សេដ្ឋកិច្ច
រដ្ឋមន្រ្តីក្រសួងកសិកម្មជំរុញបង្កើនការផលិតទឹកដោះគោស្រស់ផ្គត់ផ្គង់ក្នុងស្រុក ដើម្បីផ្តល់អាហារូបត្ថម្ភដល់ពលរដ្ឋខ្មែរ
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថា រាជរដ្ឋាភិបាល បានជំរុញ និងយកចិត្តទុកដាក់ផ្តល់សិទ្ធិវិនិយោគទាំងក្រុមហ៊ុនធំ និងតូច លើការផលិតទឹកដោះគោស្រស់ដែលមានគុណភាព ដើម្បីអភិវឌ្ឍសុខភាពតាមរយៈការពង្រីកអាហារូបត្ថម្ភដល់ប្រជាពលរដ្ឋទូទៅ។ រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកឡើងបែបនេះ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់កសិដ្ឋានគិរីសួគ៌ ដែលជាកន្លែងចិញ្ចឹមគោយកទឹកដោះដ៏ធំជាងគេ និងបច្ចេកទេសទំនើបបំផុតនៅកម្ពុជា នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ឌិត ទីណា បានសិក្សាស្វែងយល់នៅផ្នែកនីមួយៗ នៃសង្វាក់ផលិតកម្មចិញ្ចឹមគោតាំងពីដើមដល់ចប់ ដោយផ្ដើមពីផ្នែកដាំដុះច្រូតកាត់ស្មៅដោយម៉ាស៊ីនគ្រឿងចក្រ ផ្នែកចម្ការពោត ចម្ការស្មៅម៉ុមបាសាស្រោចស្រពដោយប្រព័ន្ធទឹកស្វ័យប្រវត្តិ ការកែច្នៃចំណីសត្វសម្បូរជីវជាតិ ការកែច្នៃផលិត រហូតដល់ច្រកដបវេចខ្ចប់ជាផលិតផលសម្រេច។

លោក ឌិត ទីណា បានលើកឡើងថា «ការចិញ្ចឹមគោយកទឹកដោះ ស្របតាមបច្ចេកទេសរបស់ប្រទេសអ៊ីស្រាអែលដែលមានបច្ចេកទេសច្បាស់លាស់នេះ បានជួយពង្រីកអាហាររូបត្ថមល្អសម្រាប់ប្រជាពលរដ្ឋ ដោយធ្វើឲ្យក្មេងៗធំធាត់ក្លាយទៅជាកីឡាករ អាចក្លាយជាអ្នកស្រាវជ្រាវដែលមានខួរក្បាលល្អ នៅពេលដែលពួកគេទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់តាំងពីតូច។ ដូច្នេះការអនុញ្ញាតឲ្យមានការវិនិយោគលើទឹកដោះគោ គឺជាផ្នែកមួយសំខាន់ណាស់។ នេះជាការបន្ថែមរបស់លោក ឌិត ទីណា។
ជាមួយគ្នានេះ អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វលោក តាន់ ផាន់ណារ៉ា បានឲ្យដឹងថា កសិដ្ឋានគិរីសួគ៌ គឺកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដែលធំជាងគេក្នុងចំណោមកសិដ្ឋាន ៤ ទៅ ៥កន្លែងនៅទូទាំងប្រទេសកម្ពុជា។ លោកបានលើកឡើងដូច្នេះថា «នៅកន្លែងនេះកសិដ្ឋានធំជាងគេ ហើយល្អជាងគេ ព្រោះអនាម័យ គឺវាត្រូវទៅតាមស្ដង់ដាររបស់គេ គឺមាន GMP និង HACPP ទៀត មានន័យថា ស្របទៅតាមស្ដង់ដារអន្ដរជាតិហើយ»។
លោក ជី សិលា សហស្ថាបនិកកសិដ្ឋានគិរីសួគ៌ បានឲ្យដឹងថា កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ស្ថិតនៅភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ បានដំណើរការរយៈពេលជាង ៤ឆ្នាំមកហើយតាំងពីផ្ដើមការសាងសង់រហូតដល់ទទួលបានតំណក់ទឹកដោះគោដំបូង។ កសិដ្ឋានក៏បានលក់ចែកចាយផលិតផលរបស់ខ្លួនមានទឹកដោះគោស្រស់ និងយ៉ាអួ ច្រើនរសជាតិ នៅលើទីផ្សារ តាមផ្សារទំនើប ផ្សារធម្មតា ប្រហែលបីពាន់កន្លែង ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង។

លោក ជី សិលា បានបន្តថា៖ «យើងគិតថា វាជាការជោគជ័យមួយជំហាន ដែលយើងបានឈរក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកមួយ ហើយក៏ជាកសិដ្ឋានផលិតទឹកដោះគោទី១ ដែលយើងមានទំហំចែកធំ ហើយមានការផលិតធំ»។
លោកបានបញ្ជាក់ទៀតថា៖ «យើងមិនត្រឹមតែថាប្រើម៉ាស៊ីនច្រើនទេ យើងថែមទាំងប្រើផ្នែក Big Data Technology ដូចជា AI ដើម្បីឱ្យដឹងថា គោមានជំងឺ ឬក៏សុខភាពល្អ ឬក៏ផឹកទឹក មិនផឹកទឹក ហើយសូម្បីតែការស្រោចស្រពដំណាំរបស់យើងគឺយើងប្រើបច្ចេកវិទ្យាតាម IOT ( Internet of Thing)»។
សូមបញ្ជាក់ថា សត្វគោដែលចិញ្ចឹមនៅកសិដ្ឋានគិរីសួគ៌ ត្រូវបានដឹកតាមយន្តហោះពីអូស្ត្រាលីចំនួន ៥០០ជាងក្បាលមកកម្ពុជា។ មកដល់សព្វថ្ងៃនេះ សត្វគោបានកើតកូនចៅរហូតដល់ជំនាន់ទី៣ហើយ ដោយចំនួនសរុបមានជាង ១ពាន់ក្បាល។
បើតាមលោក ជី សិលា ក្នុង១ថ្ងៃ កសិដ្ឋានគិរីសួគ៌ផលិតទឹកដោះគោស្រស់ បានប្រហែលពី ១២០០០ ទៅ ១៥០០០លីត្រ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទីផ្សារ។ ថ្មីៗនេះក្រុមហ៊ុនខ្មែរហ្វ្រេស មីល ឯ.ក បានផលិតនូវប័រ និងក្រែមទឹកដោះគោ ហើយក៏គ្រោងនឹងផលិតទឹកដោះគោរក្សាទុកបាន និងយ៉ាអួប្រភេទផឹកបានផងដែរ។

លោក ជី សិលា បានសង្កត់ធ្ងន់ថា៖ «ក្ដីស្រមៃរបស់ខ្ញុំ ខ្ញុំគិតថា ខ្ញុំចង់ឱ្យមានឱកាសអញ្ជើញថ្នាក់ដឹកនាំ រដ្ឋមន្ត្រីឱ្យបានកាន់តែច្រើន ឱ្យបានចូលរួម ជាពិសេសរដ្ឋមន្ត្រីក្រសួងកសិកម្ម បើអាចសម្ដេចនាយករដ្ឋមន្ត្រីលោកអាចមកទស្សនកិច្ចនៅកសិដ្ឋានទឹកដោះគោយើងគឺកាន់តែប្រពៃមែនទែន»៕


-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?