក ឲ្យវិនិយោគលើការកែច្នៃ-វេចខ្ចប់កសិផល ដោយផ្ទាល់នៅកម្ពុជាជាមុនសិន រួចទើបនាំចេញ ជាជាងការនាំចេញកសិផលស្រស់ ដោយមិនមានការកែច្នៃជាមុន។
លោក បានបន្ថែមទៀតថា កសិផលកម្ពុជាមួយចំនួនបានទទួលការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) រួចរាល់ ហើយមួយចំនួនទៀត កំពុងស្ថិតក្នុងដំណាក់កាលនៃការស្នើសុំ ដែលនេះស្ដែងឲ្យឃើញថា កសិផលកម្ពុជា គឺជាផលិតផលមានគុណភាពខ្ពស់ និងមានការទទួលស្គាល់ជាអន្តរជាតិ។
សូមរំលឹកថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ធ្លាប់បានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជា នាពេលកន្លងមក អំពីជំហររបស់សហរដ្ឋអាមេរិក ក្នុងការចាត់ថ្នាក់តំបន់អាស៊ាន ជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នេះគឺជាកាលានុវត្តភាពថ្មីដ៏សំខាន់មួយ ដែលវិនិយោគិននិងពាណិជ្ជករសហរដ្ឋអាមេរិក បានសម្លឹងឃើញកាន់តែច្បាស់ ថាកម្ពុជាក៏ជាដៃគូវិនិយោគ-ពាណិជ្ជកម្មដ៏សំខាន់មួយ ហើយនេះក៏ជាកាលានុវត្តភាពដ៏សំខាន់ សម្រាប់វិនិយោគិន និងពាណិជ្ជករកម្ពុជា ក្នុងការស្វែងរកដៃគូវិនិយោគ និងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ផងដែរ៕
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១០ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ