សេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ការប្រើប្រាក់រៀលជួយពង្រឹងសេដ្ឋកិច្ច និងអធិបតេយ្យភាពជាតិរឹងមាំ
មន្ត្រីជាន់ខ្ពស់ នៃធនាគារជាតិកម្ពុជា បានអះអាងថា ការប្រើប្រាស់ប្រាក់រៀល នឹងជួយពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងអធិបតេយ្យភាពជាតិឱ្យកាន់តែមានភាពរឹងមាំថែមទៀត។

ថ្លែងក្នុងសិក្ខាសាលាស្តីពី សារសំខាន់ នៃហិរញ្ញវត្ថុ ដែលរៀបចំដោយពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នៅព្រឹកថ្ងៃទី៣មីនា លោកស្រីបណ្ឌិត ជា សិរី អគ្គនាយកបច្ចេកទេស នៃ ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយវត្ថុជាតិ នឹងនាំមកនូវគុណប្រយោជន៍យ៉ាងច្រើនឥតដែនកំណត់សម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្មនិងអធិបតេយ្យភាពជាតិជាដើម ។ ដូចនេះប្រជាពលរដ្ឋ គប្បីប្រើប្រាស់ប្រាក់រៀលក្នុងគ្រប់ទិដ្ឋភាពឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។

លោកស្រី បានបន្តទៀតថា សម្រាប់កម្ពុជា ការប្រើប្រាស់ប្រាក់រៀលតែមួយគត់ នឹងលើកកម្ពស់ប្រសិទ្ធភាពនយោបាយរូបិយវត្ថុ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើនប្រកបដោយបរិយាបន្នដូចពាក្យស្លោកមួយបានពោលថា ប្រាក់រៀលតែមួយ លើកស្ទួយទីផ្សារ ផ្លែផ្កាសេដ្ឋកិច្ច។
លោកស្រី ជា សិរី បានពន្យល់ថា« នៅលើក្រដាសប្រាក់តែងតែមានរូបភាពប្រាង្គប្រាសាទ ព្រះមហាក្សត្រ និងវីរៈបុរសជាតិ ហើយការចាយវាយប្រាក់រៀលដល់ទីណា ប្រៀបបាននឹងការបង្ហាញថា ទឹកដីកម្ពុជា ទៅដល់ទីនោះ ។ ដូចនេះ ការចាយវាយប្រាក់រៀលកាន់តែទូលំទូលាយ បានសេចក្តីថា ជាការពង្រីកអធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរឱ្យកាន់តែរឹងមាំ »។
ការប្រើប្រាស់ប្រាក់រៀល គឺជាការរក្សាស្ថិរភាពថ្លៃ ពោលគឺ ការគ្រប់គ្រង ការផ្គត់ផ្គង់រូបិយវត្ថុនៅលើទីផ្សារឱ្យសមស្របតាមតម្រូវការ នឹងធានាបាននូវស្ថិរភាពតម្លៃមួយ ដែលអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ ការប្រើប្រាស់ប្រាក់រៀល តែមួយនឹងជួយឱ្យអ្នកលក់ និងអ្នកទិញ មិនចាំបាច់ចំណាយពេលវេលា និងកម្រៃក្នុងការដោះដូររូបបិយប័ណ្ណទៅវិញទៅមក , ចរាចរណ៍ប្រាក់រៀលទូលំទូលាយ នឹងសម្រួលដល់ការគ្រប់គ្រងតម្លៃប្រាក់រៀលប្រកបដោយការបត់បែន និងប្រសិទ្ធភាពខ្ពស់ ដែលនឹងសម្រួលដល់ពាណិជ្ជកម្ម និងលើកកម្ពស់ភាពប្រកួតប្រជែង នៃការនាំចេញ។ នេះជាការបន្ថែមរបស់លោកស្រី ជា សិរី។
មន្រ្តីជាន់ខ្ពស់រូបនេះ មើលឃើញថា ដោយសារប្រជាពលរដ្ឋនៅតាមទីជនបទមានចំណូលភាគច្រើន គឺជាប្រាក់រៀល ដូច្នេះការលើកកម្ពស់ប្រើប្រាស់ប្រាក់រៀល នឹងផ្តល់ផលប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋទាំងនោះ។
បើតាមលោកស្រី ជា សិរី រូបិយវត្ថុដូចជាប្រាក់រៀលមានមុខងារចំនួន៣គឺ ទី១. ជាខ្នាតវាស់តម្លៃ សម្រួលដល់ការកំណត់តម្លៃទំនិញនិងសេវាផ្សេងៗមុនពេលដោះដូរ,ទី២.មធ្យោបាយដោះដូរ សម្រួលដល់ការទូទាត់ និងការធ្វើពាណិជ្ជកម្មទំនិញ សេវា និងទី៣.ឧបករណ៍រក្សាតម្លៃសម្រាប់សន្សំទុកប្រើប្រាស់នៅពេលអនាគត ។ លើសពីនេះ រូបិយវត្ថុ បានដោះស្រាយបញ្ហាដែលកើតមាននៅក្នុងសេដ្ឋកិច្ច ដោះដូរទំនិញ និងទំនិញជាដើម ព្រោះថា រូបិយវត្ថុប្រៀបបានទៅនឹងប្រេងរំអិលក្នុងការសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?