ព័ត៌មានជាតិ
មកដឹងមូលហេតុ នាំឱ្យខេត្តកំពង់ស្ពឺទាក់ទាញបានអ្នកវិនិយោគវិស័យរោងចក្រច្រើនបំផុត ដើមឆ្នាំ ២០២៣
ខេត្តកំពង់ស្ពឺ បាននិងកំពុងប្រែមុខមាត់ថ្មី នៅសម័យដឹកនាំដោយលោក វ៉ី សំណាង ជាអភិបាលខេត្ត។ ត្រឹមដើមឆ្នាំ ២០២៣ ខេត្តនេះ ទទួលបានគម្រោងបង្កើតរោងចក្រសហគ្រាសជិត ១០ ដែលសុទ្ធសឹងជាគម្រោងធំៗ សរុបមានតម្លៃរាប់សិបលានដុល្លារ ដោយបានផ្តល់ការងារដល់ពលរដ្ឋក្នុងតំបន់រាប់ម៉ឺននាក់។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់កម្ពុជាថ្មីថា ក្នុងនាមរដ្ឋបាលខេត្ត នឹងជួយសម្រួលដល់អ្នកវិនិយោគគ្រប់កិច្ចការងារទាំងអស់ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់វិនិយោគិនទាំងកិច្ចការរដ្ឋបាល និងសន្តិសុខសុវត្ថិភាព ដោយមិនបង្កឱ្យមានភាពស្មុគ្រស្មាញឡើយ។
លោកថ្លែងដូច្នេះថា« ជាទឹកចិត្ត គឺបើកទូលាយ ដោយមិនខ្វល់ថាអ្នកមកពីប្រទេសណាទេ សំខាន់ឱ្យតែគាត់មានគំនិតចង់មករកទទួលទាននៅក្នុងខេត្តកំពង់ស្ពឺ គឺយើងស្វាគមន៍ដោយរីករាយ និងរង់ចាំជួយអ្នកវិនិយោគទាំងអស់»។

បើតាមការលើកឡើងរបស់លោក វ៉ី សំណាង កាលពីពេលថ្មីៗនេះ អ្នកវិនិយោគិនហុងកុង មានគម្រោងបង្កើតរោងចក្រកាបូ នៅខេត្តកំពង់ស្ពឺ ដែលត្រូវការកម្លាំងពលកម្មប្រមាណ ១២០០០នាក់។ ជាមួយគ្នានេះ រោងចក្រផលិតស្បែកជើងដ៏ធំមួយរបស់ចិន ដែលមានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ា ក៏បានសម្រេចចិត្តរើទីតាំងរបស់ខ្លួនពីមីយ៉ាន់ម៉ា មកវិនិយោគផលិតស្បែកជើងនៅខេត្តកំពង់ស្ពឺ ផងដែរ។ មូលហេតុនៃការរើទីតាំងនេះ ដោយសារបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ខណៈដែលកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀត ក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា។
ថ្លែងទៅកាន់រដ្ឋមន្រ្តីក្រសួងការងារ នៅថ្ងៃទី ១៣ មីនា លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ បានបញ្ជាក់ថា ក្រុមហ៊ុនមានបំណងស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិតស្បែកជើងនៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គ្រោងនឹងបើកដំណើរការ នៅក្នុងអំឡុងខែ មិថុនា ឆ្នាំ២០២៣ខាងមុខនេះ ដោយបង្កើតការងារជិតមួយពាន់នាក់ និងដំណើរការសង្វាក់ផលិតឱ្យបាន ៧០ម៉ឺនគូរក្នុងមួយខែ សម្រាប់នាំចេញទៅកាន់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។
តាមរយៈកំណើននៃគម្រោងបង្កើតឧស្សាហកម្មរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ជាបន្តបន្ទាប់នេះ បានធ្វើឱ្យខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មប្រមាណ ៣ម៉ឺននាក់បន្ថែម ដើម្បីពន្លឿនសង្វាក់ផលិតកម្ម។
បើទោះជាខេត្តនេះ មានគម្រោងបង្កើតរោងចក្រច្រើនយ៉ាងណាក្តី ក៏លោក វ៉ី សំណាង នៅតែបន្តធ្វើទំនាក់ទំនងជាមួយវិនិយោគិនពីខាងក្រៅ ដើម្បីទទួលបានគម្រោងថ្មីៗបន្ថែមទៀត។ ជាក់ស្តែង លោកអភិបាលខេត្ត បានបង្ហើបប្រាប់ថា នៅចុងខែ មីនា នេះ លោកនឹងអញ្ជើញទៅទីក្រុងហុងកុង ដើម្បីធ្វើបទបង្ហាញអំពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺទៅដល់អ្នកវិនិយោគិន ចំនួន ១២០ក្រុមហ៊ុន ដែលមានការចាប់អារម្មណ៍ចង់វិនិយោគគម្រោងនានា។ លោក អភិបាលខេត្តរំពឹងថា ក្រោយជំនួបនេះ នឹងមានរោងចក្រសហគ្រាសជាច្រើន បង្កើតឡើងនៅទឹកដីខេត្តកំពង់ស្ពឺ និងផ្តល់ការងាររាប់ម៉ឺនកន្លែងបន្ថែមទៀត។ បើតាមលោក វ៉ី សំណាង គម្រោងនេះ លោកទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរួចហើយ។
សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺមានចម្ងាយប្រមាណ ៤៨ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តនេះ កំពុងមានសក្តានុពលខ្លាំងក្នុងផ្នែកឧស្សាហកម្មរោងចក្រ ដែលវិស័យនេះ បានជួយកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារយ៉ាងសំខាន់ នៅក្នុងប្រទេសកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី