លោក ប៉ាន សូរស័ក្ក រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ចង់កែប្រែដំណាំដំឡូងមី ឲ្យក្លាយជាមាស ស ជំនួសអង្ករទៅថ្ងៃអនាគត។
ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយជាផ្លូវការគោលនយោបាយជាតិ ស្តីពីដំឡូងមីនៅថ្ងៃទី១៤ ខែមករានេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ការជំរុញឲ្យដំឡូងមី ក្លាយជាមាស ស ជំនួសអង្ករនេះ គឺធ្វើឡើងតាមរយៈ កំណត់ទីផ្សារនាំចេញឱ្យច្បាស់លាស់ ជំរុញឱ្យមានវិនិយោគពីវិស័យឯកជន ដើម្បីមានការកែច្នៃក្នុងស្រុក សម្រាប់នាំចេញដោយផ្ទាល់ទៅប្រទេសនានា ដែលមានតម្រូវការដូចជាប្រទេសចិនជាដើម»។
លោករដ្ឋមន្ត្រី បានបន្តថា ក្រសួង នឹងជំរុញការផ្លាស់ប្តូរពីការដាំលក្ខណៈប្រពៃណី ឬគ្រួសារ ឱ្យទៅជាផលិតកម្មដំឡូងមី បែបពាណិជ្ជកម្ម និងអនុវត្តតាមគោលការណ៍បច្ចេកទេស ដែលកសិករអាចទទួលបានប្រាក់ចំណូលក្នុងបរិបទដែលថ្លៃដំឡូងមីប្រែប្រួល ការប្រើប្រាស់ដីប្រកបដោយនិរន្តរភាព និងធន់នឹងអាកាសធាតុ។
លោករដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងនឹងជួយគាំទ្រ ដល់ការកែច្នៃផលិតដំឡូងមីឱ្យមានសក្ដានុពល និងទាក់ទាញវិនិយោគ ដើម្បីកែច្នៃផលិតផលដំឡូងមី ដែលមានតម្លៃបន្ថែមសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងលើកកម្ពស់ការប្រកួតប្រជែងពាណិជ្ជកម្ម កាត់បន្ថយការចំណាយដែលមិនចាំបាច់ និងផ្សារភ្ជាប់ទៅនឹងអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា នាពេលខាងមុខក្រសួង នឹងបង្កើតក្រុមការងារចុះពិនិត្យមើលពីបញ្ហាប្រឈម របស់កសិករ និងសិក្សាពីតំបន់មួយចំនួន ដែលមានសក្ដានុពលលើការដាំដំណាំដំឡូងមីនេះ ដូចជាតំបន់នៅប៉ែកឦសាន និងខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ដើម្បីជំរុញការដាំដុះឱ្យកាន់តែច្រើន ។
របាយការណ៍បានឱ្យដឹងថា ដំឡូងមី គឺជាដំណាំកសិ-ឧស្សាហកម្ម និងជាផលិតផលនាំចេញដ៏សំខាន់របស់កម្ពុជា ដែលបានរួមចំណែកពី៣% ទៅ៤% នៃផលិតផលក្នុងស្រុកសរុប ។
ក្នុងមួយឆ្នាំៗវិស័យដំឡូងមី បានទទួលបានការវិនិយោគជាទឹកប្រាក់ប្រមាណ៣០០លានដុល្លារអាមេរិកទៅលើការដាំដុះ និងកែច្នៃទៅជាម្ស៉ៅ ដែលបច្ចុប្បន្ននេះ មានជាង១០រោងចក្រ នៅក្នុងខេត្តមួយចំនួនដូចជាប៉ៃលិន ក្រចេះ បាត់ដំបងជាដើម ហើយភាគច្រើនមានការវិនិយោគពីប្រទេសចិន ។
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២០ កម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីចំនួនជាង៦២៨ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួនជាង៥៨២ពាន់ហិកតា ទទួលបានទិន្នផលជាង១២លានតោន ដោយទទូលបានទិន្នផលជាមធ្យមចំនួនជាង២០តោន ក្នុង១ហិកតា៕
អត្ថបទ ៖ សំអឿន