Connect with us

សេដ្ឋកិច្ច

អ្នកសេដ្ឋកិច្ច ៖ ឆ្នាំ ២០២៣ កម្ពុជា រំពឹងនាំចេញទៅទីផ្សារអាមេរិក អឺរ៉ុប ខណៈទីផ្សារអាស៊ានតិចតួច

បានផុស

នៅ

អ្នកសេដ្ឋកិច្ច មើលឃើញថា កំណើននៃការនាំចេញផលិតផលរបស់កម្ពុជា នៅឆ្នាំ ២០២៣នេះ អាចនាំចេញទៅ​ច្រកទីផ្សារប៉ែកអឺរ៉ុប និងសហរដ្ឋមេរិក ច្រើនជាងនៅក្នុងតំបន់អាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា នៅក្នុងឆ្នាំ ២០២៣នេះ ទីផ្សារដែលកម្ពុជា សង្ឃឹមនាំចេញបានច្រើន គឺទីផ្សារអាមេរិក និងអឺរ៉ុប។ ទីផ្សារអាមេរិក ទទួលទិញផលិតផល​វាយនភណ្ឌកម្ពុជា។ ដោយឡែកនៅទីផ្សារអាស៊ាន លោកបណ្ឌិត ហុង វណ្ណៈ កត់សម្គាល់ឃើញថា ពុំមានការរំពឹង​ច្រើនទេ ដោយសារកម្ពុជា មានតម្រូវការនាំចូលទំនិញពីប្រទេសសមាជិកច្រើនជាងនាំចេញ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ លើកឡើងថា កម្ពុជាគួរធ្វើពិពិធកម្មបន្ថែមទៀត ទៅលើវិស័យសំខាន់ៗ ពិសេសវិស័យ​កសិកម្ម និងឧស្សាហកម្ម ​ដើម្បីបង្កើតផលិតកម្ម ឬសង្វាក់ផ្គត់ផ្គង់ទៅលើផលិតផល​ដែលនាំចេញទៅកាន់ប្រទេសផ្សេងៗ​ក្រៅពីទីផ្សារអាស៊ាន។ លើសពីនេះទៀត លោកបណ្ឌិត ហុង វណ្ណៈ គូសបញ្ជាក់ថា កម្ពុជា ក៏គួរសិក្សាពីផលិតផល​ដែលប្រទេសនៅក្នុងតំបន់អាស៊ានមិនទាន់មាន ដើម្បីធ្វើការផលិតសម្រាប់នាំចេញបំពេញតម្រូវការ។

បើតាមលោកបណ្ឌិត ហុង វណ្ណៈ កម្ពុជា មានកិច្ចសហការល្អជាមួយភាគីចិន អាចទាញប្រយោជន៍នេះ​យកមកអភិវឌ្ឍ​តំបន់កំពង់ផែសំខាន់ៗបន្ថែមទៀត ទាំងផែគោក និងសមុទ្រ ដើម្បីក្លាយជាហាប់ពាណិជ្ជកម្មសម្រាប់ធ្វើការចែកចាយ ​​​​​​​ឬមជ្ឈមណ្ឌលពាណិជ្ជកម្មនាំចូល ហើយធ្វើការវេចខ្ចប់សម្រាប់នាំចេញទៅវិញ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ ទទួលបានថវិកាប្រមាណ ៣ពាន់ ៤រយលានដុល្លារ មានការធ្លាក់ចុះប្រមាណជិត ២៩ភាគរយ នៅក្នុងខែមករា ឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំ ២០២២។

ក្នុងនោះ ប្រទេសចិនជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេបំផុតរបស់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មសរុបជិត ១ពាន់លាន​​ដុល្លារ ធ្លាក់ចុះជាង ១៨ភាគរយ។ រីឯអាមេរិក ឈរនៅចំណាត់ថ្នាក់ពី២ មានទំហំពាណិជ្ជកម្មជាមួយកម្ពុជាជិត ៦រយលានដុល្លារ ធ្លាក់ចុះ ២៣ភាគរយ បន្ទាប់ពីនេះ គឺប្រទេស វៀតណាម ថៃ និងជប៉ុន គឺសុទ្ធតែ​មានការធ្លាក់​ចុះដូចគ្នា។

បើតាមអ្នកជំនាញសេដ្ឋកិច្ច ការធ្លាក់ចុះនេះ ដោយសារមានការកាត់បន្ថយការចំណាយផ្សេងៗនៅលើសកលលោក ក្រោយសេដ្ឋកិច្ចបានរងការរង្គោះរង្គើ ដោយវិបត្តិសង្រ្គាមនៅអ៊ុយក្រែន បញ្ហាភូមិសាស្រ្តនយោបាយ និងវិបត្តិជំងឺកូវីដ-១៩ ជាដើម។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច​ នៅរាជ​បណ្ឌិត្យសភាកម្ពុជា​ មើលឃើញថា ចំពោះការធ្លាក់ចុះ​នៃពាណិជ្ជកម្មកម្ពុជា ជាមួយទីផ្សារអន្តរជាតិនេះ មិនអាចកំណត់ថា សេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះនោះទេ។ លោកបន្តដូច្នេះថា« ស្ថានការនៅដើមឆ្នាំ ២០២៣ ទើបតែខែ១ យើងមិនអាចនិយាយបានថា វាធ្លាក់ចុះសេដ្ឋកិច្ច ឬកើនសេដ្ឋកិច្ចបាន​នៅឡើយទេ យើងត្រូវរង់ចាំយ៉ាងហោចណាស់ ក៏មួយត្រីមាសដែរ»។

សូមបញ្ជាក់ថា បច្ចុប្បន្នេះ មុខទំនិញ សំខាន់ៗ ដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមមាន ផលិតផលវាយ​នភណ្ឌកាត់​ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ, ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក អគ្គិសនី ផលិតផលកង់ និងផ្សេងៗមួយចំនួនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម