សេដ្ឋកិច្ច
អ្នកសេដ្ឋកិច្ចមើលឃើញថា វិបត្តិសកលមិនជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២៣
ធនាគារពិភពលោក ក៏ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្រួយបារម្ភពីផលប៉ះពាល់អវិជ្ជមានថ្មីៗបន្ថែមទៀត អាចជំរុញសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ពិសេសនៅតាមប្រទេសតូចៗ និងងាយរងគ្រោះ។ បើតាមធនាគារពិភពលោក ទោះបីជាមិនមានវិបត្តិផ្សេងទៀតក៏ដោយ កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះយ៉ាងខ្លាំង ដោយសារការរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុរបស់ប្រទេសធំៗ ក្នុងគោលបំណងទប់ទល់នឹងអតិផរណាខ្ពស់ ស្ថានភាពហិរញ្ញវត្ថុកាន់តែមិនល្អ ដោយឥទ្ធិពលពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ ជាមួយគ្នានេះ ស្ថាប័ន IMF មើលឃើញថា មួយភាគបីនៃសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច ដោយសារតែសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិនកំពុងធ្លាក់ចុះក្នុងពេលដំណាលគ្នា។

ដោយឡែក ងាកមកកម្ពុជាវិញ អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា វិបត្តិនៅលើសកលលោក មិនជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា នោះទេ។ ផ្ទុយទៅវិញអាចជាឱកាសសម្រាប់កម្ពុជា ក្នុងការនាំចេញផលិតផលដែលប្រទេសមួយចំនួនកំពុងមានតម្រូវការ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា វិបត្តិសេដ្ឋកិច្ចកំពុងកើតឡើងនៅលើពិភពលោក ហើយកាន់តែតានតឹងទៅៗ ប៉ុន្តែបញ្ហានេះ មិនជះឥទ្ធិពលធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចកម្ពុជា នោះទេ។ តែវិបត្តិនេះ នឹងប៉ះពាល់ដល់ប្រទេសដែលប្រកួតប្រជែងជាមួយកម្ពុជា មានដូចជា ប្រទេសបង់ក្លាដែស ប៉ាគីស្ថាន ឥណ្ឌា និងប្រទេសផ្សេងទៀត ដែលផលិត ផលិតផលកាត់ដេរអាចនឹងធ្លាក់ចុះក្នុងការផលិត។ ចំណែកកម្ពុជា នឹងមានឱកាសជំរុញវិស័យកាត់ដេរសម្រាប់នាំចេញ។

លោកបន្ថែមដូច្នេះថា« កន្លងមក នៅឆ្នាំ ២០២២ យើងឃើញថា វិស័យកាត់ដេររបស់យើងទោះជាការបញ្ជាទិញមានការថមថយ តែមានកំណើន ពោលគឺថមថយនៅអឺរ៉ុប តែមកកើននៅកូរ៉េ ចិន និងជប៉ុនជាដើម»។ លើសពីនេះទៀត អង់គ្លេស និងអាមេរិក ដែលបានចាកចេញពីអឺរ៉ុប ដើរតួនាទីយ៉ាងសំខាន់សម្រាប់ទីផ្សារកម្ពុជា។ រីឯវិស័យកសិកម្ម ក៏កំពុងមានការលូតលាស់សន្សឹមៗ ហើយកម្ពុជា អាចផ្គត់ផ្គង់ស្បៀងសម្រាប់ខ្លួនឯង ខណៈដែលតម្រូវការច្រើនជាងការផ្គត់ផ្គង់ការនាំចូលផលិតផលកសិផលមួយចំនួន ក៏នៅតែមាន ដែលនេះជាសក្ដានុពលមួយបង្ហាញថា កម្ពុជាមានកំណើនសេដ្ឋកិច្ច ទើបមានកំណើននៃការនាំចូលទំនិញប្រើប្រាស់ផ្សេងៗជាច្រើន។
លោកបណ្ឌិតបន្តទៀតថា នៅឆ្នាំ ២០២៣នេះកម្ពុជា បានត្រៀមខ្លួនរួចហើយ និងរំពឹងថា ទទួលបានភ្ញៀវទេសចរ និងអ្នកវិនិយោគពីប្រទេសចិន ដែលរួមចំណែកបង្កើតប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងប្រទេសកាន់តែច្រើនជាងមុន មានន័យថា កើនឡើងនៃប្រាក់ចំណូល ឬ GDP។
ដូចគ្នានេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា បើទោះជាវិបត្តិសកលដែលកំពុងកើតឡើងផ្ទួនៗគ្នា ដូចជា វិបត្តិកូវីដ ជម្លោះរុស្ស៊ី អ៊ុយក្រែន ការមិនចុះសម្រុងគ្នារវាងប្រទេសមហាអំណាចដែលតាំងខ្លួនជាបងធំនៃភពផែនដី និងការប្រកួតប្រជែងក្នុងវិស័យជំនួញ នាំឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងណាក្តី តែកម្ពុជា នៅតែរក្សាបានកំណើនសេដ្ឋកិច្ចល្អ។

លោកបណ្ឌិត ថ្លែងដោយយោងទៅលើទិន្នន័យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ដែលមានកំណើនប្រមាណ ១៩ភាគរយ នៅឆ្នាំ ២០២២ និងដោយផ្អែកទៅលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយបណ្តាប្រទេសធំៗនៅលើពិភពលោក សង្ឃឹមថា នៅឆ្នាំ ២០២៣នេះ អាចនឹងបន្តនូវកំណើនតទៅទៀត រួមទាំងទីផ្សារថ្មីៗ ដែលកម្ពុជា បានភ្ជាប់ទំនាក់ទំនងរួចហើយ ដូចជា អង់គ្លេស តួកគី និងបន្តពង្រីកពាណិជ្ជកម្មថែមទៀត ជាមួយប្រទេសនៃកិច្ចព្រមព្រៀង RCEP ជាដើម។
ទន្ទឹមនឹងកំណើនពាណិជ្ជកម្មជាមួយអន្តរជាតិ លោកមើលឃើញថា ការគ្រប់គ្រងចំណូលពន្ធដារ និងគយ នៅកម្ពុជា មានប្រសិទ្ធភាពខ្ពស់ និងចំណូលមិនមែនមូលធន ក៏មានកំណើនផងដែរ លើសួយសារពិសេសដែលបានមកពីការវិនិយោគធនធានរ៉ែមាស និងប្រេងរបស់កម្ពុជា។
ស្របពេលដែលអ្នកជំនាញសេដ្ឋកិច្ច មើលឃើញសញ្ញាល្អនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ធនាគារជាតិនៃកម្ពុជា ក៏មានសុទិដ្ឋិនិយមថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានក្នុងរង្វង់ ៦ភាគរយ នៅឆ្នាំ ២០២៣នេះ បើទោះជាមានបញ្ហាប្រឈមខ្ពស់នៅលើពិភពលោកយ៉ាងណាក៏ដោយ។ ការព្យាកររបស់ធនាគារជាតិនេះ ដោយពឹងផ្អែកលើវិស័យមួយចំនួន ដូចជា វស័យកាត់ដេរ វិស័យទេសចរណ៍ កសិកម្ម វិស័យសំណង់ និងអចលនទ្រព្យជាដើម។

ចំណែកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើងថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ ២០២៣នេះ ត្រូវបានព្យាករថា នឹងសម្រេចបាន ៦,៦ភាគរយ។ សម្ដេច លើកឡើងបែបនេះ ដោយមើលឃើញថា ជីវភាពរបស់ប្រជាជនរក្សាបាននូវភាពនឹងនរ ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ ដែលរងឥទ្ធិពលខ្លាំងពីវិបត្តិនៃជំងឺកូវីដ ១៩ រួមទាំងប្រជាជនដែលរងហានិភ័យពីសម្ពាធនៃការឡើងថ្លៃទំនិញជាសកល និងពលរដ្ឋរងគ្រោះ ពីទឹកជំនន់តាមរយៈការអនុវត្តកម្មវិធីវិធានការអន្តរាគមសង្គមនានាបានទាន់ពេលវេលា៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ