សេដ្ឋកិច្ច
តើចិន នឹងចូលមកវិនិយោគនៅកម្ពុជា ឡើងវិញពេលណា?
ចាប់តាំងពីកើតមានវិបត្តិកូវីដ-១៩ រហូតមកដល់ពេលនេះ វិនិយោគិនចិន ហាក់មិនទាន់មានវត្តមានច្រើននៅឡើយ ចូលមកវិនិយោគនៅកម្ពុជា។

អ្នកសេដ្ឋកិច្ច បានលើកឡើងថា ភាពមិនច្បាស់លាស់នៃសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន អាចបង្កហានិភ័យណាមួយកើតឡើង ដូច្នេះរាល់ការវិនិយោគទាំងអស់ ត្រូវរង់ចាំមើលទៅលើសភាពការនៃវិបត្តិទាំងនេះ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា វិបត្តិបង្កឡើងដោយមហាអំណាចរុញច្រានគ្នា ធ្វើឱ្យកើតមានភាពមិនច្បាស់លាស់សេដ្ឋកិច្ចសកល។ ហេតុដូច្នេះហើយ ការព្យាករណ៍អំពីវិនិយោគិនចិន ហូរចូលមកកម្ពុជា ក៏មិនអាចទស្សទាយបានឡើយ។ ប៉ុន្តែលោកបណ្ឌិត គី សេរីវឌ្ឍន៍ បានទាញហេតុផល តាមរយៈទឡ្ហីករណ៍មួយចំនួន ដោយរំពឹងថា ចិននឹងចូលមកវិនិយោគនៅកម្ពុជាឡើងវិញ នាឆ្នាំ ២០២៥ខាងមុខ។ តាមរយៈទឡ្ហីករណ៍នេះ លោក គី សេរីវឌ្ឍន៍ មើលឃើញថា សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន នឹងមិនអាចអូសបន្លាយវែងឆ្ងាយទៅមុខទៀតទេ ព្រោះបញ្ហាដែលធ្ងន់ធ្ងរជាងនេះទៀត គឺវិបត្តិនៅអឺរ៉ុប ដែលរងគ្រោះដោយសារបាត់បង់ប្រាក់ចំណូល។

លើសពីនេះទៀត មូលហេតុដែលនាំឱ្យចិន បន្តចូលមកវិនិយោគនៅពេលខាងមុខ គឺទាក់ទិននឹងការអភិវឌ្ឍអគារជាប់គាំងនៅខេត្តព្រះសីហនុ។ លោកបណ្ឌិត បានលើកឡើងដូច្នេះថា« អគារច្រើនណាស់ជាទ្រព្យសម្បត្តិរបស់ចិនដែលនៅកំពង់សោម ទ្រព្យសម្បត្តិទាំងអស់នេះ គេមិនទុកចោលនោះទេ គេ(ចិន) នឹងស្វែងរកដំណោះស្រាយ ដើម្បីរុញឱ្យអគារទាំងអស់នេះមកប្រើឡើងវិញ ដូច្នេះវិនិយោគចិន នឹងអាចត្រឡប់មកវិញ»។
លោកបណ្ឌិត សង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងកម្ពុជា ចិន មិនអាចខ្វះគ្នាបានឡើយ ពិសេសលើការវិនិយោគ។ ការវិនិយោគរបស់ចិន នៅកម្ពុជាមានសារៈសំខាន់ ពោលគឺពលរដ្ឋខ្មែរជាង ១លាននាក់ បម្រើក្នុងវិស័យកាត់ដេរ គឺកើតឡើងពីការវិនិយោគភាគច្រើនរបស់ចិន។ លោកលើកឡើងទៀតថា ពាណិជ្ជកម្មកម្ពុជា ចិន កើនឡើងជិត ១២ពាន់លានដុល្លារ នៅឆ្នាំ ២២០២២ បើទោះជាស្ថិតក្នុងវិបត្តិកូវីដ។
អ្នកសេដ្ឋកិច្ចរូបនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជា កំពុងមានកំណើន ទោះជាមានវិបត្តិនានាក៏ដោយ ភាពធន់ និងរឹងមាំរបស់កម្ពុជា នៅតែដើរបានក្រោមនយោបាយរបស់រាជរដ្ឋាភិបាល ឆ្លុះបញ្ចាំងតាមរយៈពលរដ្ឋនៅតែមានការងារធ្វើ កំណើនវិនិយោគនៅតែមាន ពោលគឺមានរោងចក្រកើន ១៤៨ ដែលបើកដំណើរការថ្មី ខណៈការបិទមានចំនួនតែជាង ៨០រោងចក្រ ប៉ុណ្ណោះ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ