សេដ្ឋកិច្ច
ជំនួបលើកដំបូង CDC និងសមាគមឧកញ៉ាកម្ពុជាប្រកាសធ្វើការរួមគ្នា ពង្រីកការធ្វើពាណិជ្ជកម្មនៅកម្ពុជា
កាលពីម្សិលមិញនេះ មានជំនួបជាលើកដំបូងរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលក្នុងជំនួបនេះមានការប្រកាសរួមគ្នាក្នុងភាពជាដៃគូ ក្នុងការជំរុញលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងពង្រីកកំណើនការវិនិយោគនៅកម្ពុជា។
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានថ្លែងថា កន្លងមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានធ្វើការជាមួយវិស័យឯកជនជាច្រើន ដូចជាសភាពាពិជ្ជកម្មកម្ពុជាជាដើម ប៉ុន្តែកិច្ចការដែលគ្រោងធ្វើជាមួយសមាគមឧកញ៉ានៅពេលខាងមុខ នឹងមិនជាន់គ្នាទៅនឹងសកម្មភាពរបស់សភាពាណិជ្ជកម្មឡើយ។

លោកបញ្ជាក់ថា ក្នុងភាពជាដៃគូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា នឹងធ្វើសកម្មភាពរួមគ្នា ក្នុងភាពជាដៃគូ ជំរុញកំណើនវិនិយោគនៅស្រុក និងទាក់ទាញវិនិយោគបរទេស ដើម្បីកម្ពស់ការធ្វើពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា។
លោកបន្តថា សមាគមឧកញ៉ាកម្ពុជា គឺជាដៃគូថ្មីមួយបន្ថែមទៀត ក្នុងការជួយដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទាក់ទាញវិនិយោគិនបរទេស និងពង្រីកកំណើនវិនិយោគនៅកម្ពុជា។
ក្នុងជំនួបដែលធ្វើជាលើកដំបូង ភាគីទាំងពីរបានពិនិត្យទៅលើកិច្ចការដែលត្រូវធ្វើជាមួយគ្នា ក្នុងការផ្តើមជំរុញលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងរៀបចំនូវសេចក្តីព្រាងអនុស្សារណៈ ដែលមានបញ្ជាក់ពីគោលបំណងនៃកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីធ្វើរួមគ្នា ដើម្បីផ្សព្វផ្សាយទាក់ទាញវិនិយោគិន។
លោក សុខ ចិន្តាសោភា បានអះអាងថា វត្តមានសមាគមឧកញ៉ាកម្ពុជា មានសារៈសំខាន់ណាស់ក្នុងការជួយទាក់ទាញវិនិយោគិនបរទេស ព្រោះជាទូទៅអ្នកវិនិយោគពីបរទេស ដែលមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា តែងតែជួបជាមួយស្ថាប័នរដ្ឋ ស្ថានទូតរបស់គេ ប៉ុន្តែក្នុងនោះគេក៏ចង់ជួបជាមួយធុរជនក្នុងស្រុកដែរ ដើម្បីស្វែងយល់ឬសហការគ្នា។

សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) បានចុះបញ្ជីជាសមាគមស្របច្បាប់ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ បច្ចុប្បន្នសមាគម មានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម។
ស.ឧ.ក ត្រូវបានដឹកនាំ និងតម្រង់ទិសដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៣២រូប ដែលមានអាណត្តិ ៥ ឆ្នាំ ហើយការងារប្រចាំថ្ងៃត្រូវបានអនុវត្តដោយអគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គលេខាធិការ ១រូប។
អ្នកទទួលបានគោរមងារឧកញ៉ា ឬអ្នកឧកញ៉ា តាមរយៈព្រះរាជក្រឹត្យដែលប្រោសប្រទាន ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អាចដាក់ពាក្យសុំចូលជាសមាជិក ស.ឧ.ក បានដោយបំពេញនូវលក្ខខណ្ឌ ដែលមានចែងក្នុងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ ស.ឧ.ក៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ