ព័ត៌មានជាតិ
កម្ពុជាជំរុញបង្កើនតម្លៃលើការប្រមូលផល និងកែច្នៃអនុផលស្វាយចន្ទីរឱ្យសម្រេចបាន ២៥ ភាគរយនា ៤ ឆ្នាំខាងមុខ
គោលនយោបាយជាតិស្តីពីស្វាយចន្ទី មានគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលសា្វយចន្ទីដ៏សំខាន់មួយសម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យដឹងថា ដើម្បីសម្រេចបានចក្ខុវិស័យ និងគោលបំណងខាងលើគោលនយោបាយជាតិស្តីពីស្វាយចន្ទីបានដាក់ចេញនូវគោលដៅចម្បងចំនួន ៣ រួមមាន៖ ទី១ លើកកម្ពស់ទិន្នផលនៃការផលិត និងផលិតកម្ម ប្រកបដោយគុណភាពប្រកួតប្រជែង។ ទី២ ជំរុញការធ្វើឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការប្រមូលផលនិងការកែច្នៃអនុផលស្វាយចន្ទីឱ្យសម្រេចបាន២៥ភាគរយ នៅឆ្នាំ២០២៧ និងយ៉ាងតិច៥០ភាគរយ នៅឆ្នាំ២០៣២ និងទី៣ ជំរុញការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួល។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣នេះ បានបន្តពិភាក្សាលើសេចក្តីព្រាង “យោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧”។
ដំណាំស្វាយចន្ទី ដំណាំកសិឧស្សាហកម្ម និងជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំអាទិភាពទាំង១២មុខ ដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតភាព និងការប្រកួតប្រជែងតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងសកម្មភាពដែលមានតម្លៃខ្ពស់។
បច្ចុប្បន្នផលិតផលស្វាយចន្ទីភាគច្រើនបាននាំចេញជាផលិតផលមិនទាន់បានកែច្នៃដែលនាំឱ្យកម្ពុជាទទួលបានតម្លៃបន្ថែមទាប។ ដើម្បីបន្តជំរុញដល់កំណើនកសិ-ពាណិជ្ជកម្ម ប្រកបដោយការប្រកួតប្រជែង ផលិតផលមានគុណភាព និងសុវត្ថិភាពការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី គឺជាការចាំបាច់ ស្របទៅនឹងគោលនយោបាយនិងក្របខ័ណ្ឌយុទ្ធសាស្ត្រផ្សេងៗទៀត សំដៅធានាឱ្យបាននូវឧត្តមភាពប្រកួតប្រជែងលើទីផ្សារក្នុងស្រុក តំបន់និងពិភពលោក។

សេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ ត្រូវបានរៀបចំឡើងតាមរយៈការចុះសិក្សាស្រាវជ្រាវទីតាំងដាំដុះ កែច្នៃ អ្នកនាំចេញ និងសិក្ខាសាលាពិគ្រោះយោបល់ ព្រមទាំងការផ្តល់ធាតុចូលពីបណ្តាក្រសួងស្ថាបនពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធ លើគ្រប់សកម្មភាពក្នុងខ្សែច្រវាក់តម្លៃ និងបានរំលេចអំពីភារកិច្ច និងការទទួលខុសត្រូវរបស់តួអង្គពាក់ព័ន្ធទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តចំគោលដៅ និងប្រកបដោយប្រសិទ្ធភាព។
បើតាមលោក ផៃ ស៊ីផាន គោលនយោបាយជាតិស្តីពីស្វាយចន្ទី មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។

សូមជំរាបថា គោលនយោបាយជាតិស្តីពីស្វាយចន្ទី នឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី និងលើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម ការកែច្នៃ ការនាំចេញ និងការបង្កើនតម្លៃបន្ថែម ដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ សំដៅជួយគាំទ្រដល់តួអង្គដែលមានស្រាប់និងទាក់ទាញវិនិយោគបន្ថែម រកទីផ្សារចាស់ និងស្វែងរកទីផ្សារថ្មីប្រកបដោយចីរភាព ដែលនឹងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយភាពក្រីក្រនិងចំណាកស្រុកនិងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ៕
អត្ថបទ៖ ឡេង ដេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ