ព័ត៌មានជាតិ
គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ ខេត្តបាត់ដំបងឡើងវិញ ឈានដល់ការបោះបង្គោលកំណត់ព្រំដីហើយ
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញថា រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៏ព្រលានយន្តហោះ ខេត្តបាត់ដំបងឡើងវិញ ឈានដល់ការបោះបង្គោលកំណត់ព្រំដីហើយ និងរង់ចាំការសម្រេចពីគណៈកម្មការ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។

លោក សឿម ប៊ុនរិទ្ធិ បានថ្លែងថា ទាក់ទងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ ខេត្តបាត់ដំបងនេះ លោកធ្លាប់បានចូលរួមនៅក្នុងកិច្ចប្រជុំ នៅទីស្ដីការគណៈរដ្ឋមន្ត្រីម្តងរួចហើយ។ ជាមួយគ្នានោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងពិធីបុណ្យទន្លេខេត្តបាត់ដំបង កាលពីឆ្នាំ២០២០កន្លងទៅ ក៏បានលើកឡើងពីបញ្ហានេះដែរ ហើយបានជូនទៅសម្ដេចក្រឡាហោម ស ខេង ក៏ដូចជាអភិបាលខេត្ត និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ដើម្បីពិនិត្យលើបញ្ហានេះ។ បើតាមលោកអភិបាលរង នៅក្នុងកិច្ចប្រជុំជាមួយលោក ឆឺយ រឿន ដោយផ្អែកទៅតាមអនុសាសន៍របស់សម្ដេចតេជោនោះ គឺត្រៀមនឹងបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដើម្បីសិក្សាលើបញ្ហាព្រលានយន្តហោះនៅខេត្តបាត់ដំបងនេះ ប៉ុន្តែចំពោះបញ្ហានេះ រដ្ឋបាលខេត្តបានធ្វើការមួយជំហានហើយ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល គឺការរៀបចំចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ នៅក្បែរព្រលានយន្តហោះនេះ។ លោកបញ្ជាក់ថា នៅពេលចុះបញ្ជីដីធ្លីជាប្រព័ន្ធនោះ គឺបានខ្វៀលដីព្រលានយន្តហោះរក្សាទុករួចហើយ គឺមានន័យថា ចំណុចណា ដែលជាដីរបស់ព្រលានអាជ្ញាធរ នឹងមិនចុះបញ្ជីឲ្យប្រជាពលរដ្ឋនោះទេ។

បើតាមលោក សឿម ប៊ុនរិទ្ធិ ផ្ទៃដីព្រលានយន្តហោះខេត្តបាត់ដំបង មិនមែនស្ថិតនៅតែក្នុងក្រុងបាត់ដំបងជាមួយទេ គឺជាប់ទៅនឹងស្រុកសង្កែមួយទៀត ហើយកន្លងមកនេះ រដ្ឋបាលខេត្តក៏បានបង្កើតគណៈកម្មការមួយចុះធ្វើអត្តសញ្ញាណមនុស្ស និងដីជាក់ស្ដែងផងដែរ ដែលមកដល់ពេលនេះ បានឈានទៅដល់ការបោះបង្គោលព្រំដី ដើម្បីឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដាំបង្គោលកំណត់ព្រំដីរដ្ឋ។
ទោះជាយ៉ាងណាលោកអភិបាលរងអះអាងថា ប្រជាពលរដ្ឋ ដែលទៅធ្វើស្រែនៅលើដីព្រលានយន្តហោះនោះ នៅតែមានបំណងទាមទារឲ្យរដ្ឋដោះស្រាយគោលនយោបាយសម្រាប់ពួកគាត់ ដោយពួកគាត់នៅតែចិញ្ចឹមចិត្តទាមទារសំណងបែបនេះ ប៉ុន្តែរដ្ឋបាលខេត្តបានបញ្ជាក់ប្រាប់គាត់រួចហើយថា ដីនេះ គឺជាដីសាធារណៈរបស់រដ្ឋ។ លោកថា ប្រជាពលរដ្ឋក៏បានយល់ពីបញ្ហានេះដែរ ប៉ុន្តែគាត់នៅតែចិញ្ចឹមចិត្តក្នុងការទាមទារ ដើម្បីដោះស្រាយគោលនយោបាយផ្សេងៗ។ កន្លងមកអាជ្ញាធរបានធ្វើការអប់រំពួកគាត់រួចហើយ ដោយអាជ្ញាធរចុះទៅកាន់ទីតាំងនោះ ដើម្បីបញ្ជាក់ប្រាប់ពួកគាត់។
ដោយឡែកទាក់ទងទៅនឹងបញ្ហាគោលនយោបាយរបស់រដ្ឋាភិបាល ដែលនឹងត្រូវបង្កើតព្រលានយន្តហោះនេះ នៅពេលណា ? ឬត្រូវធ្វើយ៉ាងណាចំពោះព្រលានយន្តហោះនេះ លោក សឿម ប៊ុនរិទ្ធិ អះអាងថា វាអាស្រ័យទៅលើគណៈកម្មការដែលគ្រោងនឹងបង្កើតឡើងនៅពេលខាងមុខថា តើត្រូវពង្រីកព្រលានយន្តហោះនេះបែបម៉េច ឬត្រូវធ្វើព្រលាននេះឲ្យទៅជាព្រលានក្នុងស្រុកមួយ ដែលអាចទទួលបាននូវការចុះចតរបស់យន្តហោះកម្រិតណា ? គឺស្ថិតនៅលើរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាមួយនឹងគណៈកម្មការ ដែលត្រូវនឹងបង្កើតឡើងនាពេលខាងមុខ។ ចំណែកអាជ្ញាធរខេត្ត មកដល់ថ្ងៃនេះ បានត្រឹមតែសម្របសម្រួល ដើម្បីបោះបង្គោលព្រំដីព្រលានយន្តហោះតែប៉ុណ្ណោះ ដើម្បីចៀសវាងកុំឲ្យប្រជាពលរដ្ឋចេះតែ ចូលធ្វើស្រែ និងកាន់កាប់បន្ថែមទៀត។
ទាក់ទងបញ្ហានេះដែរ បើតាមលោកអភិបាលរងខេត្ត ខាងលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលក៏បានស្នើឲ្យរដ្ឋបាលខេត្ត សិក្សាបង្វែរលូរំដោះទឹក ដែលកាត់តាមព្រលានយន្តហោះនេះចេញផងដែរ ពីព្រោះបច្ចុប្បន្ននេះ ទីក្រុងបានរីកទៅដល់ព្រំព្រទល់ព្រលានយន្តហោះទៅហើយ គឺរីកទាំងផ្នែកខាងកើត ខាងជើង និងខាងត្បូង។ ជាពិសេសផ្នែកខាងលិច កាន់តែរីកធំទៅធំទៅទៅ ដូច្នេះរដ្ឋបាលខេត្ត នឹងធ្វើការបន្ថែមទាក់ទងនឹងបញ្ហានេះ ជាមួយគណៈកម្មការដែលគ្រោងនឹងបង្កើតដល់ពេលខាងមុខ។

សូមបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ លោក តិក សាលី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបើកិច្ចប្រជុំមួយទាក់ទងបញ្ហាព្រលានយន្តហោះខេត្តបាត់ដំបង ដោយបានបញ្ជាក់ អំពីគោលបំណងសំខាន់ នៃការចុះស្រង់ស្ថិតិទិន្នន័យដីជុំវិញបរិវេណអាកាសយាន្តដ្ឋានវាលបែកចាន ឬព្រលានយន្តហោះខេត្តបាត់ដំបង ដើម្បីដំណើរការជួសជុលចំណតយន្តហោះនេះ ឡើងវិញ សម្រាប់បម្រើការងារហោះហើរចុះឡើងនៅខេត្តបាត់ដំបង។
ចំណែកលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានអះអាងថា អាជ្ញាធរខេត្ត នឹងចូលរួមសហការជាមួយគណ:កម្មការចម្រុះ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីចុះស្រង់ស្ថិតិលើបរិវេណដីជុំវិញព្រលានយន្តហោះក្នុងខេត្តបាត់ដំបងនេះ ហើយក៏បានកំណត់ថ្ងៃជាក់លាក់មួយ ដើម្បីចុះស្រង់ស្ថិតិអំពីផលប៉ះពាល់នានា នៅលើដីចំណតអាកាសយានដ្ឋានបែកចាន ឬព្រលានយន្តហោះក្នុងខេត្តបាត់ដំបងផងដែរ។
គួររំលឹកថា គម្រោងដំណើរការឡើងវិញចំណតអាកាសយាន្តដ្ឋានខេត្តបាត់ដំបងនេះ ត្រូវធ្វើឡើងក្រោយពីសម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅពិធីបុណ្យទន្លេ នៅខេត្តបាត់ដំបងកាលពីឆ្នាំ២០២០កន្លងទៅ ដោយបានស្នើទៅលោកអភិបាលខេត្ត និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវជូនដំណឹងដល់ពលរដ្ឋ ហាមមិនឲ្យសាងសង់សំណង់ខ្ពស់ៗនៅកៀកនឹងតំបន់ព្រលានយន្តហោះបែកចាន (ព្រលានយន្តហោះខេត្តបាត់ដំបង) ឡើយ ព្រោះអាចប៉ះពាល់ដល់គម្រោងសាងសង់ព្រលានយន្តហោះពេលអនាគត។

សម្តេចបញ្ជាក់នៅពេលនោះថា ទោះបីព្រលានយន្តហោះខេត្តបាត់ដំបង មិនអាចក្លាយជាព្រលានយន្តហោះអន្តរជាតិក្តី តែបើពេលខាងមុខកម្រិតជីវភាពរបស់ពលរដ្ឋខ្មែរ មានភាពរីកចម្រើននោះ តម្រូវការធ្វើដំណើរក្នុងប្រទេសនឹងកើនខ្ពស់ ឯការធ្វើដំណើរតាមផ្លូវអាកាស ក៏នឹងមានច្រើន ដូច្នេះត្រូវរៀបផែនការសម្រាប់ការងារនេះទុកជាមុន។
ព្រលានយន្តហោះខេត្តបាត់ដំបង បានផ្តើមបើកដំណើរការដំបូងនាអំឡុងឆ្នាំ១៩៦៧ ហើយត្រូវបិទដំណើរការទាំងស្រុងត្រឹមឆ្នាំ១៩៧៥ ខណៈរបបខ្មែរក្រហម កាន់កាប់អំណាច នារបបកម្ពុជាប្រជាធិបតេយ្យ។ ក្រោយរបបនេះបានដួលរលំ ព្រលានយន្តហោះខេត្តបាត់ដំបង ក៏ត្រូវបើកដំណើរការឡើងវិញ ប៉ុន្តែបម្រើឲ្យតែវិស័យអាកាសចរណ៍យោធាប៉ុណ្ណោះ ក្រោយមកទៀត នៅអំឡុងឆ្នាំ១៩៩១ ចំណតអាកាសយានដ្ឋាននេះត្រូវបិទដំណើរការរហូតបច្ចុប្បន្ន៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ មណ្ឌលគិរី នឹងមានថាមពល អគ្គិសនីដើរ ដោយកម្លាំងខ្យល់ ១០០មេហ្វាវ៉ាត់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ