សេដ្ឋកិច្ច
លោក ឈរ រិទ្ធី មានមហិច្ឆតាផលិតទឹកដោះគោស្រស់ផ្គត់ផ្គង់ក្នុងស្រុកជំនួសការនាំចូលឱ្យបាន ៥០ភាគរយ
កសិដ្ឋានគិរីសួគ៌ បានផលិតទឹកដោះគោស្រស់ផ្គត់ផ្គង់ក្នុងស្រុក បានប្រមាណ ១៥ភាគរយ បើធៀបនឹងការនាំចូល។ នេះជាការបញ្ជាក់របស់លោក ឈរ រិទ្ធី អគ្គនាយកក្រុមហ៊ុន ខ្មែរ ហ្វ្រេស មិល និងកសិដ្ឋានគិរីសួគ៌។

ជាមួយនឹងការផ្គត់ផ្គង់ក្នុងស្រុកនៅមានកម្រិតនេះ លោក រិទ្ធី មានមហិច្ឆតាបង្កើតការផលិតទឹកដោះគោស្រស់ ដើម្បីបំពេញតម្រូវការក្នុងស្រុកជំនួសការនាំចូលឱ្យបាន ៥០ភាគរយ នៅពេលខាងមុខ។
ថ្លែងនៅក្នុងកម្មវិធី Grow under peace របស់កម្ពុជាថ្មី អគ្គនាយកក្រុមហ៊ុន ខ្មែរ ហ្វ្រេស មិល និងកសិដ្ឋានគិរីសួគ៌ បានលើកឡើងថា បច្ចុប្បន្នកសិដ្ឋានគិរីសួគ៌ មានគោផលិតទឹកដោះប្រមាណ ៦០០ក្បាល ក្នុងចំណោមជាង ១ពាន់ក្បាល។ បើតាមលោក ឈរ រិទ្ធី ក្នុងមួយថ្ងៃ កសិដ្ឋានផលិតទឹកដោះគោបានប្រមាណ ១ម៉ឺន ៧ពាន់លីត្រ និងបានចែកចាយទៅតាមហាងចំនួន ២៥០០ហាង នៅក្នុងប្រទេសកម្ពុជា។

កសិដ្ឋានគិរីសួគ៌ បានដើរមុនគេក្នុងការផលិតទឹកដោះគោស្រស់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ត្រួតពិនិត្យតាមបែបបច្ចេកទេសទំនើប និងធានាគុណភាពខ្ពស់។ លោក ឈរ រិទ្ធី ទើបទទួលបានពានមាសក្នុងកម្មវិធីប្រកួតសហគ្រិនថ្នាក់ជាតិ ឆ្នាំ ២០២២ បន្ទាប់ពីកសិដ្ឋានទើបតែទទួលបានពានរង្វាន់ GREEN AWARD ពីកម្មវិធី ASEAN Young Entrepreneur Awards ២០២២។

លោក ជី សិលា សហស្ថាបនិកក្រុមហ៊ុន Khmer Fresh Milk និងកសិដ្ឋានគិរីសួគ៌ បានឱ្យដឹងថា បច្ចុប្បន្នកសិដ្ឋាន មានផលិតដូចជា ទឹកដោះគោស្រស់ យ៉ាអួ និងទឹកយ៉ាអួ(សម្រាប់ផឹក) ដោយក្នុងនោះក៏មានបែងចែកទៅតាមផ្នែក ដូចជា ទឹកដោះគោគ្មានជាតិខ្លាញ់ យ៉ាអួ ទឹកដោះគោមានជាតិសូកូឡា ស្តបបឺរី និងទឹកដោះគោយ៉ាអួ សម្រាប់ផឹក ជាដើម។ ក្រៅពីនេះ ក៏មានបឺ សម្រាប់ញ៉ាំជាមួយនំប៉័ងផងដែរ។

សូមបញ្ជាក់ថា រោងចក្រផលិតទឹកដោះគោស្រស់របស់កសិដ្ឋានគិរីសួគ៌ បង្កើតនៅឆ្នាំ ២០១៨ និងចាប់ផ្តើមនាំយកគោចូលកសិដ្ឋាននៅឆ្នាំ ២០២០។ រយៈពេល ២ឆ្នាំ មានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងមានតម្រូវការខ្ពស់នៅលើទីផ្សារ។
កសិដ្ឋានគិរីសួគ៌មានផ្ទៃដីទំហំ ៣០០ហិកតា មានទីតាំងស្ថិតនៅជ្រលងភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ ចម្ងាយជាង ៣០គីឡូម៉ែត្រ ពីភាគខាងត្បូងរាជធានីភ្នំពេញ៕


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?