ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ពាណិជ្ជកម្ម និយាយជុំវិញតម្លៃប្រេងឥន្ធនៈហក់ឡើងបន្តបន្ទាប់នៅដើមឆ្នាំ ២០២៣នេះ
ស្របពេលដែលកំណើនសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញគួរកត់សម្គាល់ តម្លៃប្រេងឥន្ធនៈ ក៏ចាប់ផ្តើមហក់ឡើងថ្លៃដូចគ្នា ដែលធ្វើឱ្យការចំណាយរបស់ពលរដ្ឋកើនឡើងទៅលើមធ្យោបាយធ្វើដំណើរ និងវិស័យផ្សេងៗដែលពឹងផ្អែកលើប្រេងឥន្ធនៈរងផលប៉ះពាល់ពីការឡើងថ្លៃនេះផងដែរ។

ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ចាប់ពីខែមករា រហូតដល់ដើមខែ កុម្ភៈឆ្នាំ ២០២៣នេះ តម្លៃប្រេងសាំងបានឡើងថ្លៃជាបន្តបន្ទាប់ ពោលគឺប្រេងសាំងមានតម្លៃ ៤៥០០រៀល និងប្រេងម៉ាស៊ូត ៤៦៥០រៀល ក្នុងមួយលីត្រ អនុវត្តចាប់ពីពេលនេះ រហូតដល់ថ្ងៃទី ១០ កុម្ភៈ។ នេះបើតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។
លោក សៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់កម្ពុជាថ្មីថា ទាក់ទិននឹងតម្លៃប្រេងនេះ យើងមិនអាចទស្សទាយឱ្យច្បាស់ពីការឡើងថ្លៃ ឬចុះថ្លៃនៃប្រេងឥន្ទន:បានទេ។

លោកបន្ថែមថា ប្រេងឥន្ទនៈដែលប្រើប្រាស់ក្នុងប្រទេសកម្ពុជាសព្វថ្ងៃ សុទ្ធតែនាំចូលពីទីផ្សារបរទេស។ ដូចនេះ ការប្រែប្រួលនៃតម្លៃប្រេងឥន្ទន:ក្នុងស្រុកយើង គឺអាស្រ័យទាំងស្រុងទៅនឹងតម្លៃលើទីផ្សារអន្តរជាតិ។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ទៀតថា កន្លងទៅ ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុននាំចូលប្រេង បានសម្រេចចូលរួមជាមួយរាជរដ្ឋាភិបាលបញ្ចុះតម្លៃប្រេង ២សេនក្នុងមួយលីត្រ។ ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏សម្រេចជួយប្រជាពលរដ្ឋអ្នកជាវប្រេង ចំនួន២ សេន ក្នុងមួយលីត្រផងដែរ ដែលធ្វើឱ្យថ្លៃលក់ប្រេងក្នុងស្រុក ចុះថោកជាងថ្លៃគណនា ចំនួន ៤ សេនក្នុងមួយលីត្រ។ លោកថា ចំណុចនេះ ប្រជាពលរដ្ឋមួយចំនួនមិនបានដឹងទេថា សម្ដេចតេជោ បានជួយចំណាយ ៤ សេន ក្នុងមួយលីត្រប្រេង។

ងាកទៅទីផ្សារអន្តរជាតិឯណោះវិញ គិតត្រឹមថ្ងៃព្រហស្បតិ៍ តម្លៃប្រេងពិភពលោកបានកើនឡើងគួរកត់សម្គាល់ ពោលគឺប្រេងឆៅអន្តរជាតិម៉ាក Brent លក់ក្នុងតម្លៃ ៨៣.៣៨ ដុល្លារក្នុងមួយបារ៉ែល (តម្លៃមុន ៨២.៨៤ ដុល្លារ) កើនឡើង ០.៦៥ ភាគរយ ខណៈក្រុមហ៊ុនប្រេង WTI លក់ក្នុងតម្លៃ ៧៦.៩៧ ដុល្លារក្នុងមួយបារ៉ែល (តម្លៃលក់មុន ៧៦.៤១ ដុល្លារ) កើនឡើង ០.៧៣ ភាគរយ ។ ការកើនឡើងតម្លៃប្រេងនេះ ស្របពេលដែលប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះថ្លៃ។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មួយរូបទៀត បានប្រាប់កម្ពុជាថ្មីកន្លងទៅថា បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។

លោកបានបន្ថែមថា ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?