ឆ្នាំ​២០២០​ កម្ពុជា​នាំចូល​បន្លែ​ដែលមិនអាចផលិតបាន​ជិត​៣៣​ម៉ឺន​តោន​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ឆ្នាំ​២០២០​ កម្ពុជា​នាំចូល​បន្លែ​ដែលមិនអាចផលិតបាន​ជិត​៣៣​ម៉ឺន​តោន​

Published

on

​​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ឲ្យ​ដឹងថា​ នៅ​ឆ្នាំ​២០២០​ កម្ពុជា​បាន​នាំ​ចូល​បន្លែ​ពី​ក្រៅ​ប្រទេស​ សរុប​ចំនួន​៣២៩ ៦១២​តោន​ ដែល​ភាគច្រើន​ ជា​បន្លែ​ដែល​កម្ពុជា​មិន​អាច​ផលិត​បាន​។​

តាម​របាយការណ៍​ដដែល​បាន​បន្តថា ​តាម​ការប៉ាន់ស្មាន​តម្រូវការ​បន្លែ​នៅ​ក្នុង​ឆ្នាំ​២០២០ មាន​ចំនួន​សរុប១ ០៤៥ ៧២៥​តោន​ ហើយ​ជាក់ស្តែង​ផលិតកម្ម​បន្លែ​ក្នុងស្រុក​មានលទ្ធភាព​ផ្គត់ផ្គង់​ប្រមាណ​ត្រឹមតែ៧១៦១១៣​តោន ស្មើនឹង ៦៨% ក្នុងនោះនៅ​រដូវប្រាំង៦៩% និង​រដូវរំហើយ៧៥%​ខណៈ​នៅ​ឆ្នាំ​២០១៩ ផលិត​បាន​បន្លែ​ចំនួន​៦៨១០​៩៩​​តោន​ លើ​ផ្ទៃដី​ផលិតកម្ម​ដំណាំ​បន្លែ​សរុប​ទូទាំងប្រទេស​ ចំនួន៥៧២០៨​ហិកតា​។​

របាយការណ៍​បានលើកឡើងថា កម្ពុជា​ចាំបាច់​ត្រូវ​នាំចូល​បន្លែ​សរុប​ចំនួន៣២៩ ៦១២​តោន​ ដែល​ភាគ​ច្រើន​កម្ពុជា​មិន​អាច​ផលិត​បាន​ សម្រាប់​ផ្គត់ផ្គង់​ដល់​អ្នកប្រើប្រាស់​ឲ្យ​បាន​គ្រប់​គ្រាន់​ទៅតាម​តម្រូវ​ការ​។​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ ​បាន​ជំរុញ​លើកទឹកចិត្ត និង​គាំទ្រ​ឲ្យ​ប្រជាពលរដ្ឋ​ខិតខំ​យកចិត្តទុកដាក់​បង្កើន​ការដាំដុះ​បន្លែ​ក្នុងស្រុក ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ជួយ​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ បង្កើត​ការងារ និង​ឆក់យក​កាលានុវត្តភាព​ ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​នៃ​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ដើម្បី​ពង្រីក​សក្តានុពល​ផលិតកម្ម​បន្លែ​សុ​វត្តិភាព ឈានទៅ​កាត់បន្ថយ​ការនាំ​ចូល ។​

លោក​រដ្ឋមន្ត្រី​ បាន​ប​ន្តថា​ ឆ្លើយតប​ទៅតាម​សេចក្តីត្រូវការ​ចាំបាច់​នេះ​ ក្រសួងកសិកម្ម​ ដែលមាន​អគ្គ​នាយកដ្ឋាន​កសិកម្ម​ ជា​សេនាធិការ​ ដោយ​ទទួលបាន​ការគាំទ្រ​ទាន់ពេលវេលា​ពី​រាជរដ្ឋាភិបាល​តាម​រយៈក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ និង​ដៃគូ​អភិវឌ្ឍន៍​ ជាពិសេសមូនិ​ធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម ​កំពុង​ជំរុញគាំទ្រ​ និង​លើកទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន រួមជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជា​ច្រើន​ដូចជា​គម្រោង​កម្មវិធី ASPIRE, CASDP, LEAP, និង CHAIN អនុវត្ត​គម្រោង​ផលិតកម្ម​បន្លែ​សុវត្ថិ​ភាព​ ជាមួយ​កសិក​រ​ និង​ដៃគូរ​នានា​ នៅ​ទូទាំងប្រទេស​។​

លោក​រដ្ឋមន្ត្រី​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ តាមរយៈកិច្ចសហការ​ដ៏​ល្អ អនាគត​ដ៏​ខ្លី​កម្ពុជា​នឹង​មាន​បន្លែ​សុវត្ថិ​ភាព​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទី​ផ្សា​ក្នុងស្រុក​ និង​ធ្វើការ​នាំចេញ​។​

លោក​រដ្ឋមន្ត្រី​បាន​ប​ញ្ជាក់ថា ​​ក្រសួង​​បាន​គិតគូរ​យកចិត្តទុកដាក់​សិក្សា​ស្រាវជ្រាវ​ផងដែរ​ អំពី​លទ្ធ​ភាព​ពង្រីក​នៃ​ការផលិត​បន្លែ​សំខាន់ៗ​មួយចំនួន​ដូចជា​ ស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង និង​មើម​ខ្ទឹមស​។​ល​។ នៅ​ខេត្ត​មណ្ឌល​គី​រី​ ដែលជា​ខេត្ត​មាន​លក្ខណៈ​ភូមិសាស្ត្រ​ និង​សក្តានុពល​ ក្នុង​ការ​ផលិត​បន្លែ​សំខាន់ៗ​ទាំងនេះ​ ដើម្បី​រួមចំណែក​បំពេញបន្ថែម​សេចក្តីត្រូវការ​។​

គួរ​បញ្ជាក់ថា ​ដើម្បី​ចូលរួម​លើកកម្ពស់​គុណភាព​ផលិត ប្រសិទ្ធភាព​សេដ្ឋកិច្ច​ផ្តល់​ភាពយុត្តិធម៌ និង​ជំនឿ​ទុកចិត្ត​ដល់​អ្នក​បរិភោគ អគ្គនាយកដ្ឋាន​កសិក​ម្ម​សហការ​ជាមួយ​មន្ទីរ​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត​ ធ្វើការ​បណ្តុះបណ្តាល​ស្តីពី​គោលការណ៍​កសិកម្ម​ល្អ​លើ​ដំណាំ​បន្លែ (GAP)

​គោលការណ៍​បច្ចេកទេស​សរីរាង្គ ប​ចេ្ច​ក​ទេស​ដាំ​ដុះ​បន្លែ​ទំនើប​តាម​គោលការណ៍ GAPនិង​សរីរាង្គ លក្ខណៈ​ទូទៅ​នៃ​ការគ្រប់គ្រង​ចម្ការ ការគ្រប់គ្រង​ធាតុ​ចូល​កសិកម្ម​ ការទប់ស្កាត់​ការចម្លង​ពី​កត្តា​ចង្រៃ និង​វិធីសាស្ត្រ​កំចាត់​កត្តាចង្រៃ​តាមបែប​ជីវសាស្ត្រ​ បច្ចេកទេស​ប្រមូល​ផល និង​ក្រោយពេល​ប្រមូល​ផល​ និង​នីតិវិធី​ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ ការអនុវត្ត​កសិកម្ម​ល្អ (GAP)និង​សរីរាង្គ​៕​

អត្ថបទ ៖ សំអឿន​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម