Connect with us

ព័ត៌មានជាតិ

ក្នុង​គ្រោះ​មាន​លាភ​ កុំខ្លាចខ្មាសគេក្នុងការបិទទ្វារ ស្វែងរកលទ្ធភាពបើកអាជីវកម្មផ្សេងទៀត

បានផុស

នៅ

វិបត្តិកូវីដ១៩ បានធ្វើឱ្យអាជីវកម្មមួយចំនួនរងនូវផលប៉ះពាល់ ឬឈានដល់ការក្ស័យធន។ ប៉ុន្តែទន្ទឹមនឹងភាពអវិជ្ជមាន ក៏មានភាពវិជ្ជមានកើតឡើង គឺម្ចាស់អាជីវកម្មមួយចំនួនធំបានប្រើប្រាស់ពេលវេលានៃវិបត្តិនេះ បង្កើតជាឱកាសទៅវិញ តាមរយៈការពង្រឹងសមត្ថភាពរបស់ខ្លួនលើការគ្រប់គ្រងអាជីវកម្ម និងការបង្កើតអាជីវកម្មថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតស្របតាមស្ថានភាពជាក់ស្ដែង។

លោក អោម សេងបូរ៉ា ស្ថាបនិកស៊ីអ៊ីអូ ម៉ាស្ទឺរក្លឹប(CEO Master Club) និងជាគ្រូបង្វឹកម្ចាស់អាជីវកម្មដ៏ល្បីល្បាញមួយរូប​បាន​ឲ្យ​ដឹង​ថា វិបត្តិកូវីត១៩ បានបណ្ដាលឲ្យ​អាជីវកម្មភាគច្រើនរងផលប៉ះពាល់តិច ឬច្រើន និង​ខ្លះ​អាច​ឈានទៅដល់ការបិទទ្វារ​ក៏មាន។ ប៉ុន្តែក៏មានម្ចាស់អាជីវកម្មមួយភាគធំបានប្រើប្រាស់វិបត្តិទៅជាការស្វែងរកឱកាស ក្នុងការបង្កើតអាជីវកម្មថ្មីៗបំពេញតាមតម្រូវរបស់ប្រជាជនក្នុងស្រុកស្របតាមស្ថានភាពជាក់ស្ដែង។

លោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូបង្វឹកអាជីវកម្មកំពូលរូបនេះបញ្ជាក់ថា មិនមែនសុខៗលោកនឹកឃើញរឿងនេះឡើយ ប៉ុន្តែកើតចេញពីការអង្កេតកន្លងមក។ ជាពិសេសតាមរយៈម្ចាស់អាជីវកម្មដែលជាសមាជិក​ក្លិប​មានជាង១០០០នាក់ ដែលធ្លាប់បានទទួលការបណ្ដុះបណ្ដាលពាក់ព័ន្ធទៅនឹងដំណើរការអាជីវកម្ម។

“បងប្អូនម្ចាស់អាជីវកម្មខ្លះ គាត់មើលឃើញឱកាសនៅក្នុងពេលមានវិបត្តិកូវីត១៩ វាអំណោយផលដល់គាត់ ដូចជាវិស័យចំណី​អាហារ និងវិស័យផ្សេងៗមួយចំនួនទៀត មានការកើនឡើង។ នេះជាឱកាសបើកថ្មីដោយប្រើប្រាស់ធនធានចាស់។ ហើយអ្នកមានលុយមួយចំនួន ចាប់យកឱកាសទិញអចលនៈទ្រព្យលក់ប្រញាប់ ឬធូរៗថ្លៃ”។

លោកមើលឃើញម្យ៉ាងទៀតថា ជាសំណាងល្អមួយសម្រាប់អ្នករកស៊ីនៅកម្ពុជា ដោយសាររាជរដ្ឋាភិបាល បានគ្រប់គ្រងការរីករាលដាលជំងឺកូវីត១៩មានប្រសិទ្ធភាព ដែលអាចឱ្យអាជីវកម្មភាគច្រើននៅដំណើរការបាន។

លោក កែវ វុទ្ធី នាយកប្រត្តិបត្តិក្រុមហ៊ុនវុឌ្ឍីស័ក្តិ ខមមើសល ឯ.ក និងជាម្ចាស់ហាងថែរក្សាសម្ផស្ស ណារ៉ា ប៊ីយូធី បាន​ឲ្យ​ដឹងថា នៅក្នុងវិបត្តិកូវី១៩នេះ បានធ្វើឲ្យ​មានការធ្លាក់ចុះប្រាក់ចំណូល ខណៈការបញ្ជាទិញពីអតិថិជនធ្លាក់ចុះ។ ប៉ុន្តែនៅក្នុងសម័យដែល​គ្រប់​អាជីវកម្ម​ជួប​បញ្ហាកូវីតនេះ ត្រូវ​តែ​រឹងមាំខ្លាំងជាងមុន និងរិះរកវិធីទប់ស្កាត់បញ្ហាទៅថ្ងៃក្រោយ។ ជាក់ស្ដែង លោក​គ្រោងពង្រីកអាជីវកម្មចំនួនពីរទីតាំងបន្ថែមទៀត។

ស្រដៀងគ្នានេះដែរ អ្នកស្រី ស៊ី ចាន់ណារ័ត្ន ម្ចាស់ហាងលក់គ្រឿងអលង្ការ និងពេជ្រ នៅលើអាគារពាណិជ្ជកម្មអូឡាំព្យ៉ា បានអះអាងថា អាជីវកម្មរបស់អ្នកស្រីមានការថមថយតិចតួចប៉ុណ្ណោះ។

បើតាមអ្នកជំនាញអាជីវកម្មរូបនេះ អាជីវកម្មអាចដំណើរការទៅមុខ ឬបិទទ្វារ មិនមែនអាស្រ័យទាំងស្រុងលើស្ថានភាពសង្គមនោះទេ។ វាក៏ស្រ័យលើម្ចាស់អាជីវកម្ម ត្រូវមានភាពច្បាស់លាស់ ហ្មត់ចត់លើការគ្រប់គ្រង និងចាត់ចែងផ្នែក​ហិរញ្ញវត្ថុផងដែរ ដើម្បីគេចចេញពីការក្ស័យធន និងមានភាពក្លាហានក្នុងបិទទ្វារអាជីវកម្ម ចៀសវាងបំណុលវ័ណ្ឌក។

ស្ថាបនិកស៊ីអ៊ីអូ ម៉ាស្ទឺរក្លឹប លោក អោម សេងប៉ូរ៉ា បាន​ក្រើន​រំលឹក​ជា​ដំូបន្មាន​ថា បើមនុស្សអស់ឈាម អស់អុកហ្ស៊ីហ្ស៊ែន គឺត្រូវស្លាប់ហើយ។ ចំណែកអាជីវកម្ម បើអស់លុយ គឺមិនអាចទៅមុខបានទេ ប៉ុន្តែមុននឹងបិទទ្វារ ម្ចាស់អាជីវកម្មគួរព្យាយាមបង្វឹលសាច់ប្រាក់ឱ្យអស់លទ្ធភាពសិន និងកុំខ្លាចខ្មាសគេក្នុងការបិទទ្វារ ហើយស្វែងរកលទ្ធភាពបើកអាជីវកម្មផ្សេងទៀត។

អ្នកជំនាញផ្នែកអាជីវកម្មខាងលើ លើកទឹកចិត្តឲ្យ​ម្ចាស់អាជីវកម្ម ឬអ្នកវិនិយោគ ហ៊ានបោះទុនរកស៊ីបន្ថែមទៀត ប្រសិនបើខ្លួននៅមានលទ្ធភាពគ្រប់គ្រាន។ ការធ្វើបែបនេះ ក៏ជាការចូលរួមចំណែកជម្រុញសេដ្ឋកិច្ចជាតិ​ឲ្យ​បន្តឈានទៅមុខបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម