ព័ត៌មានជាតិ
ចាប់ជំនាញបែបណា ទើបឆាប់មានសេរីភាពហិរញ្ញវត្ថុ និងសម្រេចបំណងជីវិត
សាស្រ្តាចារ្យ និងអ្នកជំនាញហិរញ្ញវត្ថុ នឹងបង្ហាញផ្លូវដល់យុវជន ដើម្បីសម្រេចចិត្តក្នុងការជ្រើសរើសផ្លូវដើរមួយ ដែលត្រឹមត្រូវ ពិតប្រាកដ ឆាប់សម្រេចបំណងជីវិត និងសេរីភាពផ្នែកហិរញ្ញវត្ថុ ពិសេសបេក្ខជនដែលទើបបញ្ចប់ថ្នាក់បាក់ឌុបនាពេលថ្មីៗនេះ។

លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ច និងជាអ្នកជំនាញហិរញ្ញវត្ថុ បានលើកឡើងថា ប្រសិនបើយុវជនដែលស្ថិតក្នុងគ្រួសារ ដែលមានជីវភាពមធ្យម ឬធូរធា អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ វិស្វករ វេជ្ជបណ្ឌិត ឬជំនាញផ្សេងៗទៀត ដែលអាចមានលទ្ធភាព ឬសមត្ថភាពអាចរៀនបាន។ ដោយឡែកសម្រាប់យុវជនដែលមានលទ្ធភាពតិចតួច ឬគ្មានលទ្ធភាព គួររៀនវិជ្ជាជីវៈដូចជា ជំនាញបច្ចេកទេស អគ្គិសនី អេឡិចត្រូនិក សំណង់ ជួសជុលយានយន្ត ចុងភៅ វិស័យបម្រើសេវាកម្មសណ្ឋាគារ កសិកម្ម ជួសជុលគ្រឿងយន្ត ចិញ្ចឹមសត្វ កែច្នៃចំណីអាហារ ដែលជំនាញទាំងអស់នេះ រៀនរយៈពេលខ្លីអាចឆាប់រកចំណូលបាន។

លោក ង៉ែត ជូ បានបន្តថា វីជ្ជាជីវៈទាំងអស់នេះ មានឱកាសច្រើន មិនត្រឹមតែធ្វើការបានប្រាក់ខែទេ ក៏អាចបង្កើតអាជីវកម្មខ្នាតតូចខ្លួនឯង ដើម្បីចិញ្ចឹមគ្រួសារ ប្រសិនបើចេះកែច្នៃ វេចខ្ចប់ រកទីផ្សារ កាន់តែប្រសើរ។ ដើម្បីសម្រេចបំណងត្រូវមានបីចំណុចបន្ថែមទៀត គឺជំនាញបច្ចេកទេស គំនិតសហគ្រិន និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ នោះនឹងកាន់តែជំរុញឱ្យក្លាយជាម្ចាស់អាជីវកម្មខាងថ្ងៃខាងមុខ។ នេះជាការបន្ថែមរបស់លោក ង៉ែត ជូ។
ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ អ៊ុង វ៉ាន់ធឿន សកលវិទ្យាធិការរងនៃសកលវិទ្យាល័យ ន័រតុន បានលើកឡើងថា ការជ្រើសរើសជំនាញ គឺជារឿងសំខាន់ខ្លាំងណាស់ សម្រាប់យុវជន។ លោកសាស្រ្តាចារ្យ បានគូសបញ្ជាក់ថា ការជ្រើសរើសជំនាញមានបី គឺរើសតាមចំណូលចិត្ត ទីផ្សារ និងមូលដ្ឋានធនធានតាមគ្រួសារ។

លោកពន្យល់ដូច្នេះថា យុវជនគួរតែជ្រើសរើសនូវជំនាញណាដែលខ្លួនស្រឡាញ់ចូលចិត្ត ទើបអនុវត្តទៅទទួលបានលទ្ធផលល្អ។ ដោយឡែក អ្នកខ្លះទៀត ដែលមានគ្រួសារ ឪពុកម្តាយ មានអាជីវកម្មស្រាប់ អាណាព្យាបាលតែងតែណែនាំឱ្យរៀនជំនាញ ដែលត្រូវអាជីវកម្មរបស់ខ្លួន ដើម្បីមកគ្រប់គ្រង ឬបន្តមុខរបរនោះយូរអង្វែងតត្រកូល។ ផ្ទុយទៅវិញ លោកសាស្រ្តាចារ្យ វ៉ាន់ធឿន មិនណែនាំឱ្យយុវជន រៀនជំនាញដែលត្រូវនឹងតម្រូវការទីផ្សារបច្ចុប្បន្ននោះទេ។ ដោយសារទីផ្សារ អាចមានការប្រែប្រួល ដូច្នេះក្រោយបញ្ចប់ការសិក្សាអាចពិបាករកការងារ ឬធនធានលើសតម្រូវការទៅវិញ។ ប៉ុន្តែលោកគាំទ្រឱ្យចាប់យកជំនាញណា ដែលមិនសូវមានអ្នកចាប់អារម្មណ៍ ឬមិនទាន់មានទីផ្សារច្រើន ជាឱកាសពង្រីកសក្ដានុពលបានមុនគេ សម្រាប់អនាគត។
ទន្ទឹមនឹងនេះ អ្នកជំនាញហិរញ្ញវត្ថុ បានណែនាំទៀតថា យុវជនអាចចិញ្ចឹមចិត្តស្វែងការងារធ្វើសន្សំចំណេះ និងហិរញ្ញវត្ថុ តែកុំភ្លេចរវាសរវៃរៀនសូត្រជំនាញបង្កើតអាជីវកម្មថ្មី ដើម្បីអាចបង្កើតអាជីវកម្មខ្លួនឯងបាន។
បើតាមលោក ង៉ែត ជូ ក្រោយមានចំណេះជំនាញ ហិរញ្ញវត្ថុ យុវជនត្រូវតែរៀនអំពីការវិនិយោគបន្ថែមទៀត។ មានន័យថា ប្រាក់ដែលយើងរកបានពីការងារឬអាជីវកម្ម ត្រូវតែយកទៅវិនិយោគបន្តដូចជា វិនិយោគផ្សារហ៊ុន និងវិស័យអចលនទ្រព្យ ជាដើម ដើម្បីឆាប់ទៅដល់ចំណុចមួយដែលហៅថា សេរីភាពហិរញ្ញវត្ថុ។ លោកបន្តដូច្នេះ «ប្រសិនបើធ្វើការបើកប្រាក់ខែហើយ មិនសន្សំសំចៃ មិនយកទៅធ្វើអាជីវកម្ម មិនបានសន្សំទៅវិនិយោគបន្ត ដើម្បីយកប្រាក់ទៅបង្កើតប្រាក់ គឺមិនមានលទ្ធភាពសេរីភាពហិរញ្ញវត្ថុទេ អាចថា ត្រូវធ្វើការរហូតដល់ចូលនិវត្តន៍»។
លោកសង្កត់ធ្ងន់ថា ចំណេះដឹងហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ ពោលគឺជាមូលដ្ឋានគ្រឹះដែលអាចឱ្យយើងកសាងទ្រព្យសម្បត្តិ គ្រប់គ្រងហិរញ្ញវត្ថុបានត្រឹមត្រូវ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍប្រទេសជាតិ និងជីវភាពរស់នៅរឹងមាំ អាចមានលទ្ធភាពឱ្យកូនចៅចូលរៀនសាលាដែលមានគុណភាព ធ្វើឱ្យធនធានជំនាន់ក្រោយកាន់តែមានសមត្ថភាពខ្ពស់។
យុវជនត្រូវមានមុំបីសំខាន់ គឺជំទាញទំនាក់ទំនងធ្វើការជាក្រុម ជំនាញគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងគំនិតសហគ្រិន បន្ថែមលើជំនាញបច្ចេកទេស។ នេះជាការបន្ថែមរបស់លោក ង៉ែត ជូ៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង