ព័ត៌មានជាតិ
ស្ពានបុរាណមានអាយុកាលជិត៩០០ឆ្នាំត្រូវបានជួសជុលជាលើកដំបូង
ស្ពានតាអោងឬតាអុង មានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានបុរាណចំនួន២៣លើដងផ្លូវបុរាណពីអង្គរទៅបាកាណ (ព្រះខ័នកំពង់ស្វាយ)។ សព្វថ្ងៃស្ពានបុរាណនេះមានសភាពទ្រុឌទ្រោមខ្លាំងដែលបង្កឡើងពីកត្តាមនុស្សនិងធម្មជាតិ ធ្វើឲ្យផ្នែកជាច្រើនរបស់ស្ពានបុរាណបានប្រេះញែកចេញពីគ្នា ហើយនៅផ្នែកកណ្តាលតួស្ពានសងខាង ថ្មមួយចំនួនបានរលុះធ្លាក់ និងផ្នែកផ្សេងទៀតកំពុងប្រឈមនឹងការរលុះធ្លាក់ដែរ។

តាមការបញ្ជាក់របស់លោក ពុទ្ធ សុទ្ធ មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងជាប្រធានគម្រោងជួសជុលស្ពានតាអោង បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរាផ្តើមគម្រោងជួសជុលដំណាក់កាលទី១នេះចំនួន២ចំណុចសំខាន់ៗ គឺនៅជញ្ជាំងស្ពានផ្នែកខាងជើងដែលបានរលុះធ្លាក់ និងមានរហែកធំចេញក្រៅប្រឈមនឹងការរលុះធ្លាក់។ ក្រុមការងារនឹងធ្វើសម្រង់ប្លង់ ចុះបញ្ជីថ្ម ការជួសជុលថ្ម ការរៀបចំពង្រឹងជើងសសរថ្ម ដែលរលុះធ្លាក់ឡើងវិញ ការបង្ហាប់ដីកន្លែងច្រោះនៅគល់ស្ពានខាងលិចនិងការរៀបចំបង្កាន់ដៃនាគ ដាក់ចូលតាមទីតាំងដើមឡើងវិញ។

ចំពោះប្រវត្តិនិងចំណុចសំខាន់នៃស្ពានបុរាណមួយនេះ លោក ពុទ្ធ សុទ្ធ បានប្រាប់ថា ស្ពានតាអោងឬតាអុង មានបណ្តោយប្រវែង៧០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធត្រដេវចំនួន១៤។ រន្ធត្រដេវនីមួយៗមានទទឹងប្រវែង២ម៉ែត្រ និងកម្ពស់៦ម៉ែត្រ។ ស្ពាននេះធ្វើអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃនាគក្បាល៩និងមានព្រះពុទ្ធសមាធិនៅចំកណ្តាលក្បាលនាគធ្វើអំពីថ្មភក់។ ចំពោះកាលបរិច្ឆេទនៃស្ពាននេះ គេពុំដឹងច្បាស់ថាវាចាប់ផ្តើមកសាងឡើងក្នុងរាជ្យណាទេ គឺគ្រាន់តែដឹងជាទូទៅថាស្ពាននេះសាងឡើងនាសម័យអង្គរ។ ប៉ុន្តែបើមើលលើចម្លាក់បង្កាន់ដៃនាគ គេអាចដឹងថា វាស្ថិតក្នុងរចនាបថបាយ័ន្ត (ឆ្នាំ១១៨១-១២២០នៃគ្រិស្តសករាជ)។

សូមបញ្ជាក់ថា ស្ពានបុរាណដែលមានអាយុកាលជិត៩០០ឆ្នាំនេះ បានប្រារព្ធពិធីប្រុងពលីសែនបួងសួងសុំសេចក្តីសុខចម្រើននិងជោគជ័យក្នុងការជួសជុលលើកដំបូងក្នុងប្រវត្តិសាស្ត្រ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដែលមានឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងសហការី រួមនឹងលោកអភិបាលស្រុក មន្ត្រីសាលាស្រុក មេឃុំ មេភូមិ កងរាជអាវុធហត្ថ និងប្រជាជនដែលរស់នៅក្នុងភូមិជាច្រើននាក់បានចូលរួមឲ្យពរជ័យ។ គម្រោងជួសជុលស្ពានបុរាណនេះ បានប្រើថវិកាមូលនិធិរបស់អាជ្ញាធរជាតិអប្សរា ហើយនឹងបញ្ចប់គម្រោងនៅខែមិថុនា ឆ្នាំ២០២១៕
អត្ថបទ ៖ គឿនវេត





-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់