សេដ្ឋកិច្ច
ឆ្នាំសិក្សាថ្មី!តើគួរជ្រើសរើសជំនាញអ្វីឲ្យត្រូវនឹងតម្រូវការទីផ្សារការងារនាពេលអនាគត

សម័យកាលបច្ចេកវិទ្យាកាន់តែវិវត្តទៅមុខឥតឈប់ឈរ បរិបទការសិក្សា និងការងារនៅក្នុងប្រទេសក៏ប្រែប្រួលស្ទើរៀងរាល់ថ្ងៃ យើងបានដឹងហើយថា នៅក្នុងការសិក្សា របស់សិស្សក្រោយឧត្តមសិក្សា មិនថាពួកគេជ្រើសរើសជំនាញអ្វីក៏ដោយ គោលដៅចុងក្រោយរបស់ពួកគេ ក្រោយបញ្ចប់ការសិក្សាគឺមុខរបរការងារ។
អត្ថបទនេះ កម្ពុជាថ្មី នឹងលើកយកពីអាទិភាពវិស័យការងារ ដើម្បីចែករំលែកដល់សិស្ស និស្សិតឲ្យបានយល់ដឹងថា តើបច្ចុប្បន្ន ពួកគេគួរត្រៀមខ្លួនបែបណាក្នុងការជ្រើសរើសជំនាញសិក្សាឲ្យបានត្រូវនឹងតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងទៅអនាគត?

បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា មានវិស័យជាច្រើន កំពុងរីកដុះដាលពីមួយថ្ងៃទៅមួយថ្ងៃ ដូចជាវិស័យទេសចរណ៍ ឧស្សាហកម្ម សំណង់ បច្ចេកវិទ្យា បច្ចេកទេស ផ្នែកអេឡិចត្រូនិក និងវិស័យព័ត៌មានវិទ្យា(ICT) ជាដើម។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ កម្ពុជាថ្មី លោក ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងានៃក្រសួងការងារ បានប្រាប់ឲ្យដឹងថា តម្រូវការទីផ្សារការងារបច្ចុប្បន្នគឺភាគច្រើនមានតម្រូវការ ផ្តោតទៅលើការងារបែបបច្ចេកវិទ្យា និងបច្ចេកទេស ដែលលោកអះអាងនេះ ធ្វើឡើងតាមរយៈ ការប្រមូលព័ត៌មាន ជ្រើសរើសកម្លាំងពលកម្ម ហើយនឹងតម្រូវការរបស់និយោជក។
លោក ហៃ ហ៊ុនឡេង បានបន្តថា ជាពិសេសនៅក្នុងវិស័យឧស្សាហកម្ម ដូចជាផ្នែកអេឡិចត្រូនិក និងព័ត៌មានវិទ្យា(ICT) ក៏ជាឱកាសដែលមានក្តីរំពឹងច្រើនសម្រាប់អ្នករកការងារ
ដែលមានតម្រូវការច្រើនពីនិយោជក គឺមានក្នុងវិស័យបច្ចេកវិទ្យា បច្ចេកទេស និងឧស្សាហកម្ម លោកថា តាមការរំពឹងវិស័យសេវាកម្មក៏អាចមានឱកាសច្រើនដែរ ប៉ុន្តែដំណាក់ការនារដូវជំងឺកូវីដ១៩នេះ អាចមានបញ្ហាប្រឈមខ្លាំង ព្រោះវាពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចមួយចំនួនដែលនាំឲ្យមានការធ្លាក់ចុះ ប៉ុន្តែ សេវាកម្មបែបធនាគារ ដែលពាក់ព័ន្ធនឹងបច្ចេកទេសព័ត៌មានវិទ្យា មានការកើនឡើងទៅវិញ។
ឆ្លើយសំនួរពីកម្ពុជាថ្មី តើសិស្សគួររៀនបែបណាដើម្បីឱ្យស្របទៅនឹងតម្រូវការទីផ្សារការងារ?
លោក លោក ហៃ ហ៊ុនឡេង ឲ្យដឹងថា ការសិក្សាររបស់សិស្សចែកចេញជាពីរ គឺការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងឧត្តមសិក្សា ដែលផ្នែកទាំងពីរមានភាពពិបាកក្នុងការវាស់វែង ដោយសារយើងគិតទៅលើចំនួនតែមួយមុខ ឬក៏គិតទៅលើជំនាញ ប៉ុន្តែប្រសិនបើយើងគិតតែទៅលើចំនួន នៃការបណ្តុះបណ្តាលមនុស្ស ឬអ្នកដែលទទួលបានការអប់រំគឺមានច្រើន មិនខ្វះខាតទេ សម្រាប់អ្នកដែលត្រូវចូលទីផ្សារការងារនោះ។
ប៉ុន្តែប្រសិនបើយើងមើលទៅលើជំនាញ ឬក៏លទ្ធភាពក្នុងការដែលបំពេញការងារ ឬក៏ស្រូបយកការងារនោះ វាអាចមានការមិនទាន់ស៊ីសង្វាក់គ្នាខ្លាំង ដោសារថា ជូនកាលបើយើងរំពឹងមើលទៅលើតម្រូវការរបស់និយោជក គឺគេច្រើនតែផ្តោតទៅលើអ្នកមានបទពិសោធន៍ មានឯកទេសផ្នែកបច្ចេកទេស ឬក៏ជំនាញ ឧទាហរណ៍ វិស្វកម្ម ផ្នែកស្ថាបត្យកម្ម ឬក៏បច្ចេកវិទ្យា អេឡិចត្រូនិក ឬក៏មេកានិក។
ដល់ពេលការអប់រំបែបបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ផលិតសិស្សទៅ វាអត់ទាន់អាចបំពេញ តាមតម្រូវការ ដូច្នេះធ្វើឲ្យឱកាសដែលមាន នឹងអ្នកដែលចូលទៅចាប់យកឱកាសការងារនោះ មិនទាន់មានខ្លាំងមែនទែន ដែលនៅក្នុងភាសាបច្ចេកទេសគេហៅថា ភាពមិនទាន់ស៊ីសង្វាក់គ្នានៃជំនាញនៃតម្រូវការ ហើយនឹងអ្នកដែលជាកម្លាំងពលកម្មសម្រាប់បំពេញតម្រូវការ។

លោក ហៃ ហ៊ុនឡេង បានបន្តថា ជាទស្សនវិស័យបច្ចេកទេសផ្នែកសេវាការងារ សិស្សដែលត្រៀមចូលទៅក្នុងការអប់រំ មិនថា ថ្នាក់ឧត្តមសិក្សា ឬក៏បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ គោលដៅធំបំផុតរបស់គាត់គឺត្រៀមខ្លួន ហើយធ្វើការកំណត់ជម្រើសសិក្សាឲ្យបានច្បាស់ជាមុន ពោលគឺថា ប្រសិនបើគាត់ទៅខាងឧត្តមសិក្សា គាត់អាចសិក្សាជំនាញ ឯកទេសរបស់ខ្លួន ដែលមានលក្ខណៈទ្រឹស្តី ឬមិនសូវមានការអនុវត្តជាក់ស្តែង។
ម្យ៉ាងទៀត ប្រសិនបើគាត់រៀនបែបបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ គាត់អាចលាយទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដោយសារជាជំនាញឯកទេ ឬក៏បច្ចេកទេស ដូច្នេះ ប្រសិនបើសិស្ស ត្រៀមខ្លួនមើលទៅលើនិន្នាការហ្នឹង គាត់ក៏ត្រូវផ្សាភ្ជាប់ទៅនិង អ្វីដែលក្រុមហ៊ុន ឬក៏និយោជនត្រូវការដែរ។
លោក ហៃ ហ៊ុនឡេង បន្តថា ដូច្នេះ គាត់ត្រូវមើលទៅលើទីផ្សារដែរ ថាឥឡូវទីផ្សារបែឆ្ពោះ ឬងាកទៅរកតម្រូវការអ្វី។ លោកបញ្ជាក់បន្ថែមថានាពេលបច្ចុប្បន្ន ប្រហែលជាមានឱកាសច្រើន នៅក្នុងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា បច្ចេកទេស ផ្នែកអេឡិចត្រូនិក មេកានិក ឬក៏វិស្វកម្មផ្សេងៗ ដូច្នេះ បើតម្រូវកាទីផ្សារដូច្នោះ សិស្សដែលធ្វើការជ្រើសរើស ក៏គួរតែតម្រង់ឆ្ពោះទៅរកគោលដៅសិក្សាណាមួយដែលអាចនាំខ្លួឲ្យទៅដល់ឱកាសដែលខ្លួនចង់បាន។

យ៉ាងណាក៏ដោយ បើតាម លោក ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងានៃក្រសួងការងារ មិនថាមុខវិជ្ជាអ្វីនោះទេក៏សំខាន់ដែរ ពីព្រោះនៅក្នុងសង្គមទីផ្សារការងារ គឺត្រូវការជំនាញចម្រុះ ក៏ប៉ុន្តែដើម្បីផ្តល់ភាពងាយស្រួលភ្ជាប់ទៅនឹងការងារនៅពេលអនាគត សិស្សគួរតែត្រៀមខ្លួន ទៅតាមជម្រើសសិក្សា និងលទ្ធភាព ហើយផ្សាភ្ជាប់ ទៅតាមតម្រូវការពីខាងក្រុមហ៊ុន ឬក៏សហគ្រាស ដើម្បីឲ្យពួកគាត់កាន់តែចូលទីផ្សារបានងាយស្រួល។
លោកហៃ ហ៊ុនឡេងបន្តទៀតថា ទោះបីរៀននៅក្នុងជម្រើសណាមួយក៏ចេះដូចគ្នា អាចមានចំណេះដឹង ឬចំណេះធ្វើអនុវត្តជាក់ស្តែង ប៉ុន្តែដល់ពេលចូលទីផ្សារការងារ គឺមានការប្រកួតប្រជែងគ្នា ពេលនោះ ប្រសិនយើងខ្លាំង មានសមត្ថភាពល្អ អាចឆាប់ចូលដល់ការងារ។
ដូច្នេះហើយ បានជាមាននិស្សិតដែលរៀនចប់មួយចំនួនបានត្អូញត្អែថារៀនចប់ហើយ មិនទាន់មានការងារធ្វើ ឬរការងារមិនទាន់បាន ដោយសារគាត់អត់ទាន់ចាប់យកឱកាសការងារបាន ធាតុពិតមិនមែនអត់ការងារទេប៉ុន្តែចាប់យកមិនទាន់បាន ធ្វើឱ្យគាត់ពិបាកក្នុងការប្រកួតជាមួយអ្នកផ្សេង៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៤ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា