សេដ្ឋកិច្ច
អ្នកសេដ្ឋកិច្ច ៖ វិនិយោគិនបរទេសនឹងមានទំនុកចិត្តខ្លាំងលើកម្ពុជា ក្រោយដកចេញពីបញ្ជីប្រផេះនៃការលាងលុយកខ្វក់
ប្រទេសកម្ពុជាត្រូវបានដកចេញជាផ្លូវការពី «បញ្ជីប្រផេះនៃការលាងលុយកខ្វក់» នៃក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ ប្រឆាំងការសម្អាតប្រាក់ (FATF) កាលពីពេលថ្មីៗនេះ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សាទរចំពោះការដកកម្ពុជា ចេញពីបញ្ជីប្រផេះនេះ។ លោកមើលឃើញថា ការដកចេញនេះ នឹងទទួលបានផលប្រយោជន៍ច្រើន ខណៈកម្ពុជា កំពុងមានការនាំចេញផលិតផលដែលជាវត្ថុធាតុដើមសម្រាប់កែច្នៃទៅបរទេសច្រើន ដោយមិនមានការបារម្ភអំពីការផ្ទេរជាប្រាក់ដុល្លារចូលប្រទេសវិញ។ លើសពីនេះទៀត លោកបញ្ជាក់ថា អ្នកវិនិយោគបរទេស នឹងមានទំនុកចិត្តកាន់តែខ្លាំង មកលើកម្ពុជាថែមទៀត។

ដូចគ្នានេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការជាប់ក្នុងបញ្ជីប្រផេះ ជាប្រទេសលាងលុយកខ្វក់ធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាខ្លាំង។ លោកថា ការដាក់ប្រទេសកម្ពុជា ក្នុងបញ្ជីពណ៌ប្រផេះ ឬខ្មៅ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកិត្យានុភាព ខណៈកម្ពុជា មិនមែនជាប្រទេសបង្កឱកាសដល់ការលាងលុយផងនោះ ដែលនេះអយុត្តិធម៌សម្រាប់កម្ពុជា។
ចំពោះការដកចេញពីបញ្ជីប្រផេះនេះ លោកថា បានជួយឱ្យកម្ពុជា ប្រែមុខមាត់ថ្មី ដោយមានទំនុកចិត្តពីសំណាក់អ្នកវិនិយោគិនបរទេសត្រឡប់មកវិញ ជាពិសេសធ្វើឱ្យកម្ពុជា ទទួលបានកាលានុវត្តភាពអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការវិនិយោគពីក្រៅប្រទេស។

លើសពីនេះទៀត ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា នឹងកាន់តែមានទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ថែមទៀត។ ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ មើលឃើញថា បរិយាកាសពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិកាន់តែល្អប្រសើរឡើង ពិសេសនឹងជំរុញការផលិតនាំចេញបង្កើនប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិផងដែរ។
ថ្លែងនៅក្នុងពិធីបើកសន្និបាតក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែកម្ភៈ ឆ្នាំ២០២៣ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា កម្ពុជា នឹងដាក់ចេញទិសដៅការងារគន្លឹះបន្តទៀត ដើម្បីការពារនូវលទ្ធផលល្អនេះឱ្យបានជារៀងរហូត ពោលគឺមិនបណ្ដោយឱ្យកម្ពុជា វិលមកធ្លាក់ក្នុងបញ្ជីប្រផេះលើការងារប្រឆាំងការសម្អាតប្រាក់ជាថ្មីទៀតឡើយ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានក្រើនរម្លឹកដល់ភាគីពាក់ព័ន្ធទាំងអស់ មិនត្រូវមានមោទកភាពជ្រុល រហូតបោះបង់ចោលកិច្ចការងារប្រឆាំងការសម្អាតប្រាក់ និងត្រូវខិតខំប្រឹងប្រែងរួមសាមគ្គីគ្នា បន្តការងារនេះបន្ថែមទៀត។
សូមបញ្ជាក់ថា ប្រទេសចំនួន ៣ នៅតែស្ថិតក្នុងបញ្ជីខ្មៅរបស់ FATF រួមមាន កូរ៉េខាងជើង អ៊ីរ៉ង់ និងមីយ៉ាន់ម៉ា ខណៈដែលប្រទេសជាង២០ នៅតែស្ថិតក្នុងបញ្ជីប្រផេះ។ ដោយឡែក កម្ពុជា និងប្រទេសម៉ារ៉ុក លែងជាកម្មវត្ថុនៃការបង្កើនការត្រួតពិនិត្យដោយ FATF ទៀតហើយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ FATF៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៤ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន